អត្ថបទពាណិជ្ជកម្ម

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តរៀបចំវគ្គបណ្ដុះបណ្ដាលជូនសហគ្រាសសាធារណៈ ក្នុងក្របខ័ណ្ឌ នៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ


នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី មូលដ្ឋានគ្រឹះគណនេយ្យសម្រាប់សហគ្រាសសាធារណៈ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តរៀបចំវគ្គបណ្ដុះបណ្ដាលជូនសហគ្រាសសាធារណៈ ក្នុងក្របខ័ណ្ឌ នៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ
ដោយ

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, និយ័តករគណនេយ្យ និងសវនកម្ម, សិក្ខាកាមដែលជាមន្ត្រីត្រួតពិនិត្យរដ្ឋអមសហគ្រាសសាធារណៈ និងសិក្ខាកាមកំពុងបម្រើការងារនៅតាមសហគ្រាសសាធារណៈទាំងអស់ ដែលជាអគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន, ប្រធាន-អនុប្រធានផ្នែក ឬប្រធាន-អនុប្រធាន​ការិយាល័យ និងមន្ត្រីជំនាញទទួលបន្ទុកការងារគណនេយ្យ និងហិរញ្ញវត្ថុ សរុបមានសិក្ខាកាមចូលរួមចំនួន ១០០រូប។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើង ដោយមាន​ការសម្របសម្រួលរវាងក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង និយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការគាំទ្រថវិកាពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសិក្ខាកាមនឹងទទួលការបណ្ដុះបណ្ដាលផ្ទាល់ពីគ្រូឧទ្ទេសនៃនិយ័តករគណនេយ្យ និងសវនកម្ម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សម្រាប់សិក្ខាកាមក្រុមទី១ និងក្រុមទី២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹង និងពង្រីកការយល់ដឹង ចំណេះដឹង និងចំណេះធ្វើពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងគោលការណ៍គ្រឹះនៃគណនេយ្យ និងហិរញ្ញវត្ថុ ដែលជាផ្នែកមួយសំខាន់ និងជាគន្លឹះសម្រាប់ឈានដល់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមួយគ្រប់ជ្រុងជ្រោយ បង្ហាញពីតម្លាភាព និងគណនេយ្យភាពរបស់សហគ្រាសទាំងអស់ដែលរដ្ឋជាម្ចាស់កម្មសិទ្ធិ។ ទន្ទឹមនេះ ចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលនេះនឹងក្លាយជាមូលដ្ឋានសម្រាប់​ការបណ្ដុះបណ្ដាលបន្តពាក់ព័ន្ធនឹងការកត់ត្រា និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្ដងដាគណនេយ្យសាធារណៈនៅកម្ពុជា។

ក្នុងឱកាសពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី បានគូសបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ មានទិសដៅពង្រឹងអភិបាលកិច្ច គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការប្រកបអាជីវកម្មរបស់សហគ្រាសសាធារណៈ។ ពោលគឺ តាមរយៈការកែទម្រង់នេះ រាជរដ្ឋាភិបាលនឹងប្រគល់ជូនសហគ្រាសសាធារណៈ កាន់តែច្រើនឡើង និងច្បាស់លាស់ជាងមុន លើស្វ័យភាពផ្នែកគ្រប់គ្រង, ស្វ័យភាពខាងហិរញ្ញវត្ថុ និងការគ្រប់គ្រងថវិកា ដើម្បីផ្ដល់លទ្ធភាពឱ្យបានគ្រប់គ្រាន់ជូនដល់សហគ្រាសសាធារណៈ ក្នុងការប្រកបអាជីវកម្ម ឬផ្ដល់សេវា ឱ្យសម្រេចបានតាមគោលបំណងចម្បងនៃការបង្កើតសហគ្រាសសាធារណៈ គឺ៖ (ទី១) អាចសម្រេចបានគោលដៅអាជីវកម្មដោយទទួលបានប្រាក់ចំណេញក្នុងទីផ្សារប្រកបដោយភាពប្រកួតប្រជែង និងមាននីរន្តរភាពអាជីវកម្ម, និង (ទី២) អាចអនុវត្តបានដោយជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវគោលនយោ-​បាយនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីផ្ដល់សេវា និងទំនិញផ្នែកសង្គម ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្ដមបណ្ឌិតក៏បានគូសបញ្ជាក់ថា ការបណ្ដុះបណ្ដាលកន្លងមក គឺជាផ្នែកមួយនៃវិធានការ​កែទម្រង់ ដោយផ្ដោតលើការពង្រឹងសមត្ថភាពក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃសហគ្រាសសាធារណៈ។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ចំនួន ៣ លើករួចហើយ ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈនៅកម្ពុជា។

ក្នុងឆ្នាំ២០២៤ មានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន ២ រួមមាន៖ វគ្គបណ្ដុះបណ្ដាលស្ដីពីលក្ខន្ដិកៈរបស់សហគ្រាសសាធារណៈនិងការគ្រប់គ្រងអាជីវកម្ម និងវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើង ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងមានការចូលរួមជាវាគ្មិនពីជំនាញការបារាំង ដោយបានផ្ដោតលើការបង្កើនការយល់ដឹងអំពីអភិបាលកិច្ចសាជីវកម្មនៃសហគ្រាសសាធារណៈ ស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈនៅកម្ពុជា និងជាឧត្ដមានុវត្តន៍ជាអន្តរជាតិ។ ក្នុងខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ក៏មានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញពន្ធដារ ក្រោមកិច្ចសហការជាមួយសាលាជាតិពន្ធដារ ដើម្បីពង្រឹងការរៀបចំផែនការ និងការអនុវត្តកាតព្វកិច្ចពន្ធរបស់សហគ្រាសសាធារណៈទាំងអស់ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។​ ដោយឡែក​ វគ្គបណ្ដុះបណ្ដាលរយៈពេល ៤ថ្ងៃនេះ នឹងផ្ដោតលើការបណ្ដុះបណ្ដាលដែលនឹងចូលរួមជាចំណេះដឹងសម្រាប់កែលម្អ និងពង្រឹងការងារគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបច្ចុប្បន្ននៅតាមសហគ្រាសសាធារណៈនីមួយៗ។

វគ្គបណ្ដុះបណ្ដាលខាងលើនេះនឹងបែងចែកជា ៣ ផ្នែកសំខាន់ៗ ជាអាទិ៍៖ ផ្នែកទី១ ផ្ដោតលើការបញ្ជ្រាបការយល់ដឹងអំពីទស្សនាទាន និងគោលការណ៍គ្រឹះនៃគណនេយ្យ និងសមាសធាតុសំខាន់ៗ នៃរបាយការណ៍ហិរញ្ញវត្ថុ ពិសេសប្រភេទឯកសារ និងលំហូរនៃការកត់ត្រាប្រតិបត្តិការគណនេយ្យ; ផ្នែកទី២ ផ្ដោតលើការកត់ត្រាគណនីទ្វេភាគ, របៀបកត់ត្រាតាមគណនីសំខាន់ៗក្នុងសៀវភៅធំ និងតារាងតុល្យការ រួមមាន សន្និធិ, ទ្រព្យសកម្មរយៈពេលវែងរូបិយ, ការបង្គរ និងការបង់មុន, បំណុលពិបាកទារ និងការបង្គរទុក ព្រមទាំងការកត់ត្រាអាករលើតម្លៃបន្ថែម។ ទន្ទឹមនេះ ក៏មានបញ្ជ្រាបការយល់ដឹងអំពីគណនីត្រួតពិនិត្យ, ការផ្ទៀងផ្ទាត់របាយការណ៍ធនាគារ និងការកែតម្រូវកំហុសឆ្គង។ ផ្នែកទី៣ ផ្ដោតលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទាំង ៣ រួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ, របាយការណ៍ចំណេញ ឬខាត, របាយការណ៍បម្រែបម្រួលមូលធន, និងការប្រើប្រាស់ប្រព័ន្ធរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល។

សូមគូសបញ្ជាក់ថា សហគ្រាសសាធារណៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តគោលនយោ​បាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងបរិបទថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន, តួនាទីរបស់សហគ្រាសសាធារណៈកាន់តែមានសារសំខាន់និងមិនអាចខ្វះបាន ដើម្បីផ្ដល់សម្ទុះកំណើនសេដ្ឋកិច្ច និងក្នុងការបង្កើនល្បឿននៃកិច្ចអភិវឌ្ឍសង្គម។ ក្នុងស្មារតីនេះ ការពង្រឹងសហគ្រាសសាធារណៈជាវិធានការកែទម្រង់គន្លឹះមួយរបស់រាជរដ្ឋាភិបាល ដោយបច្ចុប្បន្ន រាជរដ្ឋាភិបាល ដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ កំពុងរៀបចំយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ដែលនឹងក្លាយជាឯកសារចង្អុលបង្ហាញការកែទម្រង់ជាយុទ្ធសាស្ត្រ ដើម្បីឈានទៅពង្រឹងបន្ថែមទៀតនូវអភិបាលកិច្ចសាជីវកម្ម គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មរបស់សហគ្រាសសាធារណៈ ឱ្យស្របតាមការវិវត្តនៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងឧត្ដមានុវត្តន៍ជាអន្តរជាតិ។




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសដល់ស្ត្រីឱ្យ កាន់ដំណែងជាអ្នកដឹកនាំកាន់តែច្រើនក្នុងវិស័យអាកាសចរណ៍

ក្រុមហ៊ុន Vietjet បានបង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមភាពយេនឌ័រ នៅក្នុងកម្ម…

តើអ្វីជាដើមចមធ្វើឱ្យពលរដ្ឋអាម៉េរិកជិត៧លាននាក់ផ្ទុះការបាតុកម្មប្រឆាំងនឹងរដ្ឋបាលលោក ដូណាល់ ត្រាំ?

វាពិតជាគួរឱ្យភ្ញាក់ផ្អើល និងជាព្រឹត្តិការណ៍ដ៏កម្រកើតមាន ដែលពលរដ្ឋអាម៉េរិករហូតដល់ទៅជិត៧លាននាក់បានចូលរួមក្នុងចលនាមហាបាតុកម្ម ដែលមានឈ្មោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ