ឡាវបង្រួមក្រសួងពី១៧មកនៅត្រឹម១៣ក្រសួង

រដ្ឋាភិបាលឡាវធ្វើកំណែទម្រង់គួរឱ្យភ្ញាក់ផ្អើល ដោយបង្រួមក្រសួងពី១៧មកនៅត្រឹម១៣ក្រសួង


ក្រោយវៀតណាមធ្វើកំណែទម្រង់ដោយច្របាច់ក្រសួងសំខាន់ៗបញ្ចូលគ្នា និងប្តេជ្ញាបន្តពិនិត្យធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់មូលដ្ឋានបន្តទៀតនោះ ឡាវដែលជាអ្នកក្បែរខាងកម្ពុជាដែរនោះ បានធ្វើកំណែទម្រង់ស៊ីជម្រៅគួរឱ្យភ្ញាក់ផ្អើល ដោយបានបង្រួមក្រសួងពី១៧មកនៅត្រឹម១៣ក្រសួង ក្នុងគោលបំណងជំរុញប្រសិទ្ធភាពការងារ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Time។
ឡាវបង្រួមក្រសួងពី១៧មកនៅត្រឹម១៣ក្រសួង
ដោយ

រដ្ឋាភិបាលឡាវបានសម្រេចបង្រួមក្រសួងពី១៧មកនៅត្រឹម១៣ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការចំណាយ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ផែនការកាត់បន្ថយចំនួនក្រសួងនេះទទួលបានការបោះឆ្នោតគាំទ្រទាំងស្រុងពីសមាជិកសភាឡាវទាំង១៥៦រូបកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅក្នុងសម័យប្រជុំវិសាមញ្ញលើកទី២ នៃនីតិកាលទី៩របស់រដ្ឋសភា។ ជាមួយគ្នានេះរដ្ឋាភិបាលឡាវ ក៏បានធ្វើកំណែទម្រង់ដោយផ្តល់អំណាចដល់រដ្ឋបាលមូលដ្ឋាន ពង្រីកអាយុចូលនិវត្តន៍សម្រាប់មន្ត្រីរាជការ និងអនុម័តការលើកលែងពន្ធសម្រាប់អ្នកវិនិយោគក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃផងដែរ។

ក្រោមរចនាសម្ព័ន្ធថ្មី ក្រសួងផែនការ និងវិនិយោគត្រូវបានបញ្ចូលគ្នាជាមួយក្រសួងហិរញ្ញវត្ថុ ខណៈក្រសួងថាមពល និងរ៉ែត្រូវបានរួមបញ្ចូលគ្នាជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រីឯក្រសួងធនធានធម្មជាតិ និងបរិស្ថានត្រូវបានបញ្ចូលគ្នាជាមួយក្រសួងកសិកម្ម និងរុក្ខាប្រមាញ់។ ដោយឡែក ក្រសួងមហាផ្ទៃត្រូវបានរំលាយ ហើយអង្គភាពនានានៅក្នុងក្រសួងនេះត្រូវបានបែងចែកទៅតាមអង្គភាពផ្សេងៗ ដោយអង្គភាពដែលនៅសល់ខ្លះ ត្រូវបានដាក់នៅក្រោមគណៈកម្មាធិការបុគ្គលិក និងអង្គការនៃគណៈកម្មាធិការមជ្ឈិមបក្ស ខណៈមុខងារអភិបាលកិច្ច និងរដ្ឋបាលដែនដី ត្រូវបានផ្ទេរទៅនៅក្រោមការិយាល័យនាយករដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធផ្សេងទៀត។

ជាមួយគ្នានេះ ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ត្រូវបានរៀបចំឡើងវិញ ដោយវិស័យព័ត៌មានត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាឃោសនា និងបណ្តុះបណ្តាលរបស់គណៈកម្មាធិការមជ្ឈិមបក្ស ហើយ ក្រសួងត្រូវប្តូរឈ្មោះជាក្រសួងវប្បធម៌ និងទេសចរណ៍។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា​ រងនូវការរិះគន់ឥតសំចៃមាត់ ពីក្រុមប្រឆាំង ថា ធ្វើការនៅក្រោមឥទ្ធិពលឪពុក

កិច្ចប្រជុំសភាថៃ នៅព្រឹកថ្ងៃចន្ទទី ២៤ មីនា បានឡើងកម្ដៅដូចបាយពុះ ខណៈដែលមានការជជែកដេញដោលគ្នាយ៉ាងស្វិតស្វាញ ប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃ គឺលោ…

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Towfiqua Hoque តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ