ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានបន្តហក់ឡើងឥតឈប់ឈានដល់កម្រិតកំណត់ត្រាមិនធ្លាប់មាន២,៧០០ដុល្លារអាម៉េរិក ក្នុងមួយអោន ឬជិត៣.២៩៣ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ដែលជំរុញដោយការព្រួយបារម្ភអំពីភូមិសាស្ត្រនយោបាយ និងស្ថានភាពសេដ្ឋកិច្ច ដែលធ្វើឱ្យមាសក្លាយជាទ្រព្យសកម្មដ៏កំពូលមួយ ដែលដំណើរការល្អជាងភាគហ៊ុនទៅទៀតប្រចាំឆ្នាំ២០២៤ នេះ។
ជាធម្មតា មាសហក់ឡើងថ្លៃ នៅពេលដែលធនាគារកណ្តាលអាម៉េរិក បញ្ចុះអត្រាការប្រាក់ដែលជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ឆ្នាំនេះ។ លោកស្រី ចូនី តេវេស (Joni Teves) អ្នកជំនាញផ្នែកយុទ្ធសាស្រ្តនៅធនាគារវិនិយោគអាម៉េរិក UBS បានធ្វើការកត់សម្គាល់កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា ការធ្លាក់ថ្លៃប្រាក់ដុល្លារ ហានិភ័យភូមិសាស្ត្រនយោបាយដែលកំពុងបន្តកើតមាន និងភាពមិនប្រាកដប្រជាជុំវិញការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក ក៏ជាកត្តារួមផ្សំជួយជំរុញឱ្យបណ្ដាវិនិយោគិនងាកទៅសម្រុកទិញចូលមាសផងដែរ ជាហេតុនាំឱ្យមាសហក់ឡើងថ្លៃកាន់តែខ្លាំង។
ហាងឆេងមាសនៅក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានហក់ឡើងថ្លៃដល់២,៧០២ដុល្លារក្នុងមួយអោន ឬជាង៣.២៩៥ដុល្លារ ក្នុងមួយតម្លឹងដែលជាកម្រិតកំណត់ត្រាថ្មីមួយទៀត។ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០២៤ នេះ បានហក់ឡើងរហូតដល់ទៅប្រមាណ៣០% បើធៀបនឹងការហក់ឡើង២០% របស់ផ្សារហ៊ុនធំបំផុតរបស់សហរដ្ឋអាម៉េរិក S&P 500។
សូមបញ្ជាក់ថា អ្នកទិញមាសត្រូវបានបែងចែកយ៉ាងទូលំទូលាយជា៣ក្រុមធំៗដូចជា ក្រុមអ្នកទិញទី១, គឺជាប្រទេសនានា ដូចជាមហាយក្សចិន និងឥណ្ឌា ជាដើម ដែលបានកាត់បន្ថយទុនបម្រុងអន្តរជាតិ ក្នុងទម្រង់ជាប្រាក់ដុល្លារ និងបង្កើនទុនបម្រុងអន្តរជាតិ ក្នុងទម្រង់ជាមាស បន្ទាប់ពីប្រទេសរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រុមអ្នកទិញទី២, គឺវិនិយោគិនជារូបវន្តបុគ្គលនៅក្នុងប្រទេសជប៉ុន សហរដ្ឋអាម៉េរិក ប្រទេសចិន និងនៅប្រទេសផ្សេងៗទៀតដែលបានបង្កើនការទិញចូលមាសដោយសារការព្រួយបារម្ភអំពីស្ថានភាពសេដ្ឋកិច្ច និងអតិផរណានៅក្នុងប្រទេសកំណើតរបស់ពួកគេ។ និងក្រុមអ្នកទិញទី៣, គឺវិនិយោគិនជានីតិបុគ្គល ឬស្ថាប័នដែលបានសម្រុកទិញចូលមាស ក្រោយពីធនាគារកណ្ដាលអាម៉េរិក បានបញ្ចុះអត្រាការប្រាក់កាលពីពេលថ្មីៗនេះ ដែលជាកត្តាជំរុញឱ្យហាងឆេងមាសហក់ឡើងកាន់តែខ្ពស់ផងដែរ៕
ដោយ: តែម សុខុម