ជាក់ស្ដែង ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរ ដ៏ធំជាងគេមួយនៅកម្ពុជា បានអះអាងថា នៅអំឡុងថ្ងៃឈប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានប្រជាពលរដ្ឋដើរកម្សាន្ដយ៉ាងច្រើនកុះកររហូតដល់ជាង៥លាននាក់នៅទូទាំងប្រទេសនោះ បានធ្វើឲ្យចរន្ដនៃប្រតិបត្តិការសេវាធនាគារឌីជីលនៅលើអេស៊ីលីដាម៉ូបាល បានកើនឡើងយ៉ាងគំហុក មានដល់ទៅជាង ៤៣៤លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីថ្ងៃមុនពេលបុណ្យចូលឆ្នាំថ្មី មានត្រឹមតែជាង៣៦០លានដុល្លារអាមេរិកប៉ុណ្ណោះ។
របាយការណ៍ពីធនាគារ អេស៊ីលីដា បានបង្ហាញឲ្យឃើញថា នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំនាសប្ដាហ៍មុននេះការធ្វើប្រតិបត្តិការសេវាធនាគារឌីជីថលដូចជាការទូទាត់ប្រាក់ ផ្ទេរប្រាក់ និងប្រតិបត្តិការសេវាធនាគារផ្សេងៗទៀតនៅលើ អេស៊ីលីដាម៉ូបាល មានការកើនឡើងរហូតដល់ ១លាន៥សែនដងឯណោះ ដែលគិតជាប្រាក់មានជាង៤៣៤លានដុល្លារអាមេរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅអំឡុងថ្ងៃមុនចូលឆ្នាំ គឺប្រតិបត្តិសេវាធនាគារឌីជីធលនៅលើអាស៊ីលីដាម៉ូបាលមានត្រឹមតែជាង ៨១ម៉ឺនដង និងមានទំហំទឹកប្រាក់ជាង៣៦០លានដុល្លារប៉ុណ្ណោះ។
អ្នកជំនាញក្នុងវិស័យធនាគារមើលឃើញថា សម្ទុះកំណើននេះ បានឆ្លុះបង្ហាញឲ្យឃើញពីការយល់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាធនាគារឌីជីថលពីអ្នកប្រើប្រាស់ ខណៈដែលវិស័យនេះ កំពុងមាននិន្នាការរីកចម្រើនលូតលាស់ខ្លាំងគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
យ៉ាងណាមិញ បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញដែរថា នៅអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំ មានភ្ញៀវទេសចរដើរកម្សាន្ដសរុបជាង៥លាននាក់ ដោយពួកគេបានចំណាយថវិកាផ្ទាល់ប្រហែល ជាង២៧៥លានដុល្លារអាមេរិក។ ការចំណាយនេះ អាចបង្កើតមាននូវចំណូលហូរចូលចរន្ដសេដ្ឋកិច្ចជាតិប្រហែល ៥៥០លានដុល្លារអាមេរិកផងដែរ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ទាក់ទងនឹងការអភិវឌ្ឍសេវាធនាគារឌីជីថល លោកស្រី ម៉ារ អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា ធនាគារអេស៊ីលីដា នឹងបន្តអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនក្នុងការប្រើប្រាស់ ក៏ដូចជាឈានទៅសម្រេចគោលដៅក្លាយជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា។ ការអភិវឌ្ឍឥតឈប់ឈរនេះ ដើម្បីកសាងភាពជាដៃគូជាមួយស្ថាប័ន ដែលមានកេរ្តិ៍ឈ្មោះល្អ ដើម្បីគាំទ្រកំណើនអាជីវកម្មផងដែរ។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដារូបនេះ ក៏បានបង្ហាញពីផែនការយុទ្ធសាស្ត្រមួយចំនួនរបស់ អេស៊ីលីដា នៅឆ្នាំ២០២២ នេះ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យស្របតាមគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ផែនការអាទិភាពទាំងនោះរួមមាន ការផ្តល់អាទិភាពសេវាធនាគារតាមទូរស័ព្ទ និងធ្វើឌីជីថលភាវូបនីយកម្មក្នុងកម្រិតអតិបរមា រួមទាំងប្រព័ន្ធទូទាត់ជាតិ (NPH), ដៃគូ និងសមាហរណកម្មបណ្ដាញទូទាត់អាស៊ាន និងកិច្ចសហប្រតិបត្តិការជាសកលជាមួយនឹងការអភិវឌ្ឍធនធានមនុស្សស្របតាមយុគសម័យឌីជីថល។ បន្ថែមលើនេះ អេស៊ីលីដា នឹងបន្តកែទម្រង់ការិយាល័យសាខា ដើម្បីបម្រើសេវាជាធនាគារ ឌីជីថល និងយុទ្ធសាស្រ្តកសាងម៉ាកយីហោ ដើម្បីផ្ដល់ភាពជឿជាក់ដល់អតិថិជន និងដៃគូសហការទាំងអស់។
សូមបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំ២០២២ អេស៊ីលីដា នៅតែរក្សាកំណើនក្នុងការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជន ក្នុងនោះទំហំឥណទានក្នុងរយៈពេល៣ខែមានប្រហែល ៥ពាន់៨០០លានដុល្លារ កើនឡើង ៣៦៣លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការទទួលប្រាក់បញ្ញើមានទំហំ៥ពាន់៩០០លានដុល្លារ កើន១៨៤លានដុល្លារ៕