អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ គួរ អេឌ្យូខេសិន យល់ឃើញថា ការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅតាមសាលារដ្ឋនៅកម្ពុជា ឱ្យមានគុណភាពល្អវាមិនមែនជារឿងងាយស្រួលនោះទេ តែវាក៏មិនមែនមានន័យថា រដ្ឋមិនអាចធ្វើបាននោះដែរ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីធ្វើឱ្យការអប់រំនៅតាមសាលារដ្ឋមានគុណភាព គឺទាមទារឱ្យពង្រឹងការបង្រៀនរបស់គ្រូនីមួយៗតាមរយៈការចុះត្រួតពិនិត្យជាក់ស្តែង, បណ្តុះបណ្តាលគរុកោសល្យគ្រូបន្ថែមឱ្យបានច្រើន និងការពង្រឹងការអនុវត្តច្បាប់ក្នុងការបង្រៀនជាដើម។
ជាមួយគ្នានេះអ្នកឧកញ៉ា គួច ម៉េងលី ស្នើឱ្យរាជរដ្ឋាភិបាល គួរចេញច្បាប់ហាមកុំឲ្យមានការបង្រៀនគួរ ព្រោះការបង្រៀនគួរវាអាចធ្វើឱ្យការបង្រៀនរបស់មិនអស់ពីសមត្ថភាពនៅក្នុងម៉ោងសិក្សាដោយចាំទៅបង្រៀននៅក្រៅម៉ោង ជាពិសេសវាអាចធ្វើឱ្យមានភាពអយុត្តិធម៌ក្នុងការប្រឡង ដ្បិតគ្រូបង្រៀនអាច យកវិញ្ញាសាដែលត្រូវប្រឡងទៅបង្រៀនដល់សិស្សដែលទៅរៀនគួរ ក៏ដូចជាអាចធ្វើឱ្យមានការបែងចែកវណ្ណៈរវាងសិស្សមានជីវភាពធូរធារ និងសិស្សមានជីវភាពខ្សត់ខ្សោយផងដែរ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះយល់ឃើញថា ការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាអាចប្រព្រឹត្តទៅបាន គឺវាទាមទារឲ្យរាជរដ្ឋាភិបាលមានការគិតគូលើជីវភាពតាមការដំឡើងប្រាក់ខែឲ្យស្របតាមស្ថានភាពជាក់ស្តែង។ យ៉ាងណាមិញអ្នកឧកញ៉ា គួច ម៉េងលី កត់សម្គាល់ឃើញថា មានគ្រូមួយចំនួនមានប្រាក់ខែខ្ពស់ និងជីវភាពធូរធារ តែពួកគេនៅតែបើកបង្រៀនគួរ ដ្បិតវាជាទម្លាប់របស់ពួកគេ។
បន្ថែមពីលើនេះ អ្នកឧកញ៉ា គួច ម៉េងលី ស្នើឱ្យរាជដ្ឋាភិបាល គួរសហការជាមួយសាលាឯកជន ដែលអាចទុកចិត្តបាន ដើម្បីចូលរួមកែប្រែកម្មវិធីសិក្សាឱ្យស្របតាមស្តង់ដា ក្នុងបំណងពង្រឹងការអប់រំ ខណៈផ្នត់គំនិត និងគោលនយោបាយជារបស់រដ្ឋ ហើយប្រសិនបើអាចធ្វើបាននោះ វានឹងក្លាយជាកម្លាំងជំរុញ វិស័យអប់រំឱ្យកាន់តែមានគុណភាពល្អនាពេលអនាគត។
គួរបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ "គ្រូបង្រៀនជាសសរស្ដម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព" សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមហិច្ឆតាធ្វើឱ្យសាសារៀនរបស់រដ្ឋមានគុណភាពអប់រំខ្ពស់មិនចាញ់សាលាឯកជន។ ក្នុងឱកាសនោះសម្តេចធិបតី ជំរុញឱ្យក្រសួងអប់រំពង្រឹងការជ្រើសរើសគ្រូបង្រៀន នាយកសាលា ឬគណៈគ្រប់គ្រងសាលាផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៧នេះ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចរកោណ ដោយក្នុងនោះផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការ បណ្តុះបណ្តាល ប្រកបដោយ គុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាម គ្រឹះស្ថាន សិក្សា, ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិតជាដើម៕