
ជាមួយគ្នាអាម៉េរិកកំពុងពិចារណាបញ្ចប់ការធ្វើពាណិជ្ជកម្មលើប្រេងឆាជាមួយចិន ក្រោយចិន ឈប់ទិញសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក។
ប្រទេសចិន កាលពីថ្ងៃអង្គារ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចំនួន៥ ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុនផលិតកប៉ាល់កូរ៉េខាងត្បូង ហានវ៉ាអូសិន (Hanwha Ocean) ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ។ ការចាត់វិធានការរបស់ក្រសួងពាណិជ្ជកម្មចិននេះបានធ្វើឡើងនៅក្នុងថ្ងៃមហាយក្សចិន និងអាម៉េរិក បានអនុវត្តគិតថ្លៃសេវាកំពង់ផែបន្ថែម ដែលកំណត់គោលដៅលើនាវារៀងៗខ្លួន។
បើតាមការអះអាងរបស់ក្រសួងពាណិជ្ជកម្មចិន អង្គការ និងបុគ្គលនៅក្នុងប្រទេសចិន ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងប្រតិបត្តិការ កិច្ចសហប្រតិបត្តិការ ឬសកម្មភាពពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន ហានវ៉ា ព្រោះក្រុមហ៊ុននេះបានជួយគាំទ្រសកម្មភាពស៊ើបអង្កេតរបស់រដ្ឋាភិបាលអាម៉េរិក ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកកំពុងពិចារណាបញ្ចប់អាជីវកម្មជាមួយប្រទេសចិន ទាក់ទងនឹងការនាំចូលប្រេងឆាមកពីចិនដើម្បីសងសឹកទីក្រុងប៉េកាំង ដែលមិនទិញសណ្តែកសៀងរបស់អាម៉េរិក។
លោក ត្រាំ បាននិយាយថា ចិន កំពុងប្រព្រឹត្តអំពើអរិភាពសេដ្ឋកិច្ចដោយមានចេតនាមិនទិញ សណ្តែកសៀងរបស់អាម៉េរិក និងបង្កការលំបាកដល់កសិករដាំសណ្តែកសៀងរបស់អាម៉េរិកដូច្នេះលោក កំពុងថ្លឹងថ្លែងថា តើគួរតែបញ្ចប់អាជីវកម្មជាមួយចិន លើប្រេងចម្អិនអាហារ និងធាតុផ្សេងទៀត នៃពាណិជ្ជកម្ម ដើម្បីជាការសងសឹកចំពោះចិនវិញ ឬយ៉ាងណា។
គួរបញ្ជាក់ថា ចិនជាអ្នកទិញសណ្តែកសៀងដ៏ធំមួយរបស់អាម៉េរិក ដោយបាននាំចូលប្រហែល២៧លានតោនក្នុងតម្លៃជិត១៣ពាន់លានដុល្លារកាលពីឆ្នាំ២០២៤។ ប៉ុន្តែដោយហេតុតែមានសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងជាមួយរដ្ឋបាលលោក ត្រាំ ទីក្រុងប៉េកាំង មិនបានទិញសណ្តែកសៀងអាម៉េរិក សូម្បីតែមួយគ្រាប់ចាប់តាំងពីខែឧសភា មក៕
ដោយ៖ សុខ មង្គល