ការស្នើបែបនេះ ធ្វើឡើងក្រោយរាជរដ្ឋាភិបាលទទួលដំណឹងថា មានក្រុមឆ្លៀតឱកាសមួយចំនួនបានប្រមូលគ្នាទិញដីនៅតាមតំបន់នោះទុកជាមុន ដើម្បីទារសំណង់ពីផលប៉ះពាល់ដីធ្លីផ្ទះសម្បែងនៅចំកន្លែងដែលត្រូវសាងសង់ព្រែកជីកនោះ។ បើតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាមានភាគហ៊ុនចំនួន៥១%ក្នុងគម្រោងព្រែកជីកនេះ។
Story: នាពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ«កំពង់ផែពហុបំណងកំពត»នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងរួមគ្នាប្រឆាំងរាល់បុគ្គលណា ដែលមានបំណងធ្វើឱ្យរាំងស្ទះដល់គម្រោងព្រែកជីកប្រវត្តិសាស្រ្តនេះ។ បន្ថែមលើនេះ សម្តេចធិបតីក៏បានព្រមមានទុកជាមុនដល់ក្រុមគួកជេរដី អ្នកដើរប្រមូលទិញដី និងទន្រ្ទានដីរដ្ឋ រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន ដែលចង់ធ្វើឱ្យប៉ះពាល់ ឬរាំងស្ទះដល់គម្រោងសាងសង់ព្រែកជីកនេះផងដែរ។
បើតាមការអះអាងរបស់សម្តេចធិបតី គម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈក្រុមការងារបច្ចេកទេស ក៏បានត្រៀមសម្ភារៈសម្រាប់ការសាងសង់រួចរាល់អស់ហើយផងដែរ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការវិនិយោគលើគម្រោងនេះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា គឺមិនមែនវិនិយោគដោយក្រុមហ៊ុនបរទេស១០០%នោះទេ ពោលគឺកម្ពុជាបានក្តោបក្តាប់ភាគហ៊ុនចំនួន៥១% ក្នុងនោះមានគ្រឹះស្ថានសាធារណៈរបស់រដ្ឋចំនួន២ គឺកំពង់ផែស្វយ័តព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ រួមជាមួយក្រុមហ៊ុនឯកជនផ្សេងទៀត។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង១៨០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ។ លើសពីនេះ តាមរយៈគម្រោងនេះ វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធ្វើឱ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ដែលនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% ហើយជីវភាពរបស់ពលរដ្ឋជាង១លាន៦សែននាក់ ដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ ក៏នឹងមានភាពប្រសើរឡើងផងដែរ៕