
លោក លឹម ស៊ុងហេង អ្នកចិញ្ចឹមសត្វក្រពើម្នាក់ក្នុងខេត្តសៀមរាប បានឱ្យដឹងថា ហាងឆេងកូនក្រពើទើបញាស់ត្រូវបានឈ្មួញទិញក្នុងតម្លៃប្រមាណ១៣ដុល្លារក្នុង១ក្បាល។ តម្លៃនេះ ត្រូវបានអ្នកចិញ្ចឹមរូបនេះអះអាងថា មានការកើនឡើងខ្ពស់ បើធៀបនឹងប៉ុន្មានឆ្នាំកន្លងទៅ ដោយសារការពងរបស់ក្រពើញីនៅឆ្នាំនេះ ហាក់មានការពន្យារពេលខុសពីសព្វដង និងពុំសូវមានកូនញាស់ច្រើននោះទេ។ ទោះបីហាងឆេងកូនក្រពើទើបញាស់មានតម្លៃថ្លៃជាងមុនក៏ពិតមែនតែអ្នកចិញ្ចឹមក្រពើរូបនេះនៅតែមានភាពស្ទាក់ស្ទើរក្នុងការពង្រីកការចិញ្ចឹមដោយសារបារម្ភពីភាពមិនទៀងទាត់នៃទីផ្សារ។
មិនខុសគ្នានោះទេ លោក បេង សីហា អ្នកចិញ្ចឹមក្រពើម្នាក់ទៀតនៅក្នុងខេត្តសៀមរាប បានអះអាងថា ទីផ្សារកូនក្រពើនៅឆ្នាំនេះ មានភាពប្រសើរជាងប៉ុន្មានឆ្នាំមុនដែលបានធ្លាក់ចុះរហូតដល់២ពាន់រៀលក្នុង១ក្បាល។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ បានជំរុញដល់អ្នកចិញ្ចឹមក្រពើទាំងអស់ត្រូវផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពទីផ្សារ។ លោក បេង សីហា រំពឹងថា ការចិញ្ចឹមសត្វក្រពើអាចនឹងមានភាពប្រសើរឡើងវិញ ក្រោយប្រទេសចិន បើកច្រកឱ្យកម្ពុជា នាំចេញទៅកាន់ទីផ្សារចិន ដោយផ្ទាល់។
ជាមួយគ្នានេះ លោក គង់ មី អនុប្រធានសហគមន៍កសិកម្មចិញ្ចឹមក្រពើពួកមានជ័យ នៅខេត្តសៀមរាប កត់សម្គាល់ឃើញថា ការកើនឡើងតម្លៃកូនក្រពើនៅឆ្នាំនេះ គឺដោយសារតែស្ថានភាពនៃការចិញ្ចឹមតាមកសិដ្ឋានមានការថយចុះ គួបផ្សំមានតម្រូវការទិញពីក្រុមហ៊ុនរបស់ចិន មានការកើនឡើង។ ទោះបីកូនក្រពើទើបញាស់មានហាងឆេងល្អប្រសើរក៏ពិតមែន ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្នអ្នកជំនាញរូបនេះ សង្កេតឃើញថា នៅពុំទាន់មានការពង្រីកមេក្រពើក្នុងកសិដ្ឋានបន្ថែមទៀតនៅឡើយទេ ខណៈទីផ្សារហាក់មានភាពស្រពេចស្រពិលនៅឡើយ។
ពាក់ព័ន្ធនឹងស្ថានភាពទីផ្សារសត្វក្រពើនេះដែរ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានគូសបញ្ជាក់ថា នៅឆ្នាំនេះ កូនក្រពើទើបញាស់ពិតជាមានតម្លៃល្អប្រសើរប្រាកដមែន ក្រោយមានក្រុមហ៊ុនចិន បើកកសិដ្ឋាន និងប្រមូលទិញក្រពើនៅក្នុងខេត្តសៀមរាប។ ទោះបីតម្លៃកូនក្រពើមានភាពល្អប្រសើរក៏ពិតមែន តែមន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា កសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងខេត្តសៀមរាប ពុំទាន់មានការពង្រីកការចិញ្ចឹមរបស់ខ្លួនគួរឱ្យកត់សម្គាល់នៅឡើយទេ អាចដោយសារពិបាកក្នុងការស្វែងរកចំណី។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលលោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ កម្ពុជា-ចិន បានចុះហត្ថលេខាលើពិធីសារ ស្តីពីការអនុញ្ញាតឱ្យកម្ពុជា អាចនាំចេញសត្វក្រពើទៅកាន់ទីផ្សារចិន។ គិតត្រឹមឆ្នាំ២០២៣ នៅកម្ពុជា មានកសិដ្ឋានចិញ្ចឹមក្រពើចំនួន២៦៨កសិដ្ឋាន ស្ថិតនៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងខេត្តព្រៃវែង។ នេះបើយោងតាមទិន្ន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អត្ថបទ៖ បូ ដូឡា