អាជ្ញាបណ្ណពាណិជ្ជកម្មអនឡាញ

ក្រសួងពាណិជ្ជកម្មទទួលបានពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណពាណិជ្ជកម្មអនឡាញជាង៥ពាន់ច្បាប់ ត្រឹមរយៈពេលជាង១សប្តាហ៍


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា គិតត្រឹមថ្ងៃទី៣ ខែកក្កដាកន្លងទៅ ក្រសួងទទួលបានពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញសរុបជាង៥ពាន់ច្បាប់ នៅត្រឹមតែរយៈពេលមិនបានមួយសប្តាហ៍ផង បន្ទាប់ពីក្រសួងកំណត់យកចាប់ពីថ្ងៃទី៣ ខែកក្កដាតទៅ ជាថ្ងៃអនុវត្តការផាកពិន័យលើអាជីវកម្មដែលបានស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ។ អ្នករកស៊ីតាមអនឡាញនឹងរងការពិន័យជាប្រាក់ ឬផ្អាកអាជីវកម្មផងដែរ បើក្រសួងរកឃើញបន្តរកស៊ីដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។
ក្រសួងពាណិជ្ជកម្ម

តាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មគិតត្រឹមថ្ងៃទី៣ ខែកក្កដា ដែលជាថ្ងៃចាប់ផ្ដើមការផាកពិន័យលើអាជីវកម្មអនឡាញមិនបានមកស្នើសុំលិខិតអនុញ្ញាតនោះ ក្រសួងទទួលបានពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាង៥ពាន់ច្បាប់។ ក្នុងនោះអ្នកមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណនៅទីស្តីការក្រសួងពាណិជ្ជកម្មមានចំនួនជាង៤ពាន់៥រយច្បាប់ ខណៈអ្នកដាក់ពាក្យស្នើសុំនៅតាមមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ត្រូវបានក្រសួងវាយតម្លៃថា មានចន្លោះពី៧០០-១០០០ច្បាប់។

ទោះយ៉ាងណា ឯកឧត្តម ស៊ាង ថៃ អះអាងថា ក្រសួងមិនទាន់ទទួលបានរបាយការណ៍ផ្លូវការពីមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តពាក់ព័ន្ធតួលេខអ្នកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណនោះទេ ហើយក្រសួងក៏មិនទាន់បានញែករវាងអ្នកស្នើសុំលិខិតអនុញ្ញាត និងអ្នកស្នើសុំអាជ្ញាបណ្ណនោះដែរ ដោយសារម្ចាស់អាជីវកម្មបាននាំគ្នាសម្រុកមកដាក់ពាក្យស្នើសុំចុះបញ្ជីច្រើនពេក។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបានគូសបញ្ជាក់ថា ម្ចាស់រកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកនឹងរកការពិន័យជាប្រាក់រហូតដល់១០លានរៀល ឬប្រឈមនឹងការផ្អាកដំណើរការអាជីវកម្ម បើក្រសួងរកឃើញថា ពួកគេបន្តរកស៊ីដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត។ តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម ការអនុវត្តវិធានការពិន័យនេះបានចាប់ផ្តើមតាំងពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២មកម្ល៉េះ។

មិនមែនគ្រប់អាជីវកម្មរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់សុទ្ធតែត្រូវមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណនោះទេ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ មានអាជីវកម្មអនឡាញចំនួន៦ត្រូវបានលើកលែង។ អាជីវកម្មទាំងនោះរួមមាន ទី១.អាជីវកម្មដែលគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវារបស់ខ្លួន ដូចជា ការផ្សព្វផ្សាយទំនិញកសិផលល្អ ប៉ុន្ដែមិនបានប្រកាសអំពីតម្លៃរបស់កសិផល។ ទី២. ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មានផ្សេងៗ សម្រាប់អតិថិជន ឬអ្នកប្រើប្រាស់។ មានន័យថា មានការជជែកជាមួយអ្នកទិញបាន ប៉ុន្ដែមិនមានសេវាកក់ប្រាក់ឡើយ ជារួមគឺមិនមានបង្កើតសំណើនៃកិច្ចសន្យានោះទេ ដូច្នេះក៏មិនចាំបាច់ចុះបញ្ជី នោះដែរ។

ទី៣. ការលក់ទំនិញ ឬសេវា របស់រូបវន្តបុគ្គល ដែលមានផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច។ មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅការរកស៊ីក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០លានរៀលក្នុង១ឆ្នាំ)។ ទី៤. ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណៈគ្រួសារតាមរដូវកាល។ ទី៥. ការលក់ទំនិញជាស្នាដៃសិល្បៈ។ និងទី៦. ការបង្ហាត់បង្រៀនសិស្ស តាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀន ជាសិក្ខាសាលា ជាដើម៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ថា ឆ្នាំនេះអគ្គិសនីកម្ពុជាខាតបង់ថវិកាជាង១០០លានដុល្លារ និងអំពាវនាវឲ្យសន្សំសំចៃការប្រើប្រាស់អគ្គិសនី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាស្ថាប័នរដ្ឋទាំងអស់ ចូលរួមសន្សំសំចៃ លើការប្រើប្រាស់ថា…

ប្រទេសហ្វាំងឡង់ និងស៊ុយអែតចុះហត្ថលេខាលើពិធីសារ ដើម្បីចូលរួមជាសមាជិកណាតូជាផ្លូវការ ខណៈកាណាដាផ្តល់សច្ចាប័នមុនគេ

សម្ព័ន្ធមិត្តទាំង ៣០ ប្រទេសនៃអង្គការណាតូ កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើពិធីសារផ្ដល់សិទ្ធិចូលជាសមាជិកសម្រាប់ហ្វាំងឡង់ និងស៊ុយអែតជាផ្លូវក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ