លោក លី ខឺឈាំង បានក្លាយជានាយករដ្ឋមន្ត្រីចិន កាលពីឆ្នាំ២០១៣ និងបានកាន់តំណែងកំពូលទីពីររបស់ប្រទេសដល់ទៅដប់ឆ្នាំ មុននឹងលាឈប់កាលពីខែឧសភា ឆ្នាំនេះ។ ការស្លាប់ភ្លាមៗរបស់អតីតមេដឹកនាំកំពូលទីពីររបស់ប្រទេសចិននេះ បានធ្វើឱ្យមនុស្សម្នាជាច្រើនក្នុងប្រទេស និងលើពិភពលោកមានការភ្ញាក់ផ្អើល ហើយពួកគេកំពុងគោរពវិញ្ញាណក្ខន្ធរបស់អ្នកមានកំណែទម្រង់និយមរបស់ចិនរូបនេះ។
ក្នុងការកាន់តំណែងនាយករដ្ឋមន្ត្រីមួយទសវត្សន៍មកនេះ លោក លី ខឺឈាំង បានជួយឱ្យប្រទេសសេដ្ឋកិច្ចធំទីពីរបស់ពិភពលោកមួយនេះ ហែលឆ្លងបញ្ហាប្រឈមធំៗដូចជាភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក និងជំងឺរាតត្បាតកូវីដ-១៩។
ដំណឹងនៃការស្លាប់របស់លោក លី ខឺឈាំង ត្រូវបានបង្ហោះព្រោងព្រាតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo និងបានទាក់ទាញអ្នកចូលមើលជាង១ពាន់លានដងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នៅលើការបង្ហោះនោះប៊ូតុង«ចូលចិត្ត» បានក្លាយជាទៅជាផ្ការីកដែលបង្ហាញពីការកាន់ទុក្ខ ហើយអ្នកប្រើប្រាស់ជាច្រើនបានបញ្ចេញមតិថា«ចូលរួមរំលែកទុក្ខ» ។ រីឯអ្នកខ្លះទៀតបានហៅការស្លាប់របស់លោថាជាការបាត់បង់ដ៏ធំសម្រាប់ជាតិចិនទាំងមូល។
ជាមួយគ្នានេះ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានថ្លែងថា រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានសម្តែងការចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក លី។ រីឯលោក Nicholas Burns ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសចិន ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក លី និងរដ្ឋាភិបាលចិន ព្រមទាំងប្រជាជនចិន តាមរយៈការសរសេរសារជាភាសាអង់គ្លេស និងភាសាចិន នៅលើបណ្តាញសង្គម Twitter ផងដែរ។
ស្ថានទូតជប៉ុនប្រចាំនៅប្រទេសចិន ក៏បានសម្ដែងការរំលែកទុក្ខរបស់ខ្លួននៅលើគេហទំព័រ Weibo ដោយរៀបរាប់ថា លោក លី ខឺឈាំង បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៨ ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។
វីដេអូជាច្រើនរបស់លោក លី ខឺឈាំង កំពុងត្រូវបានផ្សព្វផ្សាយពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ដែលក្នុងនោះរួមទាំងសុន្ទរកថារបស់លោកក្នុងអំឡុងសន្និសីទសារព័ត៌មាននៅសភាប្រជាជនជាតិ កាលពីឆ្នាំមុន ដែលពេលនោះ លោកបាននិយាយថា «គោលនយោបាយបើកចំហរប្រទេសរបស់ចិន នឹងមិនផ្លាស់ប្តូរទេ ដូចជាទន្លេយ៉ាងសេ និងទន្លេលឿន មិនវិលបកក្រោយដូច្នេះដែរ។
បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៣ លោក លី បានជំរុញឱ្យមានសេដ្ឋកិច្ចគ្រប់គ្រង់ដោយឯកជន ការវិនិយោគបរទេស និងសម្រួលនីតិវិធីរបស់រដ្ឋាភិបាលជាបន្តបន្ទាប់។ លោក ត្រូវបានគេមើលឃើញថា គឺជាអ្នកកំណែទម្រង់និយម និងចង់បើកចំហប្រទេសចិនឱ្យកាន់តែធំបន្ថែមទៀតទៅកាន់ពិភពលោក ខុសពីលោក ស៊ី ជិនពីង ដែលផ្តល់អាទិភាពដល់កម្មសិទ្ធិរដ្ឋ និងបទបញ្ញត្តិតឹងរ៉ឹង។
ការទទួលមរណភាពរបស់លោក លី ខឺឈាង នេះ ក៏ត្រូវបានគេមើលឃើញថា គឺកើតឡើងចំពេលដែលប្រទេសចិន កំពុងមានស្ថានភាពសេដ្ឋកិច្ចមិនសូវល្អនោះឡើយ ខណៈដែលថ្មីៗនេះរដ្ឋាភិបាល ដែលដឹកនាំដោយលោក ស៊ី ជីនពីង ក៏បានរុះរើក្បាលម៉ាស៊ីនដឹកនាំជាច្រើនផងដែរ។
គួរជម្រាបថា ក្នុងអាណត្តិចុងក្រោយរបស់លោក លោក លី បានប៉ុនប៉ងដឹកនាំក្បាលម៉ាស៊ីនសេដ្ឋកិច្ចចិនឱ្យមានសន្ទុះអំឡុងជំងឺរាតត្បាតកូវីដ-១៩ តែទីបំផុតការប្រឹងប្រែងប្រែជាអាសារបង់ ដោយសារតែគោលនយោបាយ«សូន្យកូវីដ» ដែលបានធ្វើឱ្យសេដ្ឋកិច្ចចិនដាំក្បាលចុះងើបពុះរួច។
យោងតាមលោកស្រី Yun Sun នាយកកម្មវិធីចិននៅមជ្ឈមណ្ឌល Stimson បាននិយាយថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក លី ខឺឈាំង បានធ្វើឡើងនៅក្នុងបរិបទដែលចិន បានរឹតបន្តឹងការគ្រប់គ្រងសេដ្ឋកិច្ច និងសង្គមឡើងវិញ ហើយជាយុគសម័យដែលសន្តិសុខ និងមនោគមវិជ្ជាបានយកឈ្នះលើការអនុវត្តសេដ្ឋកិច្ចជាអាទិភាពក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង ដូចជាវិធានការរឹងបន្តឹងសូន្យកូវីដនេះជាដើម៕