ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គ-លេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) និងការបណ្តុះបណ្តាលស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈជូនដល់មន្ត្រីទទួលបន្ទុកគ្រប់គ្រងថវិកានៃរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងខេត្តកណ្តាល។
សិក្ខាសាលា និងការបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃគឺចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និង មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ឌឹម បូរ៉ា អភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង មានការចូលរួមពី លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥, លោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្តកណ្តាល ព្រមទាំង លោក លោកស្រីដែលជាមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុនៃរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តកណ្តាលសរុបប្រមាណ ២៦២ នាក់។
សិក្ខាសាលា និងការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
(ទី១) ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសារ និងអត្ថប្រយោជន៍នៃការរៀបចំរបាយការណ៍វិភាគ SWOT របស់ខេត្តកណ្តាល ជូនដល់មន្ត្រីពីបណ្ដាមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្ដាល។
(ទី២) បណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈ របស់មន្រ្ដីគ្រប់គ្រងហិរញ្ញវត្ថុ នៃមន្ទីរជំនាញ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ជុំវិញខេត្តកណ្តាល។
សូមគូសបញ្ជាក់ថា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចាប់ផ្ដើមគាំទ្រមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើការរៀបចំឯកសារវិភាគ SWOT ចាប់តាំងពីឆ្នាំ២០២១ ក្នុងគោលបំណង (ទី១) ពង្រឹងសមត្ថភាពរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការអនុវត្តមុខងារជាសេនាធិការជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានី ខេត្ត លើការងារគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ (ទី២) ផ្សព្វផ្សាយអំពីសក្តានុពល កាលានុវត្តភាព និងព័ត៌មានសង្គម-សេដ្ឋកិច្ចរបស់រាជធានី-ខេត្តនិមួយៗ ដើម្បីបង្កើនឱកាសវិនិយោគ និងការអភិវឌ្ឍន៍, (ទី៣) វិភាគអំពីចំណុចខ្សោយ និងហានិភ័យដើម្បីកំណត់ជាវិធានការ និងគោលនយោបាយសម្រាប់កែលម្អ និងដោះស្រាយឱ្យមានប្រសិទ្ធភាព និង (ទី៤) ជាឯកសារ ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការវិភាគអំពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងជាធាតុចូលសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ រាជធានីខេត្ត, កម្មវិធីវិនិយោគ និងក្របខ័ណ្ឌថវិកា ឬឯកសារគោលនយោបាយផ្សេងៗ។
ទន្ទឹមនេះ, ការបណ្តុះបណ្តាលអំពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពង្រឹងសមត្ថភាព និងជំនាញវិជា្ជជីវៈ ដល់មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមទិសដៅនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។