តើកំណែទម្រង់នេះ អាចជាផ្លូវល្អសម្រាប់កម្ពុជាឈានឆ្ពោះទៅកាន់គោលនយោបាយលើកស្ទួយសេដ្ឋកិច្ច នាពេលខាងមុខដែរឬទេ?
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ បានចាត់ទុកការអនុវត្តន៍នូវកំណែទម្រង់របស់រដ្ឋាភិបាលនីតិកាលទី៧ថា បានបង្ហាញឱ្យឃើញពីភាពម៉ឺងម៉ាត់នៅក្នុងការលុបបំបាត់ចោលរាល់ទង្វើមិនល្អ ឬភាពអសកម្មទាំងឡាយដែលមាននៅក្នុងសង្គម ដែលឆ្លុះបញ្ចាំងពីការមិនគាំទ្រនូវអំពើទុច្ចរិត ក៏ដូចជាការឃុបឃិតណាមួយជាមួយអំពីទុច្ចរិតនៅក្នុងការបំផ្លាញឱ្យកម្ពុជាទទួលរងនូវហានីភ័យធ្ងន់ធ្ងរ។
លោក សេក សុជាតិ បានបន្តឲ្យដឹងទៀតថា ការអនុវត្តនូវកំណែទម្រង់ដើម្បីឈានឆ្ពោះទៅកាន់ភាពរីកចម្រើន គឺជារឿងល្អសម្រាប់កម្ពុជា ប៉ុន្តែរដ្ឋាភិបាល គួរគិតគូរការបើកទូលាយផ្ទៃក្នុងនយោបាយ សិទ្ធិបញ្ចេញមតិ និងសិទ្ធិប្រជាធិបតេយ្យជាដើម ខណៈបញ្ហាទាំងនេះ គឺជាការរួមចំណែកក្នុងការឈានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចដោយរលូនដោយមិនមានការព្រួយបារម្ភ។
ជុំវិញកំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិថ្មីនេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការអនុវត្តរបស់រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាគឺជាជំហានដ៏ត្រឹមត្រូវក្នុងទិសដៅធ្វើកែទម្រង់ស៊ីជម្រៅ។ លោកបណ្ឌិត គិន ភា បានលើកឡើងទៀតថា ប្រសិនបើដំណើរការកំណែទម្រង់នេះនៅតែបន្តដោយស្វាហាប់ និងស្មើភាព នោះនឹងក្លាយជាជំហានដ៏វិជ្ជមានប្រកបដោយសុទិដ្ឋិនិយម។សម្រាប់អ្នកជំនាញរូបនេះ ជំហានរបស់រដ្ឋាភិបាលនៅពេលនេះ អាចជាការត្រួសត្រាយផ្លូវមួយដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានការអភិវឌ្ឍសេដ្ឋកិច្ចនាពេលខាងមុខ ព្រោះ រដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យអន្តរកាលសំខាន់ៗចំនួន៣ ដែលនឹងត្រូវអនុវត្តរហូតដល់ឆ្នាំ២០៥០។
ស្រដៀងគ្នានេះដែរ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ការអនុវត្តនូវកំណែទម្រង់អភិបាលកិច្ចល្អ គឺជាការអនុវត្តជាប្រចាំដែលមានតាំងតែពីនៅក្នុងសម័យដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មកម្ល៉េះ។ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា កំណែទម្រង់ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់» ដែលធ្លាប់អនុវត្តតាំងពីអាណត្តិមុន នៅតែមានសុពលភាពសម្រាប់អនុវត្តន៍បន្ត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថ្មី បានដាក់ចេញអភិក្រម៤ទៀត គឺចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ការប្ដេជ្ញាចិត្តខ្ពស់ ការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងការលះបង់។យ៉ាងណាក៏ដោយ សម្រាប់មន្រ្តីជាន់ខ្ពស់រូបនេះ ការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែផ្ដល់កិត្តិយសដល់មន្រ្តីដែលខំបំពេញការងារ ប៉ុន្តែមន្រ្តីដែលធ្វើខុសហើយមិនមានការកែប្រែនឹងត្រូវអនុវត្តនូវអភិក្រមចុងក្រោយ គឺវះកាត់ ឬលះបង់តែម្ដង។
ទន្ទឹមគ្នានេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកដំណើរការអនុវត្តន៍របស់រដ្ឋាភិបាលថា ជាទស្សនវិស័យច្បាស់លាស់ក្នុងការនាំយកកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ៕