កំពូលមហាសេដ្ឋីជនជាតិឥណ្ឌា លោក សាហ្គា អាដានី (Sagar Adani) បានទម្លាយប្រាប់សារព័ត៌មាន CNN កាលពីសប្ដាហ៍មុនថា លោកមានមហិច្ឆតាធំដោយគ្រោងសាងសង់រោងចក្រថាមពលស្អាតធំបំផុតរបស់ពិភពលោក ដែលមានទំហំធំជាងទីក្រុងប៉ារីស ប្រទេសបារាំង ដល់ទៅ៥ដង។ លោក សាហ្គា អាដានី (Sagar Adani) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនថាមពល Adani Green Energy Limited គ្រោងប្រែក្លាយវាលខ្សាច់រហោឋាន ដែលលាតសន្ធឹង៥១៨គីឡូម៉ែត្រការ៉េ នៅជាយភាគខាងលិចនៃប្រទេសឥណ្ឌា ទៅជារោងចក្រថាមពលស្អាត ដោយទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់។
លោកបានអះអាងថា នៅពេលបញ្ចប់ការសាងសង់ជាស្ថាពរ រោងចក្រថាមពលខ្នាតយក្សនេះ នឹងអាចមើលឃើញពីទីអវកាសយ៉ាងច្បាស់ ហើយអគ្គិសនី ដែលផលិតបានពីគម្រោងខ្នាតយក្សមួយនេះ គឺល្មមគ្រប់គ្រាន់អាចផ្គត់ផ្គង់ថាមពលដល់ប្រទេសស្វីស មួយទាំងមូល។ ទោះជាយ៉ាងណា លោកមិនបានទម្លាយឱ្យដឹងលម្អិតទាក់ទិននឹងការអនុវត្តគម្រោង និងទំហំវិនិយោគនៃគម្រោងខ្នាតយក្សនេះទេ។
លោក សាហ្គា អាដានី (Sagar Adani) គឺជាក្មួយប្រុសរបស់លោក គោថេម អាដានី (Gautam Adani) ដែលជាកំពូលមហាសេដ្ឋីមានបំផុតទី២ប្រចាំអាស៊ី ដែលទ្រព្យសម្បត្តិរហូតដល់ទៅ១០០ពាន់លានដុល្លារ របស់លោកបានមកពីក្រុមហ៊ុន Adani Group បង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដែលជាក្រុមហ៊ុននាំចូលធ្យូងថ្មដ៏ធំបំផុតរបស់ឥណ្ឌា។ ក្រុមហ៊ុនវិនិយោគពហុវិស័យមួយនេះបានរកស៊ីក្នុងវិស័យជាច្រើនរាប់ចាប់ពីកំពង់ផែ និងរោងចក្រថាមពលរហូតដល់ប្រព័ន្ធផ្សព្វផ្សាយ និងស៊ីម៉ងត៍៕
ដោយ: តែម សុខុម