ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសស៊ូដង់ ដែលហែកហួរដោយសង្គ្រាមត្រូវការជំនួយមនុស្សធម៌ជាខ្លាំងជាពិសេសនៅផ្នែកខាងលិចនៃប្រទេសនេះ ខណៈមេដឹកនាំយោធាសំខាន់ៗ មិនបានបង្ហាញចេតនាក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ចំពេលមានអំពើហិង្សា និងការសម្លាប់រង្គាលកំពុងបន្តកើតមាននៅក្នុងទីក្រុងអាល់ហ្វាសៀ។
កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ឱ្យជួយសម្រួលដល់ការផ្តល់ជំនួយ ខណៈផែនទីបង្ហាញផ្លូវដោយអ្នកសម្របសម្រួលបានបរាជ័យក្នុងការបង្កើតបទឈប់បាញ់រហូតមកដល់ពេលនេះ។
ពេលនេះវិបត្តិមនុស្សធម៌នៅទូទាំងប្រទេសនេះ មានសភាពកាន់តែលំបាកឡើងៗក្រោយកងកម្លាំងយោធាប៉ារ៉ាបានដណ្ដើមគ្រប់គ្រងរដ្ឋធានីអាល់ហ្វាសៀ កាលពីសប្ដាហ៍មុន បន្ទាប់ពីពួកគេបានឡោមព័ទ្ធរដ្ឋធានីនេះអស់រយៈពេល១៨ខែ ដែលបានធ្វើឱ្យប្រជាជននៅទីនោះត្រូវការជំនួយមនុស្សធម៌ជាខ្លាំង។
សមាជិកសភារបស់អាម៉េរិកបានប្រាប់ភាគីជម្លោះថា បញ្ហាមិនអាចដោះស្រាយតាមផ្លូវយោធាបានឡើយ ហើយការគាំទ្រពីយោធាខាងក្រៅ គឺមានតែអូសបន្លាយពេលជម្លោះតែប៉ុណ្ណោះ។ ដូច្នេះហើយអាម៉េរិកបានជំរុញឱ្យភាគីទាំងពីរប្រើវិធីចរចា ដើម្បីបញ្ចប់ទុក្ខវេទនារបស់ប្រជាជនស៊ូដង់។
ទោះជាយ៉ាងណា ក្រុមសមាជិកសភាអាមេរិក បានអំពាវនាវឱ្យមានការចាត់វិធានការពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីក្រុម RSF បានគ្រប់គ្រងរដ្ឋធានីអាល់ហ្វាសៀ។ លោក ជីម រីស (Jim Risch) សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសកាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកកំណត់ជាផ្លូវការនូវក្រុម RSF ថា ជាអង្គការភេរវកម្មបរទេស៕
ដោយ៖ សុខ មង្គល