ទោះបីជា កម្ពុជា នៅមិនទាន់រួចផុតពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវកូវីដ-១៩ក៏ដោយចុះ តែ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ឆ្នាំនេះកម្ពុជា អាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឡើងវិញបានដូចធម្មតា។ ថ្លែងនាឱកាសអញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង នាថ្ងៃទី២៨ ខែមីនា សម្ដេច ហ៊ុន សែន បានលើកឡើងបន្ថែមទៀតថា ការអនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ដោយសារតែសម្ដេចសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជា ស្ទើរ១០០ភាគរយ ក្នុងចំណោមប្រជាជនសរុប ១៦លាននាក់ សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់២ដូស ម្យ៉ាងវិញទៀត នារយៈពេលចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅកម្ពុជា ក៏ហាក់មានការថមថយគួរឲ្យកត់សម្គាល់ផងដែរ បើប្រៀបទៅនឹងបណ្ដាប្រទេសដទៃក្នុងតំបន់។
ជាក់ស្ដែង យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមីនា ករណីឆ្លងកូវីដ-១៩ នៅកម្ពុជា មានតែជាង ៥០នាក់ ប៉ុណ្ណោះ ខណៈមិនមានអ្នកស្លាប់ដោយសារកូវីដ១៩នោះទេ។ ទោះជាបែបនេះក្ដី សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏មានការព្រួយបារម្ភខ្លះដែរ អំពីបញ្ហាសាំងឡើងថ្លៃ ដែលបណ្ដាលមកពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដ្បិតថា ប្រេងសាំងឡើងថ្លៃ វាអាចជាការដាក់សម្ពាធបន្ថែមលើការចំណាយរបស់ពលរដ្ឋ។
ទោះជាបែបនេះក្ដី សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៀតថា បញ្ហាសាំងឡើងថ្លៃក៏មិនមែនជាបញ្ហាប្រឈមខ្លាំងឡើយ សម្រាប់ពលរដ្ឋកម្ពុជា ក្នុងការធ្វើដំណើរកម្សាន្ត ឬទៅស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំ ដោយសម្ដេចបានអះអាងថា មកដល់ពេលនេះ សណ្ឋាគារក្នុងខេត្តព្រះសីហនុ ត្រូវបានភ្ញៀវទេសចរ កក់រួចអស់ទៅហើយ សម្រាប់សម្រាកកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
ជុំវិញបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភខ្លះដែរ អំពីការឡើងខ្ពស់នៃតម្លៃប្រេងសាំង នាពេលបច្ចុប្បន្ន ថាអាចនឹងជាបន្ទុកបន្ថែមលើជីវភាពពលរដ្ឋកម្ពុជា ពិសេសការធ្វើដំណើររបស់ពលរដ្ឋ អំឡុងបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ តែម្ដង។ បើតាមបណ្ឌិត ហុង វណ្ណៈ បច្ចុប្បន្ន ទាំងតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត នៅតែមានតម្លៃខ្ពស់ ពិសេសតម្លៃប្រេងលើទីផ្សារអន្តរជាតិ មិនទាន់មានការថមថយនៅឡើយ ដែលអាចជះឥទ្ធិពលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខ។ ជាមួយគ្នានេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ ក៏បានក្រើនរំលឹកផងដែរ ដល់ប្រជាពលរដ្ឋខ្មែរ ឲ្យគិតគូពិចារណាឲ្យបានល្អិតល្អន់ ក្នុងការចំណាយណាដែលចាំបាច់ ចៀសវាងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនៃសង្គ្រាមឈ្លានពានរបស់រុស្សី ទៅលើអ៊ុយក្រែន បានធ្វើឲ្យតម្លៃប្រេងលើពិភពលោកឡើងខ្ពស់ជាបន្តបន្ទាប់ រួមទាំងតម្លៃប្រេងនៅកម្ពុជា ផងដែរ។ ជាក់ស្ដែង យោងតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ន តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានកើនឡើងដល់ ៥.៣០០រៀលក្នុងមួយលីត្រ។ យ៉ាងណាមិញ កាលពីពេលថ្មីៗ អន្តរក្រសួង គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល បានព្រមានផងដែរ លើស្ថានីយលក់រាយប្រេងឥន្ធនៈណា ដែលមិនដាក់លក់សាំងធម្មតា និងប្រេងម៉ាស៊ូត សម្រាប់លក់ជាប្រចាំ ហើយលក់តែប្រេងសាំងស៊ុបពែរតែមួយមុខ និងលក់លើសពីតម្លៃកំណត់ នឹងត្រូវរងការពិន័យចំនួន ៤លានរៀល ហើយប្រសិនបើមិនរៀលចាល នឹងត្រូវបិទអាជីវកម្ម តែម្ដង។ ការព្រមានរបស់អន្តរក្រសួង បែបនេះ បន្ទាប់ពីមានស្ថានីយប្រេងឥន្ធនៈ មួយចំនួន បានលក់តែប្រេងសាំងស៊ុបពែរ ហើយក៏មានស្ថានីយខ្លះ បានលក់សាំងលើសពីតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់៕