ការកកស្ទះទំនិញនៅព្រំដែនចិន-វៀតណាម

អ្នកជំនាញ៖ ការកកស្ទះការដឹកជញ្ជូនទំនិញតាមព្រំដែនចិន និងវៀតណាម មិនជះឥទ្ធិពលអាក្រក់ខ្លាំងដល់កម្ពុជា ដូចករណីប្រេងឡើងថ្លៃនោះឡើយ


ប្រទេសចិន និងវៀតណាម បច្ចុប្បន្នកំពុងប្រឈមមុខនឹងការឆ្លងមេរោគកូវីដ១៩កាន់តែខ្លាំង ខណៈដែលការអនុវត្តវិធានការតឹងរ៉ឹងពិសេសនៅប្រទេសចិន គឺបន្ដធ្វើឡើងកាន់តែខ្លាំងផងដែរ ដែលវាបាននិងកំពុងចោទជាបញ្ហាដល់ការដឹកជញ្ជូនទំនិញតាមរយៈព្រំដែននៃប្រទេសទាំងពីរនេះ។ កត្តានេះ ក៏បានជះឥទ្ធិពលដល់ការដឹកជញ្ជូនទំនិញទៅមករវាងប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនផងដែរ។ ប៉ុន្ដែ បើតាមអ្នកជំនាញ បញ្ហានេះ នៅមិនទាន់ជះឥទ្ធិពលខ្លាំងដូចនឹងបញ្ហាប្រេងឥន្ធនៈឡើងថ្លៃនាពេលថ្មីៗនេះនោះទេ។
រូបតំណាង៖ រថយន្តដឹកជញ្ជូនទំនិញកុងតឺន័រកកស្ទះ

ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​របស់​ចិន​ធំ​មួយ​គឺ ZTO ដែល​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា ថ្មី​ៗ​នេះ បាន​ប្រកាស​ពី​ការ​កកស្ទះ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវគោក​នៅ​តាម​ព្រំដែន​ចិន​-​វៀតណាម ក្រោយ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​កំពង់​ផែ​មួយ​ចំនួន ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​។

ទោះជា​បែប​នេះ​ក្ដី អ្នកជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក​នៅ​កម្ពុជា​អះអាង​ថា ការ​កកស្ទះ​ទំនិញ​នៅ​តាម​ច្រកព្រំដែន​រវាង​វៀតណាម និង​ចិន​នេះ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ដោះ​ដូរ និង​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជា​នោះ​ទេ គ្រាន់តែ​ធ្វើ​ឲ្យ​មានការ​ភាពយឺត​យ៉ាវ​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​រហ័ស​ជា​កញ្ចប់​តូច​ៗ​តែ​ប៉ុណ្ណោះ​។ ប៉ុន្ដែ អ្នកជំនាញ​កត់សម្គាល់​ឃើញ​ថា ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​យ៉ាង​គំហុក​នា​ពេល​បច្ចុប្បន្ន​នេះ​ទៅ​វិញ​ទេ ដែល​កំពុង​ជំរុញ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​កើនឡើង និង​បង្ក​ឲ្យ​មានការ​រអាក់រអួល​ក្នុង​ការ​ដឹក​ជញ្ជូន​មួយ​ចំនួន​។

បញ្ហា​ដឹក​ញ្ជូ​ន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រវាង​វៀតណាម និង​ចិន បាន​និង​កំពុង​ជួប​ការ​កង​ស្ទះ​ជា​ថ្មី​ទៀត​ហើយ នៅ​គ្រា​ដែល​ប្រទេស​ចិន​កំពុង​ជួប​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩​កាន់តែ​ខ្លាំង និង​មានការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ផង​ដែរ​។ បញ្ហា​នេះ ក៏​ជះ​ឥទ្ធិពល​ដល់​វិស័យ​ដឹក​ញ្ជូ​ន​ទំនិញ​កម្ពុជា​ផង​ដែរ តួយ៉ាង ថ្មី​ៗ​នេះ ក្រុមហ៊ុន​ដឹក​ញ្ជូ​ន​របស់​ចិន ដែល​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា ZTO បាន​ប្រកាស​អំពី​ការ​ពន្យារពេល​ដឹក​ជញ្ជូន ដោយសារ​តែ​បញ្ហា​រឹត​បន្ដឹង​តាម​ព្រំដែន កំពង់​ផែ​ចិន និង​វៀតណាម​។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ត​មា​ផ្លូវគោក​ពី​ចិន​មក​កម្ពុជា​នឹង​មាន​សភាព​យឺតយ៉ាវ​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​ក្រុមហ៊ុន ZTO​។

យ៉ាងណា​ក៏​ដោយ​ចុះ ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​រាំងស្ទះ​ទំនិញ​នៅ​ព្រំដែន​ចិន​-​វៀតណាម​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​កញ្ចប់​រហ័ស ZTO មិន​បាន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​មក​លើ​វិស័យ​ដឹក​ជ​ញ្ចូ​ន​ទំនិញ​របស់​កម្ពុជា​នោះ​ទេ​។ ព្រោះថា ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​ភាគច្រើន​ធ្វើ​ឡើង​តាម​ផ្លូវទឹក ខណៈ​ទំនិញ​របស់​ក្រុមហ៊ុន ZTO ដែល​បាន​កកស្ទះ គឺ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​។ 

ប៉ុន្តែ​អ្នកជំនាញ​រូប​នេះ អះអាង​ថា អ្វី​ដែល​ជា​បញ្ហា​ចោទ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន គឺ​ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ ដែល​ធ្វើ​ឲ្យ​ថ្លៃ​ដឹក​ជញ្ជូន​ដែល​កំពុង​ថ្លៃ​ស្រាប់​បាន​កើនឡើង​មួយ​កម្រិត​ទៀត និង​បង្ក​ឲ្យ​មានការ​រអាក់រអួល​មួយ​ចំនួន​ដោយសារ​កង្វះ​ប្រេងឥន្ធនៈ​ក្នុង​ការ​ផ្គត់ផ្គង់​ឲ្យ​វិស័យ​នេះ​។

ស្រ​ដៀង​គ្នា​នេះ​ដែរ​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន​ទំនិញ​បាន​គូសបញ្ជាក់​ថា ការ​កកស្ទះ​ទំនិញ​នៅ​ព្រំដែន​វៀតណាម​-​ចិន មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដោះ​ដូរ ឬ​ដឹក​ជញ្ជូន​ទំនិញ​ទ្រង់ទ្រាយ​ធំ​របស់​កម្ពុជា​នោះ​ទេ​។ ពោល​គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​មាន​ភាពយឺត​យ៉ាង​សម្រាប់​ការ​មក​ដល់​នូវ​ទំនិញ​លក្ខណៈ​កញ្ចប់​ៗ ដែល​ដឹក​ជញ្ជូន​រហ័ស​តែ​ប៉ុណ្ណោះ​។

លោក ជា ចាន់​ដា​រ៉ា កត់សម្គាល់​ឃើញ​ថា វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ និង​បញ្ហា​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​ជា​ពិសេស​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ជំរុញ​ឲ្យ​តម្លៃ​សកល​រួម​ទាំង​កម្ពុជា​បាន​ហក់​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ដែល​កំពុង​ចោទ​ជា​បញ្ហា​សម្រាប់​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក​របស់​កម្ពុជា​។ ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​យ៉ាង​គំហុក​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដំឡើង​ថ្លៃ​ចន្លោះ​ពី​៥% ទៅ​១០% បន្ថែម​ទៀត ដែល​ជំរុញ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន​កាន់តែ​ឡើង​ខ្ពស់​។ តែ​យ៉ាងណា​ការ​កើនឡើង​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​នោះ​ទេ​។

សូម​បញ្ជាក់​ថា ក្រោយ​រុ​ស្ស៊ី​វាយ​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​សកល រួម​ទាំង​កម្ពុជា បាន​ហក់​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ដែល​កំពុង​គំរាមកំហែង​ដល់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ក្នុង​ការ​ប្រឈម​នឹង​វិបត្តិ​អតិផរណា​។ ព្រោះថា​ក្រោយ​តម្លៃ​ថាមពល និង​ប្រេងឥន្ធនៈ​ឡើងថ្លៃ​បាន​ជំរុញ​តម្លៃ​ទំនិញ​មួយ​ចំនួន ក៏​បាន​ឡើងថ្លៃ​ទៅ​តាម​នោះ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឡើងវិញ ក្រោយផ្អាក២ឆ្នាំដោយសារកូវីដ១៩ ចំពេលប្រេងឥន្ធនៈកំពុងឡើងថ្លៃខ្ពស់

ព័ត៌មាន
បន្ទាប់ពីខកខានរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរអស់រយៈពេល២ឆ្នាំ ដោយសារតែការរំខាននៃជំងឺកូវីដ-១៩ នៅឆ្នាំនេះ ប្រមុខរាជរដ្ឋាភិប…

ក្រុមហ៊ុនចិនធំមួយបង្ហាញពីគោលបំណងវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជា

ព័ត៌មាន
ប្រទេសចិនមិនត្រឹមតែជាទីផ្សារកសិផលដ៏សំខាន់មួយរបស់កម្ពុជានោះទេ ប៉ុន្ដែ ថ្មីៗនេះ វិនិយោគិនចិនកាន់តែច្រើនក៏ចាប់ផ្ដើមមើលឃើញ និងសម្លឹងរកឱកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ