មហាសេដ្ឋី Elon Musk

មហាសេដ្ឋី Elon Musk សុខចិត្តបន្តខាតបង់២០លានដុល្លារក្នុងមួយខែ ដើម្បីផ្គង់ផ្គង់សេវាអ៊ីនធើណេត Starlinkឲ្យអ៊ុយក្រែន


មហាសេដ្ឋីលំដាប់លេខ១ក្នុងពិភពលោក លោក Elon Musk នៅតែចិញ្ចឹមចិត្តផ្តល់លុយសម្រាប់សេវាអ៊ីធើណេត Starlink ក្នុងប្រទេសអ៊ុយក្រែន ដែលវាបានជួយយ៉ាងច្រើនដល់ទាហានអ៊ុយក្រែន នៅក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី បើទោះបីជាក្រុមហ៊ុនលោកត្រូវខាតបង់លុយរាប់លានដុល្លាររាល់ខែក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
Elon Musk បន្តផ្តល់មូលនិធិសម្រាប់អ៊ីនធើណេតក្នុងនៅអ៊ុយក្រែន ទោះខាត ២០លានដុល្លារក្នុង១ខែ

ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បាន​ប្រកាស​​កាលថ្មីៗនេះថា ទោះបីជាក្រុមហ៊ុន​អ៊ីនធើណែត​ Starlinkរបស់លោក បាន​ខាតបង់​អស់​លុយជាច្រើនក៏ដោយ​ ក៏ក្រុមហ៊ុនលោកនៅតែបន្ត​ផ្តល់​​មូលនិធិ​លើ​សេវាអ៊ីនធើណេតមួយនេះ​ដដែល សម្រាប់​រដ្ឋាភិបាល​​អ៊ុយក្រែន​​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ។

ការប្រកាស​នេះ ធ្វើឡើង​តែ១ថ្ងៃប៉ុណ្ណោះ ​បន្ទាប់ពី​លោក​​​បាននិយាយកាល​ពីថ្ងៃសុក្រថា ក្រុមហ៊ុន​ SpaceX របស់លោក មិនច្បាស់ថានឹងអាចបន្ដ​​បន្តផ្តល់​មូលនិធិ​​សម្រាប់​គម្រោងនេះ​ទៀតឬក៏អត់នោះទេ ខណៈក្រុមហ៊ុនលោក​បាន​ខាតបង់​ប្រហែល​ ២០លានដុល្លារក្នុងមួយខែ។ ហើយពេលនោះ លោកក៏បាន​ស្នើសុំឱ្យ​មន្ទីរបញ្ចកោណអាមេរិក ជួយបរិច្ចាគ​ឱ្យក្រុមហ៊ុន​​នេះ​​ផងដែរ និងច្រណែនជាមួយ​​ក្រុមហ៊ុនដទៃដូចជា Lockheed Martin និង Boeing ដែលសុទ្ធតែ​ទទួល​​បាន​​រាប់ពាន់លានដុល្លារ។ យ៉ាងណាមិញ គេមិនទាន់ដឹងមូលហេតុ​ពិតប្រាកដអំពី​ការផ្លាស់ប្តូរ​​គំនិត​យ៉ាងលឿនរបស់​លោក Elon Musk បែបនេះនោះទេ។

យោងតាម​ឯកសារ​ដែល​ CNN ទទួលបាន បង្ហាញថា កាលពីខែមុន ក្រុមហ៊ុន SpaceX បាន​បញ្ជូន​លិខិត​ទៅកាន់​មន្ទីរបញ្ចកោណ ដោយ​បញ្ជាក់​ថា​ ក្រុមហ៊ុនរ៉ុកកែតនេះ នឹង​អាច​ខាតបង់​ទឹកប្រាក់ដល់ ១២០លានដុល្លារ​​នៅត្រឹមចុងឆ្នាំ​២០២២នេះ ហើយនឹងអាច​បន្តខាតបង់ដល់ ៤០០លានដុល្លារ ក្នុងរយៈពេល១២ខែបន្ទាប់ទៀត។ ដូច្នេះក្រុមហ៊ុនមិនអាច​ទ្រទ្រង់​ការបរិច្ចាគ​សម្រាប់​​សេវាអ៊ីនធើណេតនៅអ៊ុយក្រែនបាន​ទៀតឡើយ។

ការផ្ញើសំបុត្រ​ខាងលើនេះ ធ្វើឡើង​​ដោយសារពេលនោះ មាន​​សេចក្តី​រាយការណ៍ជាច្រើន​អំពីការដាច់អ៊ីនធើណេត Starlink ខណៈ​ដែល​កង​ទ័ពអ៊ុយក្រែ​ន កំពុងវាយដណ្តើម​ទឹកដីពី​រុស្ស៊ីមកវិញ នៅតំបន់ភាគខាងកើត និងខាងត្បូង​ប្រទេស។ ការដាច់សេវាអ៊ីនធើណេតនេះ គឺបាន​បង្កើតបញ្ហាដ៏ធំ ពោលគឺបាន​កាត់ផ្តាច់​​ដល់​ទំនាក់ទំនង​គ្នា​​ក្នុងជួរកងទ័ពអ៊ុយក្រែន ដែល​ស្ថិតនៅសមរភូមិជួរមុខ។

កាលពីពេលថ្មីៗនេះ លោក Elon Musk ក៏មានចេតនាបង្ហាញការគាំទ្ររុស្ស៊ី ដែលបានឈ្លាន​ពានអ៊ុយក្រែន​ផងដែរ ពោលគឺលោកយល់ឃើញថា ការកាត់ទឹកដី​អ៊ុយក្រែន​ចូល​ក្នុងឧបសម្ព័ន្ធ​របស់រុស្ស៊ី គឺជារឿងត្រឹមត្រូវបើ​ផ្អែកតាមប្រវត្តិសាស្រ្ត ហើយបានធ្វើការស្ទង់មតិ​ក្នុងបណ្តាញ​សង្គមរបស់លោកទៀតផង។ ប៉ុន្តែការលើកឡើងនេះ ក៏ទទួលរងនូវប្រតិកម្មពីរដ្ឋាភិបាល​ក្រុងកៀវវិញផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ភារកិច្ចធំដំបូងរបស់រដ្ឋមន្ត្រីកសិកម្មថ្មី គឺត្រូវដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងដែលបណ្ដាលឲ្យដំណាំស្រូវប្រជាពលរដ្ឋរាប់ម៉ឺនហិកតា

ព័ត៌មាន
នៅចំពេលនៃការការផ្ទេរតំណែងរដ្ឋមន្រ្តីកសិកម្មថ្មី វិស័យកសិកម្ម ក៏កំពុងស្ថិតក្នុងស្ថានភាពរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំនន់ទឹកភ្លៀងស្ទើរតែទូទា…

អាមេរិកថា ចិនកំពុងតែបង្កើនល្បឿនផែនការដណ្ដើមកាន់កាប់កោះតៃវ៉ាន់ឲ្យបានកាន់តែឆាប់

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថា ប្រទេសចិនបានធ្វើការសម្រេចចិត្តក្នុងការដណ្ដើមកាន់កាប់យកតៃវ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ