រុស្សីនឹងសម្រុកការវាយប្រហារ ចំពេលកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប!

ប្រធានាធិបតីអ៊ុយក្រែនថា រុស្សីនឹងសម្រុកការវាយប្រហារកាន់តែខ្លាំង ចំពេលកិច្ចប្រជុំកំពូលEUនៅក្នុងសប្តាហ៍នេះ


ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាដីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បានទស្សន៍ទាយថា រុស្ស៊ីនឹងបង្កើនការវាយប្រហាររបស់ខ្លួនកាន់តែខ្លាំងបន្ថែមទៀតក្នុងសប្តាហ៍នេះ ខណៈដែលមេដឹកនាំសហភាពអឺរ៉ុបនឹងពិចារណាថា តើគួរឲ្យអ៊ុយក្រែនចូលជាសមាជិកនៅក្នុងប្លុកសេដ្ឋកិច្ចនេះ ឬយ៉ាងណា ចំពេលដែលរុស្ស៊ីកំពុងដាក់សម្ពាធគ្រប់បែបយ៉ាង ដើម្បីគ្រប់គ្រងភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ប្រធានាធិបតីអ៊ុយក្រែនថា រុស្សីនឹងសម្រុកការវាយប្រហារកាន់តែខ្លាំង ចំពេលកិច្ចប្រជុំកំពូលEUនៅក្នុងសប្តាហ៍នេះ

មេដឹកនាំ​សហភាព​អឺរ៉ុប​ដែល​មាន​រដ្ឋ​ជា​សមាជិក​ទាំង ២៧ នោះ នឹង​ពិចារណា​លើ​សំណើ​របស់​ទីក្រុង​កៀវ​ក្នុង​ការ​ចូល​ជា​សមាជិកភាព​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​យល់ព្រម​ក្នុង​សម្លេង​តែ​មួយ បើ​ទោះបីជា​មានការ​ស្ទាក់ស្ទើរ​ពី​រដ្ឋ​ជា​សមាជិក​មួយ​ចំនួន​តូច​ក៏​ដោយ​។

វា​ជា​ការ​ពិត​ដែល​ថា ការ​ឱបក្រសោប​របស់​សហភាព​អឺរ៉ុប ចំពោះ​អ៊ុយ​ក្រែ​ន​នឹង​រំខាន​ដល់​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​ផ្សេង​ទៀត របស់​ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន ក្នុង​ការ​កាត់​ផ្ដាច់​ឥទ្ធិពល​របស់​លោក​ខាងលិច ជាមួយនឹង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ខ្លួន​បាន​ចូលលុក​លុយ​អ៊ុយ​ក្រែ​ន​តាំងពី​ខែកុម្ភៈ​ដើមឆ្នាំ​២០២២​មក​។

ទោះបីជា​យ៉ាងណា លោកពូ​ទី​ន​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​បាន​និយាយ​ថា​ទីក្រុង​ម៉ូ​ស្គូ​គ្មាន "​ហេតុផល​អ្វី​ត្រូវ​ប្រឆាំង​នឹង​" អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​នោះ​ទេ​។ ប៉ុន្តែ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​វិញ​បាន​និយាយ​ថា រុ​ស្សី​កំពុង​តាមដាន​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន​នូវ​ទំនាក់ទំនង រវាង​ទីក្រុង​កៀវ និង​សមាជិក​មួយ​ចំនួន​នៃ​សហភាព​អឺរ៉ុប ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​យោធា​នានា​។

បើ​ក្រឡេក​ទៅ​មើល​សមរភូមិ​ដ៏​ក្ដៅ​គគុក​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​នេះ​វិញ ឃើញ​ថា កងកម្លាំង​រុ​ស្ស៊ី​ពេល​នេះ​កំពុង​ព្យាយាម​គ្រប់គ្រង​ទាំងស្រុង​នៃ​តំបន់ Donbas ភាគ​ខាងកើត ដែល​ផ្នែក​ខ្លះ​ត្រូវ​បាន​កាន់កាប់​រួច​ហើយដោយ​ពួក​បំបែក​ខ្លួន ដែល​គាំទ្រ​ដោយ​រុ​ស្ស៊ី​មុន​ការ​ឈ្លានពាន​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​កន្លង​ទៅ​។

យ៉ាងណាមិញ អភិបាលក្រុង​លូក​ហាន លោក ស៊ើ​ហ៊ី ហ្កៃ​ដៃ (Serhiy Gaidai) បាន​និយាយ​ថា នៅ​ទីក្រុង​សៀវ​រី​រ៉ូ​ដូ​ណេ​ក (Sievierodonetsk) ដែល​ជាទី​ក្រុង​ដែល​មាន​ប្រជាជន ១០ ម៉ឺន​នាក់​មុន​សង្គ្រាម​ផ្ទុះ​ឡើង​នោះ ឥលូវ ប្រទេស​រុ​ស្ស៊ី​បាន​គ្រប់គ្រង "​ផ្នែក​សំខាន់​ៗ" ស្ទើរ​ទាំងស្រុង ប៉ុន្តែ​មិនមែន​ទីក្រុង​ទាំងមូល​ទេ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ថ្មី​ៗ​នេះ​។

លើស​ពី​នេះ​ទៅ​ទៀត ក្រសួងការពារជាតិ​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​មុន​នេះ​ដែរ​ថា ទាំង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​បន្ត​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​នៅ​ជុំវិញ​ទីក្រុង​សៀវ​រី​រ៉ូ​ដូ​ណេ​ក Sievierodonetsk នេះ​។

អ្នកវិភាគ និង​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សិក្សា​អំពី​សង្គ្រាម ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន បាន​សរសេរ​ក្នុង​កំណត់​ត្រា​មួយ​ថា "​កងកម្លាំង​រុ​ស្ស៊ី​ទំនងជា​នឹង​អាច​ដណ្តើម​បាន​ទីក្រុង​សៀវ​រី​រ៉ូ​ដូ​ណេ​ក ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ប៉ុន្តែ​រុ​ស្សី​ត្រូវ​ផ្គុំ​កម្លាំង​របស់​ខ្លួន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ក្នុង​តំបន់​យុទ្ធ​សា​ស្ត្រេ​ដ៏​តូច​នេះ​។

គូរ​បន្ថែម​ថា ក្រសួងការពារជាតិ​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​បញ្ជូន​រថពាសដែក​ចំនួន ៤ គ្រឿង​ដំបូង​ក្នុង​ចំណោម ១៤ គ្រឿង​ដែល​បាន​សន្យា​ផ្ដល់​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​សន្យា​ផ្តល់​កញ្ចប់​ថវិកា​ជំនួយ​សរុប​ចំនួន ២០០ លាន​ដុល្លារ​របស់​ទីក្រុង​កង់​ប៉េ​រ៉ា ទៅ​កាន់​ទីក្រុង​កៀវ​។

ក្នុង​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អូស្ត្រាលី លោក រី​ឆា​ដ ម៉ា​លស៍ (Richard Marles) បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​អូស្ត្រាលី​នឹង​នៅ​តែ​ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន ហើយ​លោក​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ឱ្យ​រុ​ស្ស៊ី​បញ្ឈប់​ការ​ឈ្លានពាន​របស់​ខ្លួន​ដោយ​អយុត្តិធម៌ និង​ខុសច្បាប់​លើ​អ៊ុយ​ក្រែ​ន​ជា​បន្ទាន់​"៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនថា ការសាកល្បងជោគជ័យនូវប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ខ្លួន គ្មានបំណងគំរាមកំហែងប្រទេសណាមួយឡើយ

ព័ត៌មាន
ក្រសួងការពារជាតិចិនបានថ្លែងកាលពីពេលថ្មីៗនេះថា ប្រទេសចិនបានធ្វើការសាកល្បងដោយជោគេជ័យនូវប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលដ៏ទំនើបរបស់ខ្លួនដូចការ…

ថៃរំពឹងថា វិបត្តិកង្វះខាតស្បៀងអាហារសកលដែលអាចកើតឡើងនៅឆមាសទី២ឆ្នាំនេះ នឹងក្លាយជាឱកាសធំសម្រាប់អ្នកនាំចេញរបស់ខ្លួន

ព័ត៌មាន
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្យាករទុកថា វិបត្តិកង្វះខាតស្បៀងជាសកលអាចនឹងកើនឡើងក្នុងអំឡុងត្រីមាសទី ៣ និងទី ៤ នៅក្នុងឆ្នាំនេះ ខណៈដែលប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ