តើសេចក្តីព្រាងច្បាប់ស្តីពី «ការដឹកជញ្ជូនតាមផ្លូវទឹក» នេះមានសារសំខាន់យ៉ាងណា ចំពោះវិស័យដឹកជញ្ជូននៅកម្ពុជា? តើអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនមានការយល់ឃើញបែបណា ចំពោះសេចក្តីព្រាងច្បាប់នេះ? តើច្បាប់ថ្មីនេះអាចនឹងធ្វើឲ្យតម្លៃដឹកជញ្ជូនរបស់កម្ពុជាថយចុះ ដែរឬយ៉ាងណា?
បើគ្មានការប្រែប្រួលទេសេចក្តីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក» ដែលជាការច្របាច់បញ្ចូលគ្នារវាងសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ សេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ និងសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក គ្រោងនឹងដាក់ឱ្យកិច្ចប្រជុំពេញរបស់អង្គគណៈរដ្ឋមន្ត្រីពិនិត្យខ្លឹមសារ និងអនុម័តក្នុងពេលឆាប់ខាងមុខនេះ។ គិតមកទល់ពេលនេះមានរយៈពេលជាង១០ឆ្នាំហើយ ដែលសេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំតាក់តែងឡើង ដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា។ តើច្បាប់នេះមានសារៈសំខាន់យ៉ាងណាចំពោះវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា?
ពាក់ព័ន្ធនឹងសំណួរនេះ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានបង្ហាញការគាំទ្រ និងមានសុទិដ្ឋិនិយមថា ក្រោយច្បាប់នេះដាក់ឱ្យអនុវត្តន៍វានឹងរួមចំណែកកាន់តែសំខាន់ក្នុងការជួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បើតាមប្រធានសមាគមរូបនេះ ច្បាប់ស្ដីពី«ការដឹកជញ្ជូនតាមផ្លូវទឹក» ពិតជាមានសារសំខាន់ណាស់សម្រាប់វិស័យដឹកជញ្ចូនរបស់កម្ពុជា ហើយក៏ជាអ្វីដែលវិស័យដឹកជញ្ជូននៅកម្ពុជាត្រូវការផងដែរ ខណៈកន្លងមកការអនុវត្តច្បាប់របស់កម្ពុជាបានគោរពទៅតាមច្បាប់អន្តរជាតិ។ សម្រាប់អ្នកជំនាញរូបនេះ តាមរយៈការបង្កើតច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹកដោយខ្លួនឯងនេះ វានឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា-អន្តរជាតិ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត ពិសេសនឹងអាចជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនតែម្តង។
បើតាមឧកញ៉ា ស៊ិន ចន្ធី កន្លងមក នៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ហាក់មានផលលំបាកក្នុងការប្រើប្រាស់ និងការស្នើសុំធានារ៉ាប់រងទៅលើការដឹកជញ្ជូនទំនិញ ដែលធ្វើឲ្យវិស័យដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជា មិនទាន់មានភាពប្រកួតប្រជែងនៅឡើយ។ យ៉ាងណាមិញប្រធានសមាគមភស្តុភារកម្មកម្ពុជា រូបនេះ រំពឹងថា តាមរយៈសេចក្ដីព្រាងច្បាប់ស្ដីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»នេះ វានឹងជួយសម្រួលដល់ការប្រើប្រាស់ និងបង្កើតឲ្យមាននូវការធានារ៉ាប់រងទៅលើការដឹកជញ្ជូនទំនិញ ក៏ដូចជា នឹងជួយធ្វើឲ្យអ្នកវិនិយោគក្នុងវិស័យនេះកាន់មានទំនុកចិត្តមកលើវិស័យដឹកជញ្ជូន និងឡូជីស្ទីករបស់កម្ពុជាថែមមួយកម្រិតទៀត។ បើតាមឧកញ៉ា ស៊ិន ចន្ធី កន្លងមក នៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាមានធានារ៉ាប់រងទៅលើទំនិញ ប៉ុន្តែមិនទាន់មានការធានារ៉ាប់រងទៅលើការដឹកជញ្ជូនទំនិញនៅឡើយទេ។ ដូច្នេះតាមតយៈការបង្កើតច្បាប់ថ្មីនេះលោកឧកញ៉ា រំពឹងថា រាជរដ្ឋាភិបាលនឹងគិតគូរបន្ថែមទៅលើចំណុចនេះស្របពេលបច្ចុប្បន្នបណ្ដាប្រទេសដទៃ ពិសេសប្រទេសក្បែរខាងកម្ពុជា បានអនុវត្តរួចទៅហើយទាក់ទិននឹងធានារ៉ាប់រងទៅលើការដឹកជញ្ជូនទំនិញនេះ ដែលជាហេតុធ្វើឲ្យតម្លៃដឹកជញ្ជូនរបស់ប្រទេសទាំងនោះមានតម្លៃទាបជាងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកមាន២៨០មាត្រា និង១៨ជំពូក ហើយត្រូវបានរៀបចំឡើងដោយច្របាច់បញ្ចូលនូវសេចក្តីព្រាងច្បាប់ចំនួន៣ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ។
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះ កំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យ ដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព និងសន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង ប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងចូលរួមជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក កំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលជាសរសៃឈាមនៃប្រព័ន្ធគមនាគមន៍ និងឡូជីស្ទីកដ៏សំខាន់នៅកម្ពុជា ពិសេសការដឹកជញ្ជូនតាមទន្លេក្នុងប្រទេស ដែលមានថ្លៃថោក តែបច្ចុប្បន្នមិនទាន់ត្រូវបានប្រើប្រាស់ឱ្យអស់សក្តានុពល និងមានប្រសិទ្ធភាពនៅឡើយ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីឆ្លើយតបទៅនឹងដំណើរវិវត្តន៍ឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕