សហរដ្ឋអាមេរិក

អាមេរិកអនុម័តឱ្យប្រើប្រាស់សាច់មាន់ដែលកើតពីកោសិកាចិញ្ចឹមក្នុងមន្ទីរពិសោធន៍ដំបូងបង្អស់


នាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ភ្លើងខៀវឱ្យក្រុមហ៊ុន Upside Foods និងក្រុមហ៊ុន Good Meat ដែលកំពុងប្រកួតប្រជែងដើម្បីក្លាយជាក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិក ខាងលក់សាច់សត្វដែលមិនមែនបានមកពីសត្វចិញ្ចឹមបែបប្រពៃណី។ វាជាអ្វីដែលឥឡូវនេះត្រូវបានគេហៅថាសាច់"កើតពីកោសិកា" ឬសាច់"បណ្ដុះ" ដោយសារវាចេញពីមន្ទីរពិសោធន៍។ ការផ្លាស់ប្ដូរនេះចាប់ផ្តើមយុគសម័យថ្មីនៃការផលិតសាច់ ក្នុងគោលបំណងលុបបំបាត់ការឈឺចាប់របស់សត្វ និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកបរិស្ថានបណ្ដាលមកពីការស៊ីស្មៅ ការដាំដុះចំណីសត្វ និងកាកសំណល់សត្វ។
សហរដ្ឋអាមេរិកអនុម័តឱ្យប្រើប្រាស់សាច់មាន់ដែលគេ«បណ្ដុះ»ពីកោសិកាសត្វនៅក្នុងធុងដែក

ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា កាលពីថ្ងៃពុធ ជាលើកដំបូងបំផុតហើយដែលនិយ័តករសហរដ្ឋអាមេរិកបានអនុម័តឱ្យមានការលក់សាច់មាន់ដែលផលិតពីកោសិកាសត្វ ដោយអនុញ្ញាតឱ្យក្រុមហ៊ុននៅរដ្ឋកាលីហ្វ័រញ៉ាចំនួនពីរផ្គត់ផ្គង់សាច់សត្វ"ចិញ្ចឹមក្នុងមន្ទីរពិសោធន៍"នៅតាមតុក្នុងភោជនីយដ្ឋានរបស់ប្រទេសនេះជាបឋម មុនពេលសាច់សត្វបែបនេះអាចដាក់លក់នៅលើធ្នើក្នុងផ្សារទំនើប។

នាយកដ្ឋានកសិកម្មបានផ្តល់ភ្លើងខៀវដល់ក្រុមហ៊ុន Upside Foods និងក្រុមហ៊ុន Good Meat ដែលកំពុងប្រកួតប្រជែងដើម្បីក្លាយជាក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិក ខាងលក់សាច់សត្វដែលមិនមែនបានមកពីសត្វចិញ្ចឹមបែបប្រពៃណី។ វាជាអ្វីដែលឥឡូវនេះត្រូវបានគេហៅថាសាច់"កើតពីកោសិកា" ឬសាច់"បណ្ដុះ" ដោយសារវាចេញពីមន្ទីរពិសោធន៍ ហើយមកដល់ចានអាហារពេលល្ងាចរបស់ភ្ញៀវនៅក្នុងភោជនីយដ្ឋាន។

ការផ្លាស់ប្ដូរនេះចាប់ផ្តើមយុគសម័យថ្មីនៃការផលិតសាច់ ក្នុងគោលបំណងលុបបំបាត់ការឈឺចាប់របស់សត្វ និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកបរិស្ថានបណ្ដាលមកពីការស៊ីស្មៅ ការដាំដុះចំណីសត្វ និងកាកសំណល់សត្វ។ លោក ចូស តេទ្រីក (Josh Tetrick) ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ីត ចាស្ត (Eat Just) ដែលគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុន Good Meat បាននិយាយថា "ជំនួសឱ្យដីទាំងអស់ និងទឹកទាំងអស់ ដែលប្រើសម្រាប់ចិញ្ចឹមសត្វទាំងអស់ដែលត្រូវគេយកមកសំលាប់, យើងអាចធ្វើវាតាមរបៀបផ្សេង" ពោលគឺតាមរបៀបបណ្ដុះសាច់ពីកោសិកាសត្វ។

ក្រុមហ៊ុនទាំងនោះបានទទួលការអនុញ្ញាតឱ្យមានការត្រួតពិនិត្យពីនិយ័តករសហព័ន្ធដែលគេត្រូវការជាចាំបាច់មុននឹងដាក់លក់សាច់និងបសុបក្សីនៅសហរដ្ឋអាមេរិក។ សកម្មភាពលក់សាច់សត្វចិញ្ចឹមក្នុងមន្ទីរពិសោធន៍បានកើតឡើងនៅពេលប៉ុន្មានខែបន្ទាប់ពីរដ្ឋបាលចំណីអាហារនិងឱសថសហរដ្ឋអាមេរិកបានចាត់ទុកថា ផលិតផលពីក្រុមហ៊ុនទាំងពីរខាងលើមានសុវត្ថិភាពក្នុងការទទួលទាន។ ក្រុមហ៊ុនផលិតមួយឈ្មោះថា ច័ញ បាយអូឡូជីក (Joinn Biologics) ដែលធ្វើការជាមួយក្រុមហ៊ុន Good Meat ក៏ត្រូវបានអនុញ្ញាតឱ្យធ្វើផលិតផលប្រភេទនេះផងដែរ។

សាច់សត្វដែលគេដាំដុះត្រូវបានចិញ្ចឹមក្នុងធុងដែក ដោយប្រើកោសិកាដែលកើតចេញពីសត្វមានជីវិត ពីស៊ុតបង្កកំណើត ឬពីធនាគារកោសិកាសត្វដែលគេរក្សាទុក។ ក្នុងករណីរបស់ក្រុមហ៊ុន Upside Foods, សាច់សត្វនោះចេញមកជាស្រទាប់ធំៗ ហើយបន្ទាប់មកត្រូវគេរៀបជារាងបន្ទះៗ និងជារាងសាច់ក្រក។ នៅឯក្រុមហ៊ុន Good Meat ដែល​កំពុងលក់​សាច់​ដាំដុះនៅ​ក្នុង​ប្រទេស​សិង្ហបុរីសព្វថ្ងៃ ​កែច្នៃបណ្ដុំកោសិកា​មាន់ធំៗ​ឱ្យទៅ​ជា​សាច់បន្ទះ សាច់ប្រហិត សាច់ចម្រៀក និង​សាច់ចង្កាក់។

ប៉ុន្តែកុំទាន់អាលស្វែងរកសាច់សត្វផលិតតាមបែបថ្មីនេះនៅក្នុងហាងលក់គ្រឿងបរិភោគនៅសហរដ្ឋអាមេរិក វាមិនទាន់មាននៅឡើយទេ។ លោក រីកាដូ សាន ម៉ាទីន (Ricardo San Martin) នាយកមន្ទីរពិសោធន៍ អាល់មីត (Alt:Meat) នៅសាកលវិទ្យាល័យ កាលីហ្វួរនីញ៉ា ប៊ើកឃ្លេ (California Berkeley) បាននិយាយថា សាច់មាន់ដែលដាំដុះក្នុងមន្ទីរពិសោធន៍មានតម្លៃថ្លៃជាងសាច់ទាំងអស់ដែលបានមកពីសត្វបក្សីចិញ្ចឹម ហើយមិនទាន់អាចផលិតបានស្មើនឹងបរិមាណសាច់សត្វដែលចិញ្ចឹមបែបប្រពៃណីនៅឡើយទេ។

ក្រុមហ៊ុនមានគម្រោងបម្រើអាហារថ្មីជាលើកដំបូងនៅក្នុងភោជនីយដ្ឋានផ្តាច់មុខរបស់ក្រុមហ៊ុន។ ជាក់ស្ដែងក្រុមហ៊ុន Upside Foods បានចាប់ដៃជាមួយភោជនីយដ្ឋានមួយនៅទីក្រុង San Francisco ដែលមានឈ្មោះថា បារ ក្រែន (Bar Crenn) ខណៈដែលសាច់បណ្ដុះរបស់ក្រុមហ៊ុន Good Meat នឹងត្រូវបានបម្រើនៅភោជនីយដ្ឋានមួយក្នុងទីក្រុង Washington ដែលគ្រប់គ្រងដោយមេចុងភៅនិងជាម្ចាស់របស់ក្រុមហ៊ុនផ្ទាល់ គឺលោក ចូសេ អង់ឌ្រេ (Jose Andrés)។

នៅទូទាំងពិភពលោក មានក្រុមហ៊ុនជាង ១៥០ ដែលកំពុងផ្តោតលើការផលិតសាច់បណ្ដុះពីកោសិកា មិនត្រឹមតែសាច់មាន់ប៉ុណ្ណោះទេ ប៉ុន្តែសាច់ជ្រូក សាច់ចៀម សាច់ត្រី និងសាច់គោដែរ ដែលអ្នកវិទ្យាសាស្ត្រនិយាយថាមានឥទ្ធិពលខ្លាំងបំផុតលើបរិស្ថាន។

លោក សេបាស្យាង បុន (Sebastian Bohn) ដែលមានជំនាញផ្នែកអាហារកោសិកានៅក្រុមហ៊ុន CRB ដែលមានទីតាំងនៅរដ្ឋ Missouri និងដែលរចនានិងសាងសង់រោងចក្រឱ្យក្រុមហ៊ុនឱសថ ក្រុមហ៊ុនបច្ចេកវិទ្យាជីវៈ និងក្រុមហ៊ុនអាហារ បាននិយាយថា វាអាចចំណាយពេលពីរបីឆ្នាំ មុនពេលដែលអ្នកប្រើប្រាស់ឃើញផលិតផលសាច់បណ្ដុះនៅក្នុងភោជនីយដ្ឋានកាន់តែច្រើន និងពី ៧ ទៅ ១០ ឆ្នាំ មុនពេលដែលសាច់ប្រភេទថ្មីនេះវាយលុកទីផ្សារកាន់តែទូលំទូលាយ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata និង Pleng ឧបត្ថម្ភផលិតបទចម្រៀង «Rise Up» ដើម្បីអបអរសាទរការបញ្ចប់ព្រឹត្តការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី ១២

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងកម្មវិធីតន្រ្តី Pleng បានចូលរួមគាំទ្រឧបត្ថម្ភផ្តាច់មុខក្នុងការផលិត…

លោក គីស៊ីដា ថា ជប៉ុននឹងចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ តែក៏សង្កត់ធ្ងន់ឱ្យមានកិច្ចសន្ទនាជាមួយចិន

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ