នៅក្នុងវេទិកា«ប្រាក់ចំណេញ ឆ្នាំ២០២៤» របស់ផ្សារមូលបត្រកម្ពុជានាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ ទំហំជួយដូរភាគហ៊ុននៅកម្ពុជា ហាក់បានទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីទំហំជួញដូរជាមធ្យមជាង២០ម៉ឺនដុល្លារក្នុង១ថ្ងៃ នៅក្នុងឆ្នាំ២០២៣ មកនៅត្រឹមរង្វង់១០ម៉ឺនដុល្លារក្នុង១ថ្ងៃប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ ដោយសារឥទ្ធិពលពីវិបត្តិសកលនានា។
បើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នកំពុងស្ថិតក្នុងភាពលំបាក និងមិនទាន់មានភាពច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំរូបនេះ សង្កេតឃើញថា មានក្រុមហ៊ុនមួយចំនួននៅតែមានមហិច្ឆតាក្នុងការមកចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាជាបន្តបន្ទាប់។ តួយ៉ាង នៅក្នុងឆ្នាំ២០២៤ នេះ ឯកឧត្តមមានក្តីរំពឹងខ្ពស់ និងជឿជាក់ថា យ៉ាងហោចណាស់នឹងមានក្រុមហ៊ុនថ្មីចំនួន៥ នឹងមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដោយក្នុងនោះមាន២ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៣ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណ។ តាមរយៈវត្តមានរបស់ក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនថ្មីទាំង២នេះ ថ្នាក់ដឹកនាំរូបនេះរំពឹងថា វានឹងអាចជួយជំរុញឱ្យការជួញដូរភាគហ៊ុននៅកម្ពុជាកាន់តែមានភាពមមាញឹក និងធ្វើឱ្យទំហំជួញដូរមានកំណើនឡើងវិញផងដែរ។
សូមជម្រាបថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២២បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ១១ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង១១ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ ដោយក្រុមហ៊ុនទាំងនេះអាចប្រមូលទុនបានប្រមាណ៣៧០លានដុល្លារ ដើម្បីយកទៅពង្រីកអាជីវកម្ម៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ