នាំចេញត្រីងៀត

ត្រីងៀតកម្ពុជាជិត៥តោន ត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលីជាលើកដំបូង


នៅទីបំផុតត្រីងៀនរបស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាបជិត៥តោន ត្រូវបាននាំចេញសាកល្បងទៅកាន់ប្រទេសអូស្ត្រាលីជាលើកដំបូងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយរំពឹងទៅដល់នៅចុងខែនេះ។ ទោះបីវាជាបរិមាណមួយតិចតួច តែជាការបើកផ្លូវមួយដ៏ល្អសម្រាប់ផលិតផលខ្មែរដ៏ទៃទៀត។ Homes Taste Food បានក្លាយជាសហគ្រាសដំបូងគេ ដែលបាននាំចេញផលិតផលត្រីងៀតទៅកាន់ប្រទេសអូស្ត្រាលី។
នាំចេញត្រីងៀត
ដោយ

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការនាំចេញត្រីងៀតខ្មែរលើកដំបូងជាលក្ខណៈផ្លូវការរបស់អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food នេះ គឺមានប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ រួមមាន៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនោះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ ឬ២៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកជំទាវ អ៊ឹម រចនា បានបន្តទៀតថា Home Taste Food គឺជាសហគ្រាសរបស់ខ្មែរដំបូងគេ ដែលបាននាំចេញផលិតផលត្រីកែច្នៃទៅកាន់ទីផ្សារបរទេសជាផ្លូវការ។ ដើម្បីអាចនាំចេញបាន សហគ្រាស Home Taste Food ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិងអន្តរជាតិ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីត្រេកអរចំពោះការបោះជំហានដោយជោគជ័យរបស់សហគ្រាស Home Taste Food និយាយដោយឡែក និងវត្តមានផលិតផលត្រីកែច្នៃរបស់ខ្មែរ នៅលើទីផ្សារអន្ដរជាតិនិយាយជារួម។ ហើយក្រសួងនឹងបន្តគាំទ្រដល់សហគ្រាស Home Taste Food ដែលមានបំណងពង្រីកការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសញូហ្សេលែន នៅក្នុងបរិមាណជាង១០០តោនទៀតនាពេលខាងមុខផងដែរ។

សូមជម្រាបថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ នឹងបន្តធ្វើការជាមួយសហគ្រាសកែច្នៃផលិតផលត្រីនៅកម្ពុជាដទៃទៀត ដើម្បីធានាថាប្រតិបត្តិករជលផល បានអនុវត្តការត្រួតពិនិត្យគុណភាណ និងអនាម័យ ដើម្បីឱ្យផលិតផលជលផលមានស្តង់ដារ សុវត្ថិភាព អនុលោមតាមបទបញ្ញាត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនសំណង់ក្នុងស្រុកជាច្រើននៅប្រទេសវៀតណាម កំពុងជួបវិបត្តិខ្វះដើមទុន

ព័ត៌មាន
ផ្អែកតាមរបាយការណ៍ផ្លូវការមួយបង្ហាញថា ក្រុមហ៊ុនសំណង់ក្នុងស្រុកជាច្រើននៅប្រទេសវៀតណាម នឹងបន្តជូបការលំបាកនៅត្រីមាសទី២ ឆ្នាំ២០២៤ ដោយសារតែការ…

មេផ្សារហ៊ុនរំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីយ៉ាងតិច៥ បន្ថែមទៀត នៅក្នុងឆ្នាំ២០២៤ នេះ

ព័ត៌មាន
មេផ្សារមូលបត្រកម្ពុជារំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីយ៉ាងហោចណាស់ចំនួន៥ បន្ថែមទៀត នៅក្នុងឆ្នាំ២០២៤នេះ បើទោះបីជាស្ថានភាពជួញដូរភាគហ៊ុនបច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ