ពានរង្វាន់ឌីជីថលអាស៊ាន

កម្ពុជាឈ្នះមេដាយមាស ក្នុងការប្រកួតពានរង្វាន់ឌីជីថលអាស៊ានប្រចាំឆ្នាំ២០២៤


ក្រោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយប្រទេសសមាជិកអាស៊ាន ទីបំផុតកម្មវិធី «ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh»បានឈ្នះមេដាយមាសក្នុងក្នុងការប្រកួតដណ្តើមពានរង្វាន់ឌីជីថលអាស៊ានប្រចាំ២០២៤ លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន។
ពានរង្វាន់ឌីជីថលអាស៊ាន
ដោយ

នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរីនេះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផលឌីជីថល សេវាកម្ម និងកម្មវិធីល្អៗរហូតដល់១២៥ ដើម្បីយកមកប្រកួតប្រជែង។ កម្មវិធីនេះមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណៈរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។

ថ្លែងក្នុងឱកាសទទួលពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នាប្រទេសសិង្ហបុរី កាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល(គ.រ.ឌ.)បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថល ក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន។ តាមរយៈមេដាយមាសនេះ បានសបញ្ជាក់ឱ្យឃើញថា សមិទ្ធផលឌីជីថលរបស់កម្ពុជាមិនត្រឹមតែមានការទទួលស្គាល់ក្នុងក្របខណ្ឌកម្ពុជាទេ តែពេលនេះ ក៏ត្រូវបានទទួលស្គាល់ថាជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត បានចាត់ទុកភាពជោគជ័យនេះ គឺជាសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

លើសពីនេះវាបានបង្ហាញឱ្យកាន់តែច្បាស់ថា«ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh» មិនត្រឹមតែពង្រីកវិសាលភាពការប្រើប្រាស់នៅក្នុងកម្ពុជាទេ ថែមទាំងអាចប្រើប្រាស់ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររួមរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្ម និងឯកសារផ្លូវការរបស់បណ្តាប្រទេសក្នុងតំបន់បាន ដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាស។ តាមរយៈកិច្ចខិតខំរួមគ្នានេះ ប្រទេសសមាជិកអាស៊ាននឹងសម្រេចបានគោលដៅរួមក្នុងការទាញយកសក្ដានុពលជាអតិបរមា ពីបច្ចេកវិទ្យាឌីជីថល ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្ដេជ្ញាចូលរួមយ៉ាងមុតមាំក្នុងដំណើរការនេះ។

សូមបញ្ជាក់ថា ពានរង្វាន់ឌីជីថលអាស៊ាន ត្រូវបានបែងចែកជា៦ផ្នែកមានដូចជា ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ, ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន, ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល, ដំណោះស្រាយសម្រាប់មាតិកាឌីជីថល, ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និងដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។ យ៉ាងណាមិញ ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ាន ផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ានឆ្នាំ២០២៤ នេះ «ប្រព័ន្ធសុខាភិបាលឌីជីថល» របស់ព្រះរាជាណាចក្រថៃទទួលបានមេដាយប្រាក់ ហើយ«ប្រព័ន្ធសំបុត្រកំណើតនិងសំបុត្រមរណភាព» របស់ប្រទេសសិង្ហបុរីទទួលបានមេដាយសំរឹទ្ធ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិបត្តិនៅសមុទ្រក្រហមកើនឡើងដល់កម្រិតណាទើបបានជាបង្កហានិភ័យរាប់ពាន់លានដុល្លារដល់ប្រទេសឥណ្ឌា?

ព័ត៌មាន
តម្រូវការអង្ករក្រអូបគ្រាប់វែងបាម៉ាទី (Basmati) របស់ប្រទេសឥណ្ឌាពីសំណាក់អ្នកទិញនៅមជ្ឈិមបូព៌ា សហរដ្ឋអាមេរិក និងអឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំ…

សេចក្ដីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ទទួលបានការអនុម័តពីគណៈរដ្ឋមន្ត្រី

ព័ត៌មាន
នៅទីបំផុតសេចក្ដីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ទទួលបានការអនុម័តពីកិច្ចប្រជុំពេញគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ