
ជាការកត់សម្គាល់របស់អ្នកជំនាញ រៀងរាល់ឆ្នាំកសិករភាគច្រើនតែងតែដាំដំណាំ ដែលមានភាគរយខ្ពស់ក្នុងការផ្សងប្រផ្នូលរបស់គោឧសភរាជ ដ្បិតពួកគេរំពឹងទទួលបានទិន្នផលខ្ពស់ តែយ៉ាងណាអ្នកជំនាញលើកទឹកចិត្តឱ្យមានការសិក្សាពីតម្រូវការ និងទីផ្សារបន្ថែមផងដែរ។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ពិធីច្រត់ព្រះនង្គ័លជាប្រពៃណីទំនៀមទម្លាប់ ដែលមានតាំងពីយូរយារណាស់មកហើយ តាមរយៈការប្រលែងគោឧសភរាជឱ្យទៅបរិភោគអារហារ ដែលគេរៀបចំឱ្យមានដូចជាគ្រាប់ធញ្ញជាតិ ស្មៅ ទឹក និងស្រាជាដើម ដើម្បីវាយតម្លៃពីការបង្កបង្កើនផល និងបញ្ហាផ្សេងៗ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ កសិករភាគច្រើនតែងតែដាំដំណាំតាមការផ្សងប្រផ្នូលនេះ ដ្បិតពួកគេរំពឹងទទួលបានទិន្នផលខ្ពស់។ តែយ៉ាងណាលោក ឈត ប៊ុនថង លើកទឹកចិត្តឱ្យកសិករមុនដាំដុះគួរសិក្សាពីតម្រូវការ និងទីផ្សារ និងផ្ទៀងផ្ទាត់ជាមួយស្ថាប័នជំនាញពាក់ព័ន្ធក្នុងវិស័យកសិកម្មជាមុនសិន ដើម្បីបញ្ចៀសបញ្ហាការចាល់កសិផល និងបញ្ហាទីផ្សារ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព កត់សម្គាល់ឃើញថា ការដាំដំណាំទាំងបីប្រភេទ មានស្រូវ ពោត និងសណ្ដែក តាមរយៈព្រាហ្មបុរោហិតបានផ្សងប្រផ្នូលវាជារឿងល្អ ដោយសារដំណាំពោតកំពុងមានតម្រូវការធ្វើចំណីសត្វ ហើយសម្រាប់សណ្ដែកអាចកែច្នៃធ្វើគ្រាប់ធញ្ញជាតិ ជាដើម។ ទន្ទឹមនឹងលើកទឹកចិត្តឱ្យកសិករសិក្សាពីទីផ្សារ និងតម្រូវការ អ្នកជំនាញរូបនេះ ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារជូនប្រជាពលរដ្ឋ ដើម្បីអាចឱ្យកសិករមានឱកាសនាំចេញកសិផលទាំងនេះទៅក្រៅប្រទេសផងដែរ។
គួរបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលទៅតាមការបរិភោគរបស់គោឧសភរាជ ក៏ដូចជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មឱ្យបានដឹងថារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។ ព្រះរាជប្បវេណី ដ៏សំខាន់នេះ ជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងតែស្តេចយាងជាព្រះរាជាធិបតីភាពដឹកនាំធ្វើតាំងពីបុរាណកាលរៀងមក ដើម្បីផ្សងមើលប្រផ្នូល និងសុំសេចក្តីសុខចម្រើនជូនដល់ប្រជានុរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា។ ការផ្សងប្រផ្នូលច្រត់ព្រះនង្គ័លនៅឆ្នាំនេះបានបង្ហាញថា គោឧសភរាជបានបរិភោគស្រូវ៩៥% ពោត៩៥% និងសណ្ដែក៨០% ក្នុងចំណោមអាហារទាំង៧មុខរួមមានស្រូវ ពោត សណ្តែង ល្ង ស្មៅ ទឹក និងស្រា។ តាមរយៈប្រផ្នូលនេះ ការបង្កបង្កើនផលស្រូវ ពោត និងសណ្តែកនឹងទទួលបានទិន្នផលល្អនៅឆ្នាំនេះ៕
អត្ថបទ៖ ជា ម៉ារ៉ា