
តម្លៃប្រាក់ដុល្លារ និងផ្សារភាគហ៊ុនអាម៉េរិក បានហក់ឡើងមកវិញបន្តិច ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពន្យារពេលអនុវត្តពន្ធគយទៅវិញទៅមក ដែលដាក់លើប្រទេសនានា រួមទាំងកម្ពុជា រយៈពេល៩០ថ្ងៃ ប៉ុន្តែពន្ធគយ១០% នៅតែអនុវត្តដដែលអំឡុងរយៈពេល៩០ថ្ងៃនេះ។ ទីផ្សារភាគហ៊ុន S&P 500 ដែលជាសន្ទស្សន៍ផ្សារហ៊ុននៃក្រុមហ៊ុនឈានមុខគេទាំង៥០០របស់សហរដ្ឋអាម៉េរិក បានហក់ឡើងស្រឺតៗរហូតដល់ទៅ៩,៥២% ខណៈផ្សារហ៊ុនធំ២ផ្សេងទៀតរបស់សហរដ្ឋអាម៉េរិក រួមមាន ផ្សារហ៊ុន Dow Jones បានហក់ឡើង៧,៨៧% ហើយផ្សារហ៊ុន Nasdaq បានហក់ឡើង១២,១៦%។
គួររំឭកថា S&P 500 ដែលជាសន្ទស្សន៍ផ្សារហ៊ុននៃក្រុមហ៊ុនឈានមុខគេទាំង៥០០របស់សហរដ្ឋអាម៉េរិក បានដាំក្បាលចុះ៤ថ្ងៃជាប់ៗគ្នាគិតត្រឹមថ្ងៃទី៨ ខែមេសា ម៉ោងនៅសហរដ្ឋអាម៉េរិក បណ្ដាលឱ្យខាតបង់ធ្ងន់ធ្ងរដល់ទៅ៥,៨ទ្រីលានដុល្លារ ដែលជាការខាតបង់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រចាប់តាំងពីសន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក S&P 500 ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ មក។
លោក ដូណាល់ ត្រាំ បានប្រកាសតាមរយៈផុសមួយនៅលើគណនីបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោកថា លោកពន្យារពេលអនុវត្តពន្ធគយធ្ងន់ករយៈពេល៩០ថ្ងៃសិន ដើម្បីទុកពេលឱ្យប្រទេសជាង៧០ដែលសុំចរចាជាមួយសហរដ្ឋអាម៉េរិក។ ប៉ុន្តែក្នុងពេល៩០ថ្ងៃនេះ ប្រទេសទាំងអស់រួមទាំងកម្ពុជា ត្រូវជាប់ពន្ធ១០%ដដែលលើកលែងតែមហាយក្សចិនមួយចេញដែលសហរដ្ឋអាម៉េរិក បានដំឡើងពន្ធថែមពី១០៤% ឈានដល់១២៥% ដោយសារតែចិន តដៃ៕
ដោយ: តែម សុខុម