វិស័យពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ ទាមទារឱ្យអឺរ៉ុប ផ្តល់សម្បទានបន្ថែម ខណៈអឺរ៉ុប ពន្យារពេលដាក់ចេញវិធានការតបតប្រឆាំងពន្ធគយបដិការរបស់អាម៉េរិក


សហភាពអឺរ៉ុប បាននិយាយកាលពីចុងសប្តាហ៍មុនថា ខ្លួននឹងបន្តពន្យារពេលដាក់ចេញវិធានការតបតប្រឆាំងពន្ធគយបដិការដែលអាម៉េរិក ដាក់មកលើខ្លួនរហូតដល់ដើមខែសីហា ហើយកំពុងទទូចឱ្យមានការចរចារបន្ថែមទៀត ដើម្បីឈានទៅដល់ដំណោះស្រាយល្អប្រសើរ ខណៈដែលរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទាមទារសម្បទានបន្ថែមទៀតពីប្រទេសផ្សេងៗរួមទាំងសហភាពអឺរ៉ុប ផងដែរ។
វិស័យពាណិជ្ជកម្ម
ដោយ

ទន្ទឹមនឹងបង្ហាញចេតនាចង់បន្តចរចាជាមួយអាម៉េរិក សហភាពអឺរ៉ុប ក៏គ្រោងនឹងបង្កើនកិច្ចពិភាក្សាជាមួយប្រទេសផ្សេងទៀតដូចជាកាណាដា និងជប៉ុន ជាដើម ដែលរងសម្ពាធពន្ធពីលោក ត្រាំ ដើម្បីរួមគ្នាឆ្លើយតបនឹងសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី១២ ខែកក្កដា ថា លោកនឹងដាក់ពន្ធគយបដិការខ្ពស់រហូតដល់ទៅ៣០% លើការនាំចូលភាគច្រើនពីសហភាពអឺរ៉ុប និងប្រទេសម៉ិកស៊ិក ដោយត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ដ៏ខ្លីខាងមុខ។ ទន្ទឹមនេះ លោក ដូណាល់ ត្រាំ ក៏ព្រមានដាក់ពន្ធគយបដិការខ្ពស់ស្រដៀងគ្នានេះដែរលើប្រទេសផ្សេងៗទៀត ហើយទុកពេលឱ្យប្រទេសទាំងនោះមិនដល់៣សប្ដាហ៍ផងទេ សម្រាប់ការចរចាឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មល្អប្រសើរ ដែលអាចនឹងឈានទៅដល់ការបញ្ចុះអត្រាពន្ធគយ។

ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក ខេវិន ហាសិត (Kevin Hassett) បាននិយាយកាលពីថ្ងៃអាទិត្យ កន្លងទៅថា ប្រសិនបើប្រទេសផ្សេងៗមិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មល្អប្រសើរ ដែលអាចធ្វើឱ្យលោក ដូណាល់ ត្រាំ ពេញចិត្តទេនោះ ច្បាស់ណាស់ថា ពន្ធគយបដិការ៣០%នឹងត្រូវអនុវត្តដោយពិតប្រាកដ។

ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) បាននិយាយថា សហភាពអឺរ៉ុបនឹងបន្តកិច្ចចរចាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែទន្ទឹមនេះ ក៏ត្រៀមលក្ខណៈដាក់ពន្ធសងសឹកវិញផងដែរ ប្រសិនបើចាំបាច់។ លោកស្រីបានបញ្ជាក់ថា សហភាពអឺរ៉ុប ចង់បានដំណោះស្រាយតាមរយៈការចរចា ហើយនឹងពន្យារពេលដាក់ចេញវិធានការតបតប្រឆាំងនឹងពន្ធគយរបស់សហរដ្ឋអាម៉េរិក រហូតដល់ខែសីហា។ ចំណាត់ការនេះឆ្លុះបញ្ចាំងឱ្យឃើញថា សហភាពអឺរ៉ុប ចង់ជៀសវាងធ្វើយ៉ាងណាកុំឱ្យសង្គ្រាមពាណិជ្ជកម្មឡើងកម្ដៅ ហើយសង្ឃឹមថា ការចរចានឹងអាចនាំទៅរកលទ្ធផលល្អប្រសើរ។

ជាមួយគ្នានេះ អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រាយឌ្រិច មឺស (Friedrich Merz) បាននិយាយថា លោកប្តេជ្ញាយ៉ាងម៉ឹងម៉ាត់ក្នុងការស្វែងរកដំណោះស្រាយ ដោយលោកគ្រោងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) លើកិច្ចការនេះ។

ទន្ទឹមនេះ ប្រភពបានទម្លាយឱ្យដឹងថា សហភាពអឺរ៉ុប គ្រោងនឹងបង្កើនកិច្ចពិភាក្សាជាមួយប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារការគំរាមកំហែងពន្ធថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដូចជាកាណាដា និងជប៉ុនជាដើម ដើម្បីរួមគ្នាត្រៀមឆ្លើយតបនឹងសហរដ្ឋអាម៉េរិកផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុននៅកម្ពុជា សម្រុកនាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក ស្របពេលការអនុវត្តពន្ធបដិការកាន់តែខិតជិតចូលមកដល់

បើគ្មានការប្រែប្រួលទេ សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមអនុវត្តអត្រាពន្ធបដិការ៣៦% លើទំនិញនាំចូលពីកម្ពុជា ចា…

អាម៉េរិក ទាមទារឱ្យជប៉ុន និងអូស្ត្រាលី បញ្ជាក់ជំហឱ្យបានច្បាស់លាស់ ប្រសិនបើអាម៉េរិកផ្ទុះសង្គ្រាមជាមួយចិន នៅកោះតៃវ៉ាន់

បញ្ហាជម្លោះនៅកោះតៃវ៉ាន់ នៅតែបន្តស្ថិតក្នុងភាពតានតឹង ក្រោយចិន នៅតែបន្តទាមទារយកកោះនេះដាក់ក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ហើយសហរដ្ឋអាម៉េរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ