
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបើកទ្វារផ្ទះជាមួយកម្រាលព្រំពណ៌ក្រហមទទួលមេដឹកនាំឥណ្ឌាលោក ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន សម្រាប់កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក នៅទីក្រុងធានជីង ប្រទេសចិន ដែលជាការជួបជុំដ៏កម្រមួយរបស់មេដឹកនាំពិភពលោកទាំង៣។ បច្ចុប្បន្នចិន ជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី២ និងជាមហាអំណាចយោធាលំដាប់ទី៣ ខណៈឥណ្ឌា ជាប្រទេសមានប្រជាជនច្រើនជាងគេ និងជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤ ចំណែករុស្ស៊ី ជាមហាអំណាចយោធាទី២ និងជាប្រទេសដែលមានឧស្សាហកម្ម និងសេដ្ឋកិច្ចរឹងមាំមួយនៅអឺរ៉ុប ទោះបីរងទណ្ឌកម្មជុំទិសក្រោយការលុកលុយចូលឈ្លានពានអ៊ុយក្រែន ក៏ដោយ។
សម្រាប់ជំនួប និងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសចិន និងជួបជាមួយលោក ស៊ី វាជារឿងធម្មតាប៉ុណ្ណោះ ព្រោះមេដឹកនាំទាំងពីរតែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាញឹកញាប់ ប៉ុន្តែអ្វីដែលមិនធម្មតានោះ គឺការទៅជាន់ទឹកដីចិន ជាលើកដំបូងលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ដែលជាប្រទេសកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយចិន។
អ្នកក្បែរខាងគ្នាឥណ្ឌា និងចិន មានបញ្ហាជម្លោះព្រំដែនជាមួយគ្នាជាយូរហើយ ហើយដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់ប្រទេសចិន ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំនេះធ្វើឡើងស្របពេលដែលប្រទេសទាំងពីរកំពុងស្ថិតក្រោមដង្កៀបពន្ធគយបដិការដ៏ខ្ពស់ពីសហរដ្ឋអាម៉េរិក ក្នុងនោះឥណ្ឌា រងគំនាបពន្ធរហូតដល់៥០%។
អ្នកវិភាគបានលើកឡើងថា សហរដ្ឋអាម៉េរិក បានស្វែងរកទំនាក់ទំនងល្អប្រសើរឡើងជាមួយឥណ្ឌា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសង្ឃឹមថា ទីក្រុងញូវដេលី អាចនឹងដើរតួជាអ្នកការពារប្រឆាំងនឹងការកើនឡើងនៃអំណាចសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន។ ប៉ុន្តែបញ្ហាពន្ធគយបដិការរបស់លោក ត្រាំ ដែលដាក់លើឥណ្ឌា សំដៅកាត់ផ្តាច់ទំនាក់ទំនងឥណ្ឌា និងរុស្ស៊ី អាចនឹងជំរុញឱ្យលោក ម៉ូឌី មិនត្រឹមតែមិនបោះបង់ទំនាក់ទំនងជាមួយរុស្ស៊ី នោះទេ ថែមទាំងបង្ខិតទំនាក់ទំនងកាន់តែគៀកទីក្រុងប៉េកាំង។
ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងចិន និងឥណ្ឌា លោក ស៊ី បាននិយាយថា ចិន និងឥណ្ឌា ត្រូវតែពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍ ជាជាងការបង្កជម្លោះ។ ចំណែកលោក ម៉ូឌី វិញបាននិយាយថា ប្រទេសទាំងពីរគួរតែបន្តស្វ័យភាពជាយុទ្ធសាស្រ្ត ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមិនគួរត្រូវបានមើលឃើញតាមរយៈកញ្ចក់ប្រទេសទី៣ នោះទេ។ នៅពេលនេះ ចិន និងឥណ្ឌា បានភ្ជាប់ការហោះហើរត្រង់ជាមួយគ្នាឡើងវិញ បន្ទាប់ពីការផ្អាករយៈពេល៥ឆ្នាំ។
ទំនាក់ទំនង និងភាពជំពាក់ជំពិនរវាងខ្លាទាំង៣ខាងលើ ត្រូវបានពិភពលោកមើលឃើញយ៉ាងច្បាស់នៅក្នុងអំឡុងពេលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥៕
ដោយៈ សរ សុជាតិ