រោងការ​លំដាប់​ប្រណីត

ឧកញ៉ា លី យ៉ុងផាត់ បោះ​ទុន​ជាង​១០​លាន​ដុល្លារ សង់​រោងការ​លំដាប់​ប្រណីត


អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មហា​សេដ្ឋី​ដ៏​ល្បី​ឈ្មោះ​មួយ​រូប បាន​ក្ដោប​ក្ដាប់​មុខ​ជំនួញ​ពហុវិស័យ​នៅ​កម្ពុជា ក្រោម​ឈ្មោះ​ក្រុមហ៊ុន L.Y.P Group នោះ បាន​ឈោង​ចាប់​ជំនួញ​មួយ​ថ្មី​បន្ថែម​ទៀត​ហើយ នៅ​ឆ្នាំ​២០១៨​នេះ ដោយ​បាន​បោះទុន​វិនិយោគ​ជាង​១០​លាន​ដុល្លារ​អាមេរិក សាងសង់​អគារ​សម្រាប់​រៀបចំ​កម្មវិធី​នានា ពិសេស ពិធី​មង្គលការ ដែល​មាន​លក្ខណៈ​លំដាប់​ខ្ពស់​មួយ នៅ​លើ​ទឹក​ដី​ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ។
រូបភាព 3D នៃ​អគារ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ (រោងការ) ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​អ្នក​ឧកញ៉ា​ លី យ៉ុងផាត់។
ដោយ

អ្នកគ្រប់គ្រង​គម្រោង​នេះ បាន​អះអាង​ថា នេះ​គឺ​ជា​គម្រោង​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ ឬ​ហៅ​សាមញ្ញ​ថា រោងការ ដ៏​ធំ​ជាង​គេ និង​លំដាប់​ប្រណីត​មួយ​ដែល​មិន​ធ្លាប់​មាន​នោះ​ឡើយ​នៅ​ស្រុក​ខ្មែរ។ 

លោក មាន សំអុល អ្នក​គ្រប់គ្រង​ទូទៅ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ សែនសុខ​នេះ បាន​ប្រាប់​ឲ្យ​ ខេមបូណូមីស ដឹង​ថា គម្រោង​បាន​និង​កំពុង​សាងសង់​អស់​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​បឹង​សាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ទល់មុខ​នឹង​គម្រោង​ផ្សារ​ទំនើប AEON ទី២ ដែល​កំពុង​សាងសង់​ជិត​រួចរាល់​ដូចគ្នា​ដែរ។ 

គម្រោង​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ ដែល​ផ្ដល់​សេវាកម្ម​រៀបចំ​កម្មវិធី​ផ្សេងៗ ពិសេស កម្មវិធី​រៀបចំ​មង្គលការ​នេះ​នឹង​ត្រូវ​សាងសង់​បញ្ចប់​រួច​រាល់ នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨​នេះ​ហើយ ខណៈ​ដែល​បច្ចុប្បន្ន​ក៏​មាន​ការ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​នឹង​ត្រូវ​រៀបចំ​អាពាហ៍​ពិពាហ៍​នៅ​ចុង​ឆ្នាំ​២០១៨ និង​ដើម​ឆ្នាំ​២០១៩ ខាង​មុខ​នេះ អាច​ទំនាក់​ទំនាក់​មក​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ដើម្បី​កក់​រោងការ​ជា​បណ្ដើរៗ​ផង​ដែរ។

រូបភាព 3D នៃ​អគារ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ ដែល​ជាវិនិយោគរបស់​មហាសេដ្ឋី​ លី យ៉ុងផាត់ នៅ​លើ​ទឹក​ដី​ខណ្ឌ​សែនសុខ។

គម្រោង​ដែល​បាន​បោះទុន​សាងសង់​ជាង ១០​លាន​ដុល្លារ​មួយ​នេះ មាន​អគារ​សរុប​ចំនួន ៧​អគារ ហើយ​ក្នុង​មួយ​បន្ទប់ អាច​ដាក់​តុ​ការ​បាន​ចាប់​ពី ៥០​តុ​ការ​ឡើង​ទៅ ហើយ​បើ​រំលាយ​បន្ទប់​នៃ​អគារ​ទាំង​៧​នេះ បញ្ចូល​គ្នា អាច​ដាក់​បាន​រហូត​ដល់ ៥០០​តុ​ការ ស្មើ​នឹង​ចំនួន​មនុស្ស ៥០០០​នាក់ ខណៈ​ដែល​ទីធ្លា​ចត​រថយន្ដ​មាន​សមត្ថភាព​ដាក់​រថយន្ដ​បាន​រហូត​ដល់ ១២០០​គ្រឿង និង​ម៉ូតូ ៧០០​គ្រឿង។ 

លោក សំអុល បន្ថែម​ថា គម្រោង​អគារ​សម្រាប់​រៀបចំ​មង្គលការ​មួយ​នេះ អាច​ចាត់​ទុក​ថា គឺ​ជា​គម្រោង​ដ៏​ធំ​និង​ពិសេស​ជាង​គេ​មួយ​នៅ​តំបន់​សែនសុខ ជាមួយ​នឹង​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​រចនាបថ​បែប​ខ្មែរ លាយឡំ​ជា​មួយ​រចនាបថ​បែប​បស្ចិម​ប្រទេស ដែល​មាន​លក្ខណៈ​ទំនើប​ប្លែក​ភ្នែក ខុស​ពី​រោងការ​ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ ឬ​អាច​និយាយ​បាន​ថា ដូចទៅ​នឹង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ដែរ។

រូបភាព 3D មើល​ពី​ខាង​លើ នៃ​អគារ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ ដែល​ជាវិនិយោគរបស់​មហាសេដ្ឋី​ លី យ៉ុងផាត់ នៅ​លើ​ទឹក​ដី​ខណ្ឌ​សែនសុខ។

បើ​តាម​ការ​គូស​បញ្ជាក់​ពី​អ្នក​គ្រប់គ្រង​ដដែល​នេះ លោក​ជឿ​ជាក់ ១០០% ថា គម្រោង​នេះ​នឹង​សាងសង់​ទាន់​ពេល​វេលា ឬ​មុន​កាលកំណត់​ទៀត​ផង ព្រោះ​បច្ចុប្បន្ន ការ​សាងសង់​សម្រេច​បាន​ជិត​រួច​រាល់​ហើយ។ 

បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក មាន សំអុល កម្លាំង​ពលកម្ម​ក្នុង​ការ​សាងសង់​អគារ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៌​នេះ មាន ១០០% គឺ​ជា​កម្លាំង​ពលកម្ម​ក្នុង​ស្រុក ខណៈ​ដែល​អ្នក​ជំនាញ​ផ្នែក​រចនា និង​គ្រប់គ្រង​សំខាន់ៗ​មាន​ភាគ​ច្រើន ត្រូវ​បាន​បញ្ជូន​មក​ពី​ប្រទេស​ថៃ។ 

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ពិព័រណ៍ សម្រាប់​ជួល​ក្នុង​ការ​ប្រារព្ធ​កម្មវិធី​ផ្សេងៗ ពិសេស ពិធី​មង្គលការ​ដែល​មាន​ទំហំ​ទីតាំង​ធំ​ទូលាយ​នៅ​រាជ​ធានី​ភ្នំពេញ គឺ​មាន​តែ​នៅ​កោះពេជ្រ​មួយ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​វិនិយោគ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន OCIC របស់​អ្នក​ឧកញ៉ា ពុង ឃាវសែ។ 

ទោះយ៉ាងណា នៅពេល​ដែល​មាន​កម្មវិធី​រៀប​មង្គលការ​ច្រើន​ម្ដងៗ ការ​ធ្វើ​ដំណើរ​ទៅ​មក​រោងការ​នៅ​កោះពេជ្រ​នេះ ហាក់​មាន​ភាព​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង។ ដូច្នេះ ក្រោយ​ពី​មាន​វត្តមាន​របស់​មជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​ដ៏​ធំ​មួយ​ទៀត​នៅ​ខណ្ឌ​សែនសុខ​នេះ ត្រូវ​បាន​សាងសង់​រួច​រាល់ និង​បើក​ឲ្យ​ដំណើរការ​នោះ វា​នឹង​ជួយ​បំពេញ​តម្រូវការ​បន្ថែម​ទៀត ហើយ​វា​ក៏​ជា​ការប​ញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់​កណ្ដាល​ក្រុង​ផង​ដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ង៉ែត ជូ៖ ការទិញរបស់បង់រំលស់ ជំរុញឲ្យមនុស្សមានទម្លាប់មើលងាយលុយ

ព័ត៌មាន
«ការទិញរបស់របរប្រើប្រាស់ដោយការបង់រំលស់ បានធ្វើឲ្យមនុស្សមើលងាយលុយ ឬ មើលស្រាលលុយ ព្រោះ មនុស្សអាងតែបង់រំលស់ ឬ ខ្ចីគេ»។ នេះជាការលើកឡើងរបស…

លោក​ឧកញ៉ា សៀ ឫទ្ធី ប្ដេជ្ញា​បង្កើត​តំបន់​សម្រាប់ SME ឲ្យ​ចេញ​នៅ​​ឆ្នាំ​នេះ!

ព័ត៌មាន
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន WorldBridge Group ដែល​ត្រូវ​បាន​មហាជន​ជា​ច្រើន​ស្គាល់​ថា ជា​អ្នក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ