ក្នុងពេលឆាប់ៗខាងមុននេះខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវប្រទេសថៃ នឹងមានច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀនមួយបន្ថែមទៀត សម្រាប់បម្រើការធ្វើដំណើរ និងដឹកជញ្ជូនទំនិញចេញចូលរវាងខេត្តទាំងពីរ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម សេក សុខុម អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ មកទល់ពេលនេះច្រកព្រំដែនអន្តរជាតិនេះសម្រេចការសាងសង់បានប្រមាណ៨០% ដោយគ្រោងបញ្ចប់ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ ខាងមុខនេះ។ បច្ចុប្បន្នភាគីថៃបានបញ្ចប់ការសាងសង់ជាស្ថាពរហើយ នៅឡើយតែខាងកម្ពុជា ដែលកំពុងសម្រុកការសាងសង់អគារការិយាល័យគយ និងអគារមួយចំនួន។
អ្នកនាំពាក្យរូបនេះជឿជាក់ថា ក្រោយច្រកព្រំដែនអន្តរជាតិនេះត្រូវបានដាក់ឲ្យដំណើរការវានឹងជួយធ្វើឲ្យការដឹកជញ្ជូនទំនិញចេញចូលរវាងខេត្តទាំងពីរកាន់តែមានភាពល្អប្រសើរនិងលឿនជាងមុន ដ្បិតច្រកព្រំដែនអន្តរជាតិនេះមានទំហំធំជាងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ បន្ថែមលើនេះច្រកនេះ ក៏នឹងរួមចំណែកជួយជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរមួយកម្រិតទៀតផងដែរ។
ស្រដៀងគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាជឿជាក់ថា នៅពេលច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀនដាក់ឲ្យដំណើរការវានឹងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃឲ្យមានការកើនឡើងមួយកម្រិតទៀត។ ព្រោះលោកសង្កេតឃើញថា បើទោះបីកន្លងមកកម្ពុជា និងថៃបានទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ តែការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានភាពល្អប្រសើរ និងមានការកើនឡើងគួរឲ្យកត់សម្គាល់។
គួរបញ្ជាក់ផងថា ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀនបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយមានទុនវិនិយោគជាង២៦លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានរបស់រាជរដ្ឋាភិបាលថៃ។ តាមគម្រោងច្រកព្រំដែនអន្តរជាតិនេះសាងសង់ឡើងសម្រាប់បម្រើឲ្យតែការដឹកជញ្ជូនទំនិញតែប៉ុណ្ណោះ ខណៈច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតសម្រាប់បម្រើឲ្យការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។ តាមពិតច្រកព្រំដែនអន្តរជាតិស្ទឹងបត់ គ្រោងដាក់ឲ្យដំណើរការសាកល្បងតាំងពីអំឡុងខែកក្កដា មកម្ល៉េះ តែត្រូវបានពន្យារពេលមកបច្ចុប្បន្នដោយសារវិបត្តិកូវីដ-១៩៕