ប្រធានសមាគមស្វាយចន្ទីកម្ពុជារំពឹងថា តាមរយៈសន្និសីទនេះ មិនត្រឹមតែជំរុញការលើកកម្ពស់វិស័យស្វាយចន្ទីនៅកម្ពុជា និងបង្កើនការនាំចេញគ្រាប់ស្វាយចន្ទី ប៉ុណ្ណោះទេ ប៉ុន្ដែក៏អាចជាឪកាសសម្រាប់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិថែមទៀតផង។
ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងត្រៀមរៀបចំសន្និសីទស្វាយចន្ទីពិភពលោក ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នៅដើមឆ្នាំ២០២៤ ក្នុងគោលបំណង បង្កើតជំនួបរវាងអ្នកធ្វើការ និងរកស៊ីពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីទាំងជាតិ និងអន្តរជាតិ ដើម្បីបានស្វែងយល់ពីសក្តានុពលវិស័យស្វាយចន្ទី និងការដុះដាំដំណាំនេះនៅកម្ពុជា ព្រមទាំងជំរុញ និងទាក់ទាញវិនិយោគិន ដែលមានបំណងវិនិយោគ លើការកែច្នៃស្វាយចន្ទី។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា សន្និសីទនេះ នឹងមានប្រមាណ ៤០ប្រទេស នៅលើពិភពលោក ចូលរួម ដែលសុទ្ធសឹងជាអ្នកធ្វើការ និងរកស៊ីក្នុងវិស័យស្វាយចន្ទី ដូចជា អ្នកកែច្នៃ អ្នកដាំដុះ អ្នកនាំចេញ អ្នកលក់ឧបករណ៍កែច្នៃ និងវេចខ្ចប់ស្វាយចន្ទី ជាដើម។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញគំនិតសុទិដ្ឋនិយមថា តាមរយៈសន្និសីទ ស្វាយចន្ទីពិភពលោកនាដើមឆ្នាំ២០២៤ នឹងកាន់តែជំរុញនិងលើកកម្ពស់វិស័យស្វាយចន្ទីនៅកម្ពុជា ជំរុញការនាំចេញគ្រាប់ស្វាយចន្ទី ថែមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាផងដែរ។ ម្យ៉ាងវិញទៀត នេះ គឺជាឱកាសដ៏ល្អក្នុងការគៀគរនូវអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី ខណៈរដ្ឋាភិបាលបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យនេះ តាមរយៈការដាក់ចេញ នូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី និងច្បាប់វិនិយោគថ្មី ដើម្បីជំរុញឱ្យវិស័យស្វាយចន្ទី កាន់តែរីកចម្រើន បង្កើនការនាំចេញផលិតផលកែច្នៃ និងជំរុញឱ្យការកែច្នៃនៅកម្ពុជាកើនឡើង និងមាននិរន្តភាព។
បើតាមលោក អួន ស៊ីឡុត នៅឆ្នាំ២០២៣ សន្និសីទស្វាយចន្ទីពិភពលោក បានប្រារព្ធធ្វើឡើង នៅទីក្រុងឌុយបៃ នៃប្រទេសអារ៉ាប់រួម ដោយមានបណ្ដាប្រទេសជាច្រើនប្រមាណជាង ៤០ប្រទេសបានចូលរួម ដែលសុទ្ធសឹងជាប្រទេសដែលមានការផលិតស្វាយចន្ទី ក៏ដូចជា បណ្ដាអ្នកវិនិយោគ និងអ្នករកស៊ី ក្នុងវិស័យនេះ ផងដែរ។ ដោយឡែក សម្រាប់ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញក្ដីរំពឹងថា នឹងកាន់តែធ្វើឲ្យពិភពលោកស្គាល់ច្បាស់ពីកម្ពុជាថែមមួយកម្រិតទៀត ដែលជាប្រទេសដែលមានការផលិតស្វាយចន្ទីឆៅច្រើនបំផុតលើលោក។
យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ន ផ្ទៃដីដុះស្វាយចន្ទីនៅកម្ពុជា មានប្រមាណជាង ៧០ម៉ឺនហិកតា ។ កាលពីឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ នៅលើពិភពលោកមានប្រមាណជាង ៤លានតោន ក្នុងនោះ កម្ពុជាផលិតបានជាង ១លាន១៨ម៉ឺនតោន ស្មើនឹង២៤% នៃការផលិតសរុប ដែលធ្វើឱ្យកម្ពុជា ជាប់លេខ១ ដែលផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ ចំណែក នៅឆ្នាំ២០២២ កម្ពុជាផលិតបាន ៦៩ម៉ឺនតោន ស្មើនឹង១៦% ជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក។ ដោយឡែក នៅរយៈពេលឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាផលិតជាង ៦១ម៉ឺនតោន ក្នុងនោះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម ចំនួនជាង ៥៧ម៉ឺនតោន ទទួលបានទឹកប្រាក់ ៧៨៥លានដុល្លារអាមេរិក ៕