ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ហាមឃាត់ការនាំចូលរាល់មុខទំនិញទាំងអស់ពីតំបន់ស៊ិនជាំងប្រទេសចិន


ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ហាមឃាត់ការនាំចូលមុខទំនិញទាំងអស់ដែលផលិតចេញពីតំបន់ស្វយ័តស៊ិនជាំងអ៊ុយហ្គួរប្រទេសចិន ដែលវាជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយរបស់ទីក្រុងវ៉ាស៊ិនតោន ក្នុងការដាក់ទណ្ឌកម្មទៅលើក្រុងប៉េកាំង ចំពោះអ្វីដែលមន្ត្រីសហរដ្ឋអាមេរិកនិយាយថា ទង្វើរបស់ចិន គឺជាអំពីប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិអ៊ុយហ្គួរ និងក្រុមមូស្លីមដទៃទៀតនៅតំបន់ស៊ិនជាំងនោះ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អាមេរិកហាមឃាត់ការនាំចូលទំនិញពីតំបន់ស៊ិនជាំងប្រទេសចិន

ក្រោយ​ច្បាប់​ថ្មី​ដែល​ព្រឹទ្ធសភា​អា​មេ​រិ​កបាន​អនុម័ត​ថ្មី​ៗ​ក្នុង​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ បាន​សន្មត​ថា រាល់​ទំនិញ​ផលិត​នៅ​ក្នុង​តំបន់​ស៊ិ​ន​ជាំ​ង​ទាំងអស់ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ការ​បង្ខំ​មនុស្ស​ឲ្យ​ធ្វើការ នឹង​ត្រូវ​បាន​ហាមឃាត់​នាំ​ចូល​មក​កាន់​ទីផ្សារ​អា​មេ​រិ​ក ឬ​ទាល់តែ​មាន​លិខិតបញ្ជាក់​អនុញ្ញាត​ពី​អាជ្ញាធរ​អា​មេ​រិ​ក​ជា​មុន​សិន​ទើប​អាច​នាំ​ចូល​បាន​។ក្រោយ​ពី​បាន​ទទួល​ការ​អនុម័ត​ពី​ព្រឹទ្ធ​ភាព​អា​មេ​រិ​ករួច​ហើយ ច្បាប់​នេះ នឹង​ត្រូវ​ឆ្លង​ទៅ​ដល់​សភាតំណាងរាស្ត្រ មុន​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សេត​វិមាន​ដើម្បី​ឲ្យ​ប្រធានាធិបតី​លោក​ចូ​បៃ​ឌិន ចុះហត្ថលេខា​។ ប៉ុន្ដែ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ច្បាប់​ថ្មី​ៗ​នេះ នឹង​ត្រូវ​ចូល​ធរមាន​ភ្លាម​ៗ ឬ ក៏​ត្រូវ​រង់ចាំ​ដល់​ពេល​ណា​នោះ​ទេ​។ តែ​យ៉ាងណា មាន​សមាជិក​ព្រឹទ្ធសភា​ខ្លះមក​ពី​គណបក្ស​សាធារណរដ្ឋ បាន​អំពាវនាវ​ឲ្យ​ច្បាប់​នេះ ត្រូវ​បាន​ដាក់​ចេញ​ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។

ជំនួយការ​គណបក្ស​ប្រជាធិបតេយ្យ និង សាធារណរដ្ឋ បាន​និយាយ​ថា ពួក​គេ​រំពឹង​ថា វិធានការ​នេះ នឹង​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សភា​អា​មេ​រិ​ក ដោយ​ពួក​គេ​កត់​សម្គាល់ថា សភា​កាលពី​ឆ្នាំ​មុន ក៏​បាន​អនុម័ត​វិធានការ​ស្រ​ដៀង​គ្នា​នេះ​ម្ដង​រួច​មក​ហើយ​ដែរ​។ហើយ​ថ្មី​ៗ​នេះ រដ្ឋបាល​លោក​ចូ​បៃ​ឌិន ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​ខ្លាំង ដោយ​សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​អង្គារ​ក្នុង​ស​ប្ដា​ហ៍​នេះ ទើបតែ​បាន​ដាក់​ចេញ​នូវ​សេ​ក្ដី​ជូនដំណឹង​ពី​ការ​ព្រមាន​ទៅ​ដល់​អាជីវកម្ម​នានា ថា ពួក​គេ​អាច​ស្ថិត​ក្នុង​ការ​រំលោភ​បំពាន​ច្បាប់​របស់​អា​មេ​រិ​ក ប្រសិនបើ​មាន​ប្រតិបត្តិការ​ជាប់​ទាក់ទង​ដោយ​ផ្ទាល់ ឬ ប្រយោល ទៅ​នឹង​បណ្ដាញ​ឃ្លាំមើល​នៅ​ក្នុង​តំបន់​ស៊ិ​ន​ជាំ​ង​ប្រទេស​ចិន​។

អង្ក​ការ​សិទ្ធិ​មនុស្ស អ្នក​ស្រាវជ្រាវ អតីត​អ្នក​ស្នាក់​នៅ សមាជិក​សភា និង មន្ត្រី​អា​មេ​រិ​ក​និយាយ​ថា អាជ្ញាធរ​តំបន់​ស៊ិ​ន​ជាំ​ង មានការ​សម្របសម្រួល​ឲ្យ​មានការ​ការ​ធ្វើ​ការងារ​ដោយ​បង្ខំ ដោយ​ចាប់​ឃុំខ្លួន​ជនជាតិ​អ៊ុយ​ហ្គួ​រ និង កម្មករ​កាន់សាសនា​មូ​ស្លី​ម​ផ្សេង​ៗ​ទៀត​សរុប​ប្រមាណ​ជិត​១​លាន​នាក់​តាំងពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។សូម​បញ្ជាក់​ថា តំបន់​ស៊ិ​ន​ជាំ​ង​នេះ មានឈ្មោះ​ពេញ​ហៅ​ថា តំបន់​ស្វយ័ត​ស៊ិ​ន​ជាំ​ង​អ៊ុយ​ហ្គួ​រ ដែល​បច្ចុប្បន្ន មាន​ជនជាតិ​អ៊ុយ​ហ្គួ​រ​ប្រហែល ១២​លាន​នាក់​រស់នៅ ភាគច្រើន​ជា​អ្នក​កាន់សាសនា​មូ​ស្លី​ម​។ 

ក្រោយ​ពី​មានការ​ចោទប្រកាន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ  ពិសេស​អា​មេ​រិ​ក កន្លង​មក​ប្រទេស​ចិន​ក៏​បាន​ចេញ​មុខ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្តិ​បទ​ឧ​ក្រិ​ដ​ប្រឆាំង​មនុស្សជាតិ និង​អាច​ឈាន​ដល់​ការ​ប្រល័យពូជសាសន៍​ជនជាតិ​អ៊ុយ​ហ្គួ​រ និង ក្រុម​ជនជាតិ​មូ​ស្លី​ម នៅ​ក្នុង​តំបន់​ស៊ិ​ន​ជាំ​ង ដូច​ការ​ចោទប្រកាន់​របស់​អា​មេ​រិ​ក​នោះ​ទេ​។ ជាមួយ​គ្នា​នេះ ប្រទេស​ចិន ក៏​បាន​ច្រាន​ចោលការ​ចោទប្រកាន់​ទាំងអស់ ទាក់ទង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​ស៊ិ​ន​ជាំ​ង​នេះ ដោយ​ខ្លួន​បាន​អះអាង​ថា នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ជំរុំ​អប់រំ​កែប្រែ​ឡើង​វិញ​របស់​ខ្លួន នៅ​ក្នុង​តំបន់​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំបែក​ខ្លួន និង ក្រុម​ជីវពល​ឥ​ស្លា​ម​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សារព័ត៌មាន BBC​។

យ៉ាងណា​ក៏​ដោយ​ចុះ បញ្ហា​ជនជាតិ​អ៊ុយ​ហ្គួ​រ និង​ក្រុម​ជនជាតិ​មូ​ស្លី​ម​នៅ​តំបន់​ស៊ិ​ន​ជាំ​ង​នេះ នៅ​តែ​ជា​ចំណុចរសើប​មួយ​របស់​ចិន ដែល​ប្រទេស​លោក​ខាងលិច ពិសេស​អា​មេ​រិ​ក តែងតែ​ចេញ​មុខ​រិះគន់ និង បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ចិន​ជា​បន្ដបន្ទាប់ ខណៈ​ដែល​ចិន​វិញ​ក៏​បាន​ឆ្លើយ​បត​ដោយ​ការ​ដាក់​ទណ្ឌ​សងសឹក​ទៅ​វិញ​ជា​ហូរហែ​រដែរ​។ យើង​នឹង​រង់ចាំ​មើល​បន្ដ​ទៀត​ថា តើ​បញ្ហា​នេះ នឹង​វិ​វត្ត​ទៅ​ជា​យ៉ាងណា​បន្ដ​ទៀត?
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក២០២១ កើនយឺតជាងការរំពឹងទុក

ព័ត៌មាន
ការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅឆ្នាំ២០២១នេះ ត្រូវបានធនាគារពិភពលោកព្យាករថា អាចនឹងមានភាពយឺតយ៉ាវជាងអ្វីដែល…

ពលរដ្ឋភូមាសុខចិត្តល្មើសបម្រាមគោចរចេញទៅរកបំពង់អុកស៊ីហ្សែនសម្រាប់សាច់ញាតិរងគ្រោះដោយសារកូវីដ-១៩

ព័ត៌មាន
ពលរដ្ឋនៅទូទាំងប្រទេសភូមា ជាពិសេសអ្នករស់នៅតាមទីក្រុងធំៗបានសម្រេចចិត្តបំពានបម្រាមគោចររបស់របបសឹកភូមា ដើម្បីចេញពីផ្ទះស្វែងរកបំពង់អុកស៊ីហ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ