WB៖ តំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នឹងបន្តមានកំណើនសេដ្ឋកិច្ចទាបនៅឆ្នាំក្រោយ

ធនាគារពិភពលោក៖ តំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាលនៅតែមានកំណើនទាបនៅ ២០២៣ និងប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិ


ធនាគារពិភពលោក បានព្យាករថា បណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នឹងនៅតែបន្តមានកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅឆ្នាំ២០២៣។ ជាមួយគ្នានោះ ធនាគារពិភពលោកក៏បានព្រមានដែរថា ការកាត់ផ្តាច់ថាមពលពីរុស្ស៊ីទៅសហភាពអឺរ៉ុប នឹងធ្វើឱ្យតំបន់ទាំងពីរនេះ កាន់តែប្រឈមនឹងហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលទៅកាន់មាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ច។
ធនាគារពិភពលោក៖ តំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាលនៅតែមានកំណើនទាបនៅ ២០២៣ និងប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិ

យោងតាមរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅតំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល ត្រូវបានរំពឹងថា នឹងដាំក្បាលធ្លាក់ចុះ ០,២% នៅក្នុងឆ្នាំ២០២២ ប៉ុន្តែនឹងកើនឡើងមកវិញក្នុងកម្រិតទាបត្រឹមតែ ០,៣% ប៉ុណ្ណោះ ដោយសារតែឥទ្ធិពលដែលបន្តរាលដាលពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។

ត្បិតថាតំបន់ទាំងពីរ នឹងនៅតែមានកំណើនសេដ្ឋកិច្ចទាបក៏ដោយ ប៉ុន្តែវាក៏ប្រសើរជាងការព្យាកររបស់ធនាគារពិភពលោកកាលពីខែមិថុនាកន្លងទៅដែរ ដោយពេលនោះធនាគារពិភពលោកបានលើកឡើងថា តំបន់ទាំងនេះ នឹងមាន GDP ធ្លាក់ចុះដល់ ២,៩%ឯណោះ។ ការកែសម្រួលការព្យាករនេះ ក៏ដោយសារតែធនាគារពិភពលោកកត់សម្គាល់ឃើញថា ប្រទេសធំៗមួយចំនួនទៀតក្នុងតំបន់ នៅតែមានកំណើនសេដ្ឋកិច្ចល្អ ព្រមជាមួយកម្មវិធីស្តារប្រទេសឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

ទោះយ៉ាងណា ធនាគារពិភពលោក អះអាងថា ទស្សនវិស័យសម្រាប់តំបន់អឺរ៉ុប និងអាស៊ីកណ្តាលរបស់ខ្លួនគឺនៅតែស្ថិតនៅក្រោម "ភាពមិនប្រាកដប្រជា" ជាមួយនឹងសង្គ្រាមអូសបន្លាយ ឬរីករាលដាលកាន់តែខ្លាំង ដែលបណ្តាលឱ្យមានការខូចខាតកាន់តែធំធេង និងការបែកបាក់នៃពាណិជ្ជកម្ម និងការវិនិយោគផងដែរ។

យ៉ាងណាមិញ សម្រាប់សេដ្ឋកិច្ចប្រទេសអ៊ុយក្រែន ត្រូវបានធនាគារពិភពលោក ព្យាករថា នឹងធ្លាក់ចុះ ៣៥%នៅក្នុងឆ្នាំ២០២២នេះ ដោយសារប្រទេសអឺរ៉ុបខាងកើតមួយនេះ បានរងនូវការខូចខាតរោងចក្រផលិត ដីកសិកម្មត្រូវបំផ្លិចបំផ្លាញ និងការបាត់បង់កម្លាំងពលកម្ម ខណៈមនុស្ស ១៤លាននាក់គ្មានទីជម្រក។

ជាមួយគ្នានេះ អ៊ុយក្រែន នៅតែត្រូវការជំនួយគាំទ្រហិរញ្ញវត្ថុយ៉ាងច្រើន ដើម្បីស្តារប្រទេសឡើងវិញ។ បើយោងតាមការវាយតម្លៃរបស់ធនាគារពិភពលោកថ្មីៗនេះ បង្ហាញថា ដើម្បីស្រោចស្រង់ ក៏ដូចជាការកសាងវិស័យសង្គម ផលិតភាព និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្នុងប្រទេសមួយនេះ គឺត្រូវការទឹកប្រាក់យ៉ាងហោចណាស់ជិត ៣៥០ ពាន់លានដុល្លារ ដែលមានទំហំធំជាងដល់ទៅ ១,៥ដង នៃទំហំ GDP របស់ប្រទេសនេះ កាលពីឆ្នាំ២០២១។

ចំពោះសេដ្ឋកិច្ចរុស្ស៊ី អាចនឹងធ្លាក់ចុះ ៤,៥% នៅក្នុងឆ្នាំ២០២២នេះ ហើយនឹងធ្លាក់ចុះ ៣,៦%នៅឆ្នាំ២០២៣។ ចំណែកឯសេដ្ឋកិច្ចប្រទេសតួកគី បែរជាអាចកើនឡើង ៤,៧% ក្នុងឆ្នាំ២០២២ និងបន្តកើនឡើង ២,៧% នៅឆ្នាំក្រោយ។ នេះបើយោងតាមរបាយការណ៍ដដែលរបស់ធនាគារពិភពលោក។

យ៉ាងណាមិញ បើតាមការកត់សម្គាល់ដាច់ដោយឡែកមួយទៀតរបស់ធនាគារពិភពលោក ក៏បានផ្តោតទៅលើផលប៉ះពាល់ពីវិបត្តិថាមពលសកល ដោយសារការផ្អាកការផ្គត់ផ្គង់ថាមពលទៅតំបន់អឺរ៉ុប ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកខ្លាំងលើឧស្ម័នរបស់រុស្ស៊ី ប៉ុន្តែវានឹងមិនប៉ះពាល់ខ្លាំងទេចំពោះប្រទេសដែលមានជម្រើសប្រើប្រាស់ថាមពលផ្ទាល់ខ្លួននោះឡើយ៕




អត្ថបទបន្ទាប់


បើលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរ តើលោកនឹងប្រើវាដូចម្តេច ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូអាចនឹងឆ្លើយតបយ៉ាងណាដែរ?

ព័ត៌មាន
រុស្សីគឺជាប្រទេសគ្រប់គ្រងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ពេលនេះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចម្តងហើយម្ត…

អ្នកសិក្សាផ្នែកសេដ្ឋកិច្ចព្រមានគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់អង់គ្លេស អាចបណ្តាលឱ្យមនុស្សស្លាប់ច្រើនជាងកូវីដ១៩ទៅទៀត

ព័ត៌មាន
ក្រុមអ្នកសិក្សាផ្នែកសេដ្ឋកិច្ចបានព្រមានថា គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលអង់គ្លេសអាចបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនជាងជំងឺរាតត្បាតកូវីដ១៩ទៅទៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ