សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីកើនកាន់តែលឿន

ធនាគារ ADB ព្យាករថា សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីកើនកាន់តែលឿន ដោយសារចិនបើកប្រទេសឡើងវិញ


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយនៅក្នុងរបាយការណ៍មួយថា កំណើនសេដ្ឋកិច្ចនៅតាមប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោមួយចំនួននៅតំបន់អាស៊ី នឹងមានសន្ទុះកើនឡើងកាន់តែរហ័សនៅឆ្នាំនេះ ដោយសារតែការបើកព្រំដែនប្រទេសចិនឡើងវិញ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែន និងភាពចលាចលវិស័យធនាគារនៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានបង្ហាញពីហានិភ័យដែលកំពុងកើតឡើងជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន នីគីអេស៊ា។
ធនាគារ ADB ព្យាករថា សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីកើនកាន់តែលឿន ដោយសារចិនបើកប្រទេសឡើងវិញ

ផលិតផលក្នុងស្រុកសរុបរបស់«​​អាស៊ី​ដែល​កំពុង​អភិវឌ្ឍន៍​» ត្រូវ​បាន​ព្យាករថា ​នឹងកើនឡើង ៤,៨% ​ទាំង​នៅឆ្នាំនេះ​និង​ឆ្នាំ​បន្ទាប់​ទៀត​​​ដោយ​​​បាន​កើនឡើងបន្ត​ពី​ឆ្នាំមុន ​ដែល​មាន​អត្រា​ ៤,២%​​។ នេះបើ​​តាម​របាយការណ៍ «ចក្ខុវិស័យ​ការ​អភិវឌ្ឍ​អាស៊ី​»​ ​របស់ធនាគារ​អេឌីប៊ី​ដែល​បាន​ចេញផ្សាយ​នៅ​​ថ្ងៃអង្គារទី៤ ខែមេសា​​។ ​អាស៊ីកំពុងអភិវឌ្ឍន៍ ​​គឺ​សំដៅ​ទៅ​លើប្រទេសជា​​សមាជិក​ក្នុង​តំបន់អាស៊ី​ចំនួន ៤៦​ ដែលជាសមាជិករបស់​ធនាគារ​អភិវឌ្ឍន៍អាស៊ិ ​​ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន​ឡើយ​​។

លោក អាល់​ប៊ឺត ផាក (Albert Park)​ ប្រធានសេដ្ឋវិទូ​របស់​ធនាគារ​ ADB បាននិយាយនៅក្នុងរបាយការណ៍​នោះ​ថា ​សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី កំពុង​បើកដំណើរការឡើងវិញ​ប្រកប​ដោយ​​​​ថាមពលដ៏គួរឱ្យចាប់អារម្មណ៍​។ ការប្រើប្រាស់ឯកជន ការវិនិយោគ និងសេវាកម្ម​រួមទាំង​ ទេសចរណ៍​​​កំពុងរស់ឡើងវិញហើយ​ឥឡូវនេះ ​ក្រោយ​ពី​ជំងឺកូវីដ​បានធូរស្បើយកាន់តែច្រើន។

ចិនដែលជា​ប្រទេស​សេដ្ឋកិច្ចធំជាងគេ​ក្នុងតំបន់​អាស៊ី​​ត្រូវបានគេព្យាករ​ថា នឹងកើនឡើង​ ៥​% ​នៅ​ឆ្នាំនេះ ​និងថមថយកំណើនមកនៅ ៤,៥% នៅ​ក្នុងឆ្នាំ​២០២៤ ក្រោយ​ពី​ប្រទេសចិនបានដកយុទ្ធសាស្ត្រ​សូន្យ​ជំងឺកូវីដ​​របស់ខ្លួន​កាលពីចុងឆ្នាំមុន ​ជា​ពេលដែល​កំណើន​របស់​ប្រទេសនេះ ​បានធ្លាក់ចុះមក​ត្រឹម​ ៣% ហើយការថយចុះនៃសេដ្ឋកិច្ចចិន ក៏បាន​ទាញ​ទម្លាក់​​កំណើន​នៅ​​ក្នុង​តំបន់អាស៊ី​ផង​ដែរ​​។

ធនាគារ​ ADB បាននិយាយថា ការបើកទ្វារ​ព្រំដែន​ឡើងវិញរបស់ប្រទេសចិន​គឺ«ធ្វើឱ្យទស្សនវិស័យ​របស់​អាស៊ីបូព៌ាមានពន្លឺ​បង្ក​ភាព​វិជ្ជ​មាន​ដល់​វិស័យ​​ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យ​រីក​ចម្រើន​ដទៃ​​ទៀត​នៅ​​ផ្នែក​ផ្សេង​ៗ​​នៃ​​តំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍នេះ​។

ទោះ​យ៉ាង​ណា​ ប្រទេស​សេដ្ឋកិច្ច​នៅ​អាស៊ីសំខាន់ៗផ្សេងទៀត​​ កំពុងឆ្ពោះទៅរកការ​ធ្លាក់​ចុះ​កំណើន​ ដែលមួយផ្នែក​ដោយសារផលប៉ះពាល់នៃការធ្លាក់ចុះ​ជាសកល​ អតិផរណាកើនខ្ពស់​ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុជាបន្តបន្ទាប់។ អតិផរណាក្នុងតំបន់ដែលបានបង្កើនល្បឿនដល់ ៤,៤% កាល​ពីឆ្នាំមុន​​នោះ ​ត្រូវបានរំពឹងថា នឹងធ្លាក់​មក​នៅ​កម្រិតជា​មធ្យម ៤,២% ​នៅឆ្នាំនេះ ហើយ​នឹង​​បន្ត​ធ្លាក់​ថែម​​ទៀត​​ដល់​អត្រា​ ៣,៣% នៅឆ្នាំ​២០២៤។​

ឥណ្ឌាដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់តំបន់​នេះ ​ត្រូវបានព្យាករថា នឹងកើនឡើង​ ៦,៤% នៅឆ្នាំនេះ ហើយ​នៅឆ្នាំ​បន្ទាប់​ទៀត​នឹង​កើន​ឡើង​ដល់​ ៦,៧% ហើយ​ប្រទេសអាស៊ីខាងត្បូង​មួយ​នេះ​ត្រូវបានគេ​ប៉ាន់ប្រមាណថា​ នឹង​ពង្រីក​​កំណើន​ ៦,៨​% នៅក្នុងឆ្នាំសារពើពន្ធ២០២២ ​​ដែលបិទ​បញ្ចប់នៅក្នុងខែមីនា។​

យ៉ាងណាក៏ដោយចុះ បើតាម​ប្រធានធនាគារ​ ADB លោក ម៉ាសាតស៊ុហ្គុ អាសាកាវ៉ា (Masatsugu Asakawa)​ បាននិយាយនៅក្នុងរបាយការណ៍ថា ការកើនឡើងនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​អាច​បណ្តាលឱ្យមានការកើនឡើងជាថ្មីនៃតម្លៃទំនិញ​បង្ក​ឱ្យ​មាន​អតិផរណាជាសកល និងជំរុញឱ្យមានការរឹតបន្តឹងរូបិយវត្ថុ​ថែម​ទៀត​ ហើយ​ថា ហានិភ័យពីបំណុល​ និងអត្រាការប្រាក់កើន​ខ្ពស់​នៅតាម​ធនាគារមួយចំនួននៅអាមេរិក និងអឺរ៉ុប​អាចគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុនៅអាស៊ី និងតំបន់​ប៉ាស៊ីហ្វិកផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនកូរ៉េខាងត្បូងធំមួយ មានបំណងវិនិយោគដាំដំណាំ «គ្រាប់ម៉ាកាដាមៀ» នៅកម្ពុជា ដើម្បីនាំចេញ

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំទល់មុខជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា កាលពីថ្ងៃទី ០៣ ខែមេសា លោក ផាក ហឿង យ៉ួង (Park Heung-Kyeong) ទីប្រឹក្សាក្រុ…

គោលនយោបាយដ៏សំខាន់ស្ដីពីអាកាសធាតុរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទាក់ទាញក្រុមហ៊ុនយក្សចិនក្នុងវិស័យថាមពលស្អាត

ព័ត៌មាន
ក្រុមហ៊ុនចិនដែលឈានមុខគេក្នុងវិស័យថាមពលកកើតឡើងវិញ កំពុងចូលរួមក្នុងការប្រណាំងប្រជែងដើម្បីបើករោងចក្រនៅលើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ