សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតី ចាត់ទុកអ្នកធុរកិច្ច និងវិនិយោគិនជាតួអង្គសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកអ្នកធុរកិច្ច និងវិនិយោគិនជាតួអង្គដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជានឹងឈរនៅខាងអ្នកធុរកិច្ច តាមរយៈការជួយគាំទ្រគ្រប់ជំហាន និងតាមគ្រប់មធ្យោបាយ ពោលគឺមិនថា នៅក្នុងផ្នែកបច្ចេកវិទ្យា ថាមពលបៃតង នវានុវត្តន៍ឌីជីថល ឬការបណ្តាក់ទុនផ្សេងទៀតនោះទេ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាដៃគូក្នុងភាពជោគជ័យរបស់វិនិយោគិន។ ទន្ទឹមនឹងនេះ សម្តេចធិបតី ចាត់ទុកភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាយោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត
ដោយ

នាពិធីបើកកិច្ចប្រជុំកំពូល«សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក»នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានគូសបញ្ជាក់ថា តួអង្គសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននោះ គឺអ្នកធុរកិច្ច និងវិនិយោគិន ពោលគឺមិនមែនជារាជរដ្ឋាភិបាលនោះទេ ខណៈតួនាទីរបស់រដ្ឋាភិបាល ត្រឹមជាអ្នកបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចអាចរីកចម្រើន នវានុវត្តន៍អាចមានភាពជឿនលឿន និងកំណើនសេដ្ឋកិច្ចទទួលបានការថែទាំប៉ុណ្ណោះ។ ទន្ទឹមនេះ សម្តេចធិបតី បានប្តេជ្ញា និងសន្យាថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រដល់ភាពជោគជ័យរបស់វិនិយោគិនទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ពោលគឺ រាជរដ្ឋាភិបាលកម្ពុជានឹងឈរនៅខាងអ្នកធុរកិច្ចជានិច្ច តាមរយៈការបន្តជួយគាំទ្រគ្រប់ជំហានចំពោះធុរកិច្ចដែលវិនិយោគនៅកម្ពុជា។

នៅចំពោះមុនវិនិយោគិនបរទេសជាពិសេសវិនិយោគិនចិន សម្តេចធិបតី បានអះអាងថា ការវិនិយោគនៅកម្ពុជា គឺរាជរដ្ឋាភិបាលបានផ្តល់ភាពជាម្ចាស់អាជីវកម្មបរទេស១០០% ដោយមិនមានការរឹតបន្តឹងលើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះ គឺជាចំណុចខុសគ្នាជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។ ម្យ៉ាងទៀត តាមរយៈការអនុញ្ញាតឱ្យអ្នកវិនិយោគរក្សាប្រាក់ចំណេញរបស់ពួកគេកាន់តែច្រើន ក៏បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែងសម្រាប់ការវិនិយោគផងដែរ ដូច្នេះហើយ សម្តេចធិបតី ជឿជាក់ថា ជោគជ័យរបស់អ្នកវិនិយោគ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលផងដែរ។ សម្តេចធិបតី បន្ថែមទៀតថា កម្ពុជាមានកម្មវិធីលើកទឹកចិត្តកម្រិតខ្ពស់ ដែលមានភាពទន់ភ្លន់ខ្លាំងនៅក្នុងតំបន់ ដែលត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្ម និងការវិនិយោគឱ្យមានការរីកចម្រើន។

សម្រាប់សម្តេចធិបតី ការការពារបរិស្ថានរបស់កម្ពុជា ក៏ជាការការពារផលប្រយោជន៍របស់វិនិយោគិន ដោយសារតែទីផ្សារពិភពលោកមានការទាមទារកាន់តែច្រើនឡើងទាក់ទងនឹងខ្សែច្រវាក់ផ្គត់ផ្គង់បៃតង ដូច្នេះនៅពេលដែលវិនិយោគិនជ្រើសរើសប្រទេសកម្ពុជា គឺមិនត្រឹមតែជ្រើសរើសកន្លែងវិនិយោគប៉ុណ្ណោះទេ តែក៏កំពុងក្លាយជាតួអង្គក្នុងការកសាងអនាគតប្រកបដោយចីរភាពផងដែរ។ បើតាមការអះអាងរបស់សម្តេចធិបតី ៦២% នៃល្បាយថាមពលរបស់កម្ពុជាបានមកពីប្រភពកកើតឡើងវិញរួចហើយ ហើយកម្ពុជាប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវថាមពលកកើតឡើងវិញ ៧០% នៅឆ្នាំ២០៣០ និងឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី បានឆ្លៀតយកកិច្ចប្រជុំស្តីពី«សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក»ប្រាប់ធុរជនថា ចិនគឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ពិភពលោក ដូច្នេះនៅពេលដែលចិនផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នោះតំបន់ទាំងមូលនឹងទទួលបានផលប្រយោជន៍ពីការតម្រង់ទិសគោលនយោបាយរបស់ចិន។ សម្តេចធិបតី បានបន្តថា ទំនាក់ទំនងវប្បធម៌ចាក់ឫសយ៉ាងជ្រៅរវាងកម្ពុជានិងចិន រួមផ្សំជាមួយនឹងទំនាក់ទំនងអន្តររដ្ឋាភិបាលដ៏រឹងមាំ បានបង្កើតបរិយាកាសអំណោយផលពិសេសមួយសម្រាប់ការរីកចម្រើនរបស់វិនិយោគចិនផងដែរ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិនបានឈានដល់ជាង១២ពាន់លានដុល្លារអាម៉េរិកនៅក្នុងរយៈពេល១០ខែកន្លងមកនេះមានការកើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅចិនមានទំហំជាង១ពាន់៤រយលានដុល្លារមានការកើនឡើងជាង២១% ខណៈកម្ពុជានាំចូលពីចិនមកវិញមានទំហំរហូតដល់ជិត១១ពាន់លានដុល្លារមានការកើនឡើង២៣%៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ឥឡូវនេះ អតិថិជនអាចទិញទំនិញលើផ្សារខេមបូឌាត្រេដ តាមរយៈ អេប អេស៊ីលីដា បានយ៉ាងងាយស្រួល

ឥឡូវនេះ លោកអ្នកអាចប្រើប្រាស់ អេប ធនាគារ អេស៊ីលីដា ដើម្បីធ្វើការទូទាត់ប្រតិបត្តិការទិញ-លក់ទំនិញលើផ្សារខេមបូឌាត្រេ បានយ៉ាងស្រួល រហ័ស និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ