
នាយករដ្ឋមន្ត្រីបារាំង លោក ហ្វ្រង់ស្វ័រ បៃរូ (Francois Bayrou) ត្រូវបានសមាជិកសភាបោះឆ្នោតដកសេចក្ដីទុកចិត្ត ដើម្បីបណ្ដេញលោកចេញពីតំណែង បន្ទាប់ពីពួកគេមិនគាំទ្រវិធានការត្បិតត្បៀតថវិការបស់រដ្ឋាភិបាល ដែលលោក បៃរូ អះអាងថា អាចជួយសន្សំសំចៃប្រាក់បានប្រហែលជាង៥២ពាន់លានដុល្លារនៅក្នុងថវិកាជាតិ នៅឆ្នាំក្រោយ។
ប៉ុន្តែនៅប៉ុន្មានម៉ោងមុនពេលលោក បៃរូ ត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែងនេះ នាយករដ្ឋមន្ត្រីបារាំងរូបនេះ បានព្រមានថា វិបត្តិសារពើពន្ធរបស់ប្រទេសបារាំងនឹងបង្កជាហានិភ័យដល់ការខិតខំរបស់បារាំងក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។ លោក បៃរូ បានប្រាប់សមាជិកសភាថា ពួកគេមានសិទ្ធិអំណាចក្នុងការទម្លាក់រដ្ឋាភិបាល ប៉ុន្តែពួកគេគ្មានសិទ្ធិអំណាច ដើម្បីលុបបំបាត់ការពិតបានឡើយ ដោយលោកបានបន្ថែមថា ការណ៍ពិតដែលកំពុងកើតមាននៅប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់អឺរ៉ុបនេះ គឺបន្ទុកបំណុលមិនអាចទ្រាំទ្របាន ហើយវានឹងកើនឡើងកាន់តែធ្ងន់ និងចំណាយកាន់តែច្រើនផងដែរ។
ពេលនេះ គេមិនទាន់ដឹងទេថា តើនឹងមានអ្វីកើតឡើងក្នុងពេលខាងមុខ ពោលគឺថា តើបារាំងនឹងរៀបចំការបោះឆ្នោតថ្មីតាមការទាមទាររបស់គណបក្សស្តាំនិយមជ្រុល ឬក៏ថា តើប្រធានាធិបតីបារាំងលោក Emmanuel Macron អាចនឹងបង្កើតរដ្ឋាភិបាលក្នុងសំឡេងភាគតិចជាបន្តទៀត ឬក៏យ៉ាងណានោះទេ ព្រោះនេះជាផ្នែកនយោបាយ។
ប៉ុន្តែសម្រាប់ផ្នែកសេដ្ឋកិច្ចវិញ គឺពាក់ព័ន្ធនឹងប្រាក់ និងបន្ទុកបំណុលដ៏ច្រើនរបស់បារាំង។ មកដល់ពេលនេះ គ្មានប្រទេសអឺរ៉ុបណាមួយ ដែលមានបំណុលជាតិសរុបច្រើនជាងបារាំងនោះទេ។ បំណុលរបស់បារាំង បានកើនឡើងដល់ប្រមាណជិត៤ទ្រីលានដុល្លារ ដែលស្មើនឹងប្រហែល១១៣%នៃផលិតផលក្នុងស្រុកសរុបរបស់បារាំង ដោយតួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតដល់១២៥% នៅត្រឹមឆ្នាំ២០៣០។ ដូច្នេះហើយថា តើគេគួរតែបារម្ភអំពីស្ថិរភាពនៅតំបន់ចាយប្រាក់អឺរ៉ូដែរឬទេ ប្រសិនបើហិរញ្ញវត្ថុរបស់ប្រទេសសេដ្ឋកិច្ចធំទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ លែងអាចគ្រប់គ្រងបាននោះ?
ដោយ៖ សុខ មង្គល