
ប្រទេសម៉ាឡេស៊ី បានបន្តកិច្ចចរចាឡើងវិញជាមួយសហភាពអឺរ៉ុប ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ក្រោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម បានជួបជាមួយលោកស្រី អ៊ូសូឡា វ៉ុនឌឺ ឡេយែន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប នៅប្រទេសបែលហ្ស៊ិក។
លោក រ៉ាហ្វែល ឌែរ (Rafael Daerr) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសម៉ាឡេស៊ី បានប្រាប់សារព័ត៌មាន នីកេអេស៊ា ក្នុងបទសម្ភាសផ្តាច់មុខមួយកាលពីថ្ងៃព្រហស្បតិ៍ថា ភាគីទាំងពីរកំពុងចរចាគ្នាអំពីកម្រិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយពួកគេមានទំនុកចិត្តថា នឹងទទួលបានលទ្ធផលល្អមួយពីការចរចានេះ។
សូមរំលឹកថា ប្រទេសម៉ាឡេស៊ី បានចាប់ផ្ដើមចរចាកិច្ចព្រមព្រៀង FTA ជាមួយនឹងសហភាពអឺរ៉ុប លើកដំបូងក្នុងឆ្នាំ២០១០ ហើយបានផ្អាកទៅវិញនៅឆ្នាំ២០១២ ដោយសារសហភាពអឺរ៉ុប ព្រួយបារម្ភចំពោះកង្វល់ពីការកាប់បំផ្លាញព្រៃឈើ និងបញ្ហាការងារក្នុងវិស័យប្រេងដូងរបស់ម៉ាឡេស៊ី។ ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំម៉ាឡេស៊ី លោក ឌែរ បាននិយាយថា ក្រៅពីប្រទេសម៉ាឡេស៊ី សហភាពអឺរ៉ុប ក៏កំពុងចរចាកិច្ចព្រមព្រៀង FTA ជាមួយនឹងប្រទេសអាស៊ានមួយចំនួនទៀតផងដែរ រួមមាន ប្រទេសឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។
លោក Daerr បានបញ្ជាក់ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សហភាពអឺរ៉ុប បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសសិង្ហបុរី និងវៀតណាម រួចហើយ ដោយសិង្ហបុរី សម្រេចបាននៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ហើយវៀតណាមសម្រេចនៅក្នុងខែសីហា ឆ្នាំ២០២០ ខណៈដែលប្រទេសបួនផ្សេងទៀត រួមទាំងកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីការរួចពន្ធ និងគ្មានកូតាក្រោមគំនិតផ្តួចផ្តើមអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ដែលផ្តល់ឱ្យប្រទេសដែលមានការអភិវឌ្ឍតិចតួច៕
អត្ថបទ៖ សុខ មង្គល