រថយន្តអគ្គីសនី

រដ្ឋាភិបាលគ្រោងចំណាយថវិកា១០លានដុល្លារដំឡើងស្ថានីយសាកអាគុយរថយន្តអគ្គីសនី ដើម្បីជំរុញកំណើនប្រើប្រាស់


រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណ១០លានដុល្លារអាម៉េរិក ដើម្បីដំឡើងស្ថានីយសាកយានយន្តអគ្គិសនីនៅតាមបណ្តាខេត្ត-ក្រុងទូទាំងប្រទេស សំដៅបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជំរុញការប្រើប្រាស់ថាមពលបៃតង។ ជាមួយគ្នានេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏បានប្រកាសពីគម្រោងសាងសង់ស្ថានីយសាកយានយន្តអគ្គិសនីចំនួន១០០ទីតាំងនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងមានសន្ទុះខ្លាំងផងដែរ។
រថយន្តអគ្គីសនី
ដោយ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា អគ្គិសនីកម្ពុជា គ្រោងចំណាយថវិកាជាតិ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយសាកយានយន្តអគ្គីសនីនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដែលកំពុងមានការកើនឡើងខ្លាំង។

មិនត្រឹមតែរាជរដ្ឋាភិបាលនោះទេ សូម្បីតែវិស័យឯកជន ក៏បានមើលឃើញពីសក្តានុពលនេះដែរ។ អ្នកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបង្ហើបពីមហិច្ឆតាក្នុងការបង្កើនស្ថានីយសាករថយន្តអគ្គិសនីឱ្យបានដល់១០០ទីតាំងនៅក្នុងឆ្នាំ២០២៦ នេះ។ អ្នកឧកញ៉ា ជឿជាក់ថា ការមានស្ថានីយសាកថ្មគ្រប់គ្រាន់ គឺជាគន្លឹះសំខាន់ក្នុងការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន ដែលមិនត្រឹមតែជួយសន្សំសំចៃការចំណាយលើប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងធំធេងក្នុងការការពារបរិស្ថានទៀតផង។

ជាមួយគ្នានេះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌាន បានកត់សម្គាល់ថា ទោះបីជាចំនួនអ្នកប្រើប្រាស់យានយន្តអគ្គិសនៅកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយមានការកើនឡើងក៏ដោយ ប៉ុន្តែបើធៀបនឹងទីផ្សាររថយន្តប្រើសាំងធម្មតា គឺនៅមានកម្រិតតិចតួចនៅឡើយ។ លោកយល់ឃើញថា បញ្ហាប្រឈមចម្បងសម្រាប់ការប្រើប្រាស់រថយន្តអគ្គិសនី គឺការខ្វះខាតនៃស្ថានីយសាកថ្មី។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ អ្នកដែលជ្រើសរើសប្រើរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន ភាគច្រើនជាអ្នកដែលមានរថយន្តប្រើសាំងរួចទៅហើយសម្រាប់ធ្វើដំណើរឆ្ងាយៗ ហើយប្រើឡានអគ្គិសនីជាជម្រើសបន្ថែមប៉ុណ្ណោះ។

យោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០២៥ កន្លងទៅ មានយានយន្តអគ្គសនីជិត៨ពាន់គ្រឿងបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ បើតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ រដ្ឋាភិបាលដាក់គោលដៅជំរុញការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនីឱ្យបាន៤០% នៅត្រឹមឆ្នាំ២០៥០ ដើម្បីឈានទៅសម្រេចបាននូវអព្យាក្រឹតកាបូន និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


មន្ត្រី និងអ្នកជំនាញស្នើឱ្យពលរដ្ឋកុំនាំគ្នាទិញប្រេងស្តុកទុក ព្រោះវាអាចបង្កហានិភ័យអគ្គិភ័យ និងរំខានដល់ការផ្គត់ផ្គង់ប្រេងដល់អ្នកដែលមានតម្រូវការចាំបាច់

មន្ត្រី និងក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានស្ថានការណ៍សង្គមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋកុំឱ្យមានការជ្រួលច្របល់សម្រុកទៅទិញប្រេងសាំងស្តុ…

អ្នកជំនាញចាត់ទុកស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពធន់

នៅក្នុងបរិបទសេដ្ឋកិច្ចទំនើប ការចូលរួមរបស់ស្ត្រីលែងគ្រាន់តែជាការងារបន្ទាប់បន្សំទៀតហើយ ប៉ុន្តែវាគឺជាកម្លាំងចលករដ៏មានឥទ្ធិពល ដែលមិនអាចខ្វះប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ