
លោក កឿន អេវើរេត អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា សហភាពអឺរ៉ុបនឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់សហគមន៍តាមរយៈការផ្ដល់ប្រាក់កម្ចីដល់វិស័យឯកជន និងសហគ្រិន ដើម្បីឱ្យពួកគេមានលទ្ធភាពក្នុងការបន្តធ្វើអាជីវកម្មកាន់តែមានភាពប្រសើរជាងមុន។ ទន្ទឹមនេះ មន្រ្តីសហភាពអឺរ៉ុប រូបនេះ ជឿជាក់ថា តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់សហគមន៍ វានឹងរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា កាន់តែមានការរីកចម្រើននាពេលខាងមុខ។
ជាមួយគ្នានេះលោក ស្រ៊ុន លឹមសុង អគ្គនាយករងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កត់សម្គាល់ឃើញថា ជំនួយរបស់សហភាពអឺរ៉ុប តាមរយៈគម្រោងអង្គការ អុកស្វាម ដល់សហគមន៍នេសាទ ក្នុងខេត្តចំនួន៣ ជាប់បឹងទន្លេសាបបានចូលរួមចំណែកក្នុងការការពារអភិរក្សវិស័យធនធានជលផល បរិស្ថាន និងលើកកម្ពស់ដល់ការរស់នៅនិងសេដ្ឋកិច្ចក្នុងសហគមន៍។ លោកបន្តថា កន្លងមករដ្ឋបាលជលផល បានសហការយ៉ាងជិតស្និតជាមួយសហភាពអឺរ៉ុប និងដៃគូរនានា ក្នុងការលើកកម្ពស់សហគមន៍ និងការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព។
ដោយឡែកក្រុមអ្នកផលិតផលិតផលក្នុងសហគមន៍ បានអះអាងថា តាមរយៈការចូលរួមជាមួយគម្រោងរបស់អង្គការ អុកស្វាម ក្រោមជំនួយរបស់សហភាពអឺរ៉ុប បានធ្វើឱ្យជីវភាពរបស់ប្រជាសហគមន៍មានការរីកចម្រើនជាងមុន ខណៈផលិតផលដែលផលិតចេញពីសហគមន៍ត្រូវបានអនុវត្តតាមការណែនាំ និងទទួលបានការគាំទ្រជាបន្តបន្ទាប់ពីអតិថិជន។
បើតាមលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានលើកឡើងថា តាមរយៈគម្រោង EU-CAPFISH/FOSTER Lot 1 បានជួយបង្កើនមានភាពច្នៃប្រឌិត និងភាពធន់ដល់សហគមន៍នេសាទ ក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប និងមានការបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព គម្រូសេដ្ឋកិច្ចវិលជុំ និងការអប់រំប្រកបដោយបរិយាបន្ន។ គម្រោងនេះ ត្រូវបានលោកស្រី គូសបញ្ជាក់ថា មិនត្រឹមតែពង្រឹងជីវភាពរស់នៅរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់និរន្តរភាពបរិស្ថានផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វន្ថា