ភារកិច្ចធំដំបូងរបស់រដ្ឋមន្ត្រីកសិកម្មថ្មី

ភារកិច្ចធំដំបូងរបស់រដ្ឋមន្ត្រីកសិកម្មថ្មី គឺត្រូវដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងដែលបណ្ដាលឲ្យដំណាំស្រូវប្រជាពលរដ្ឋរាប់ម៉ឺនហិកតា


នៅចំពេលនៃការការផ្ទេរតំណែងរដ្ឋមន្រ្តីកសិកម្មថ្មី វិស័យកសិកម្ម ក៏កំពុងស្ថិតក្នុងស្ថានភាពរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំនន់ទឹកភ្លៀងស្ទើរតែទូទាំងប្រទេស ខណៈរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវចុះដោះស្រាយ និងវាយវាយតម្លៃបន្ថែមបន្ទាន់ពីផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះឲ្យបានទាន់ពេលវេលា។
ភារកិច្ចធំដំបូងរបស់រដ្ឋមន្ត្រីកសិកម្មថ្មី គឺត្រូវដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងដែលបណ្ដាលឲ្យដំណាំស្រូវប្រជាពលរដ្ឋរាប់ម៉ឺនហិកតា

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា ត្រូវបានចូលកាន់តំណែងជារដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាផ្លូវការ ជំនួសឯកឧត្តម វេង សាខុន ដែលមានការអញ្ជើញចូលរួមជាអធិបតីរបស់ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ​ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានចាត់ទុកបញ្ហាជំនន់ទឹកភ្លៀង គឺជាការងារដំបូងសម្រាប់រដ្ឋមន្រ្តីកសិកម្មថ្មី ក្នុងការដោះស្រាយ​ជូនប្រជាពលរដ្ឋ ខណៈក្នុងវិស័យកសិកម្មកម្ពុជា នៅមានបញ្ហាជាច្រើនផ្សេងទៀត ដែលរដ្ឋមន្ត្រីកសិកម្មថ្មីត្រូវដោះស្រាយ។

ថ្លែងនាពិធីផ្ទេរតំណែងរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់និងសាទ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាព ទាំងនៅលើទិដ្ឋភាពសន្តិសុខស្បៀង,ការរក្សាលំនឹងជីវភាពនៅរស់របស់ប្រជាពលរដ្ឋក្នុងពេលមានវិបត្តិ,ការបង្កើតការងារ និងចូលរួមក្នុងការជំរុញ​កំណើនសេដ្ឋកិច្ចជាតិ។ យ៉ាងណាមិញ ទន្ទឹមនឹងការរីកចម្រើនគួរឲ្យកត់សម្គាល់ វិស័យកសិកម្មកម្ពុជា នៅមានបញ្ហាប្រឈម​ជាច្រើន ដូចជា កំណើនផលិតភាពកសិកម្មនៅមាន​កម្រិត,កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្រោយ​ពេលប្រមូលផល,កង្វះការកៃច្នៃផលិតផលកសិកម្ម,ការនាំចេញផលិតផលកសិកម្មភាគច្រើនទៅកាន់ទីផ្សារមានលក្ខណៈក្រៅផ្លូវការ និងកង្វះការសម្របសម្រួលស្ថាប័ន។ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានចាត់ទុកបញ្ហាជំនន់ទឹកភ្លៀង គឺជាបេសកកម្មដំបូងសម្រាប់រដ្ឋមន្រ្តីកសិកម្មថ្មី ក្រៅពីបញ្ហា​ជាច្រើនដែលបាននិងកំពុងកើតមានក្នុងវិស័យកសិកម្ម ដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​បានគូសបញ្ជាក់ថា អំឡុងនៃការផ្ទេរតំណែងរដ្ឋមន្រ្តីកសិកម្មនេះដែរ វិស័យកសិកម្ម បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំនន់ទឹកភ្លៀងស្ទើតែទូទាំងប្រទេស។

បើតាមឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ទឹកជំនន់ឆ្នាំ២០២២នេះ មានរយៈពេលអូសបន្លាយយូរជាងឆ្នាំកន្លង ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ច្រើនដល់កសិផលរបស់ប្រជាពលរដ្ឋ ដោយឯកឧត្តមបន្តថា ផ្អែកតាមការវាយតម្លៃបឋម គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដាំណាំស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់សរុបប្រមាណជាង ២០ម៉ឺន៦ពាន់ហិកតា ខណៈផ្ទៃដីដំណាំស្រូវដែលរងការខូចខាតមានជាង ៨ម៉ឺន៥ពាន់ហិកតា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានស្នើទៅឯកឧត្តម ឌិត ទីណា និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចាត់ទុកការងារដោះស្រយផលប៉ះពាល់ពីទឹកជំនន់នេះ ជាការងារអាទិភាពទីមួយ។

ជាការឆ្លើយតប នា​ពិធី​ផ្ទេរ​តំណែងរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់និងសាទ ​នៅ​​ថ្ងៃ​ទី១៧​ ខែតុលា ឯកឧត្តម ឌិត​ ទីណា​ គូសបញ្ជាក់​ថា​ ដ្បិតលោកមិនមានបទពិសោធន៍ការងារក្នុងវិស័យកសិកម្ម តែលោកមានការប្ដេជ្ញាថា នឹងស្វែងយល់​ពី​បញ្ហា​​របស់ប្រជា​កសិករ​ និងធុរជន ដែលកើតមាន ក៏ដូចជា ពង្រីកទីផ្សារ បង្កើនការផ្ដល់បច្ចេកទេស បង្កើនកិច្ច​សហការជាមួយដៃគូ ពិសេសលោកនឹង​ពិនិត្យ​មើល​​​ផល​ប៉ះពាល់​​របស់​កសិករ ​ដោយសារ​ជំនន់​​ទឹក​ភ្លៀង​ ដែលបាន​និងកំពុ​ងកើតមាន នៅតាមបណ្ដាខេត្តនានា ដែលធ្វើឲ្យដំណាំស្រូវរបស់បងប្អូនប្រជាកសិកររងការខូចខាតជាច្រើនហិកតា។

ជុំវិញបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការជួយពលរដ្ឋពិសេសកសិករ​ដែលរងគ្រោះដោយសារទឹកជំនន់ ​ជាការងារអាទិភាពមួយដែលរាជរដ្ឋាភិបាល ត្រូវដោះស្រាយជាបន្ទាន់ ដោយសម្ដេចបានបញ្ជាក់បន្ថែមនៅថ្ងៃទី១៨ ខែតុលាថា បន្ទាប់ពីសម្ដេចទទួលប្រធានាធិបតីទីម៉ឡេស នៅថ្ងៃទី២០ ខែតុលា សម្ដេចនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤ ដូចជា ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយប្រើពេល៥ថ្ងៃ៤យប់ ដើម្បីជួបនិងដោះស្រាយបញ្ហាជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ សម្ដេចក៏បានចាត់ទុកប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ជាក្រុមស្ថិតក្នុងហានិភ័យនៃអតិផរណា និងបានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ មេត្ដាយោគយល់ និងអនុគ្រោះដល់ពួកគេ តាមរយៈការពន្យារពេល ឬបន្ធូរបន្ថយការប្រាក់ ដើម្បីសម្រួលបន្ទុកបំណុលដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ ផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិននឹងបង្កើនជើងហោះហើរជាអន្តរជាតិបន្ថែមទៀត ចំពេលតម្រូវការកើនឡើង

នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍ធំៗបំផុតរបស់ប្រទេសចិនមួយចំនួន កំពុងរៀបចំផែនការបង្កើនជើងហោះហើរអន្តរជាតិបន្ថែមទៀត ដែលជាសញ្ញាមួយបង្ហាញថារដ្ឋ…

មហាសេដ្ឋី Elon Musk សុខចិត្តបន្តខាតបង់២០លានដុល្លារក្នុងមួយខែ ដើម្បីផ្គង់ផ្គង់សេវាអ៊ីនធើណេត Starlinkឲ្យអ៊ុយក្រែន

មហាសេដ្ឋីលំដាប់លេខ១ក្នុងពិភពលោក លោក Elon Musk នៅតែចិញ្ចឹមចិត្តផ្តល់លុយសម្រាប់សេវាអ៊ីធើណេត Starlink ក្នុងប្រទេសអ៊ុយក្រែន ដែលវាបានជួយយ៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ