អាជីវករ

តើតម្លៃទំនិញនៅលើទីផ្សារមានការប្រែប្រួលយ៉ាងណាក្រោយតម្លៃប្រេងហក់ឡើងថ្លៃខ្ពស់?


ក្រុមអាជីវករលក់បន្លែ និង សាច់នៅផ្សារដើមគ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីតម្លៃទំនិញនៅលើទីផ្សារបានហក់ឡើងថ្លៃតាមសម្ទុះនៃការកើនឡើងតម្លៃប្រេងឥន្ធនៈ។ បញ្ហានេះមិនត្រឹមតែធ្វើឱ្យទំនិញឡើងថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យចំនួនអតិថិជនធ្លាក់ចុះជាងមុនផងដែរ។ ទន្ទឹមនឹងនេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យមានការចាត់វិធានការអន្តរាគមន៍លើតម្លៃប្រេង ដើម្បីកាត់បន្ថយសម្ពាធចំណាយលើថ្លៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង កាត់បន្ថយផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មផ្សេងៗ។
អាជីវករ
ដោយ

តម្លៃម្ហូបអាហារនៅលើទីផ្សារមានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជា បានហក់ឡើងខ្ពស់។ លោកស្រី អ៊ូច ស្រីពៅ អាជីវករលក់បន្លែនៅផ្សារដើមគ កត់សម្គាល់ឃើញថា ចាប់តាំងពីតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់មក វាបានជំរុញឱ្យតម្លៃបន្លែ និងទំនិញផ្សេងៗ ក៏បានហក់ឡើងថ្លៃទៅតាមនឹងដែរ ដែលកត្តានេះកំពុងទាញទម្លាក់ការលក់របស់ខ្លួន និងអាជីវករដទៃទៀត។ បើតាមការអះអាងរបស់អាជីវកររូបនេះ គ្រាន់តែបន្លែកញ្ឆែតបានហក់ឡើងថ្លៃមួយគុណនឹងពីរឡើងដល់ចន្លោះពី១៨,០០០ទៅ២០,០០០រៀលក្នុង១គីឡូក្រាម ខណៈកាលពីប្រេងឥន្ធនៈមិនទាន់ឡើងថ្លៃ គឺមានតម្លៃចន្លោះ ៦,០០០រៀល ទៅ៧,០០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ លោកស្រី ស្នើឱ្យរដ្ឋាភិបាលជួយធ្វើយ៉ាងណាឱ្យតម្លៃប្រេងឥន្ធនៈធ្លាក់ចុះឱ្យទាបជាងតម្លៃបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកស្រី នួន ស្រីចិន អាជីវករលក់សាច់ជ្រូកនៅផ្សារដើមគ ក៏បានត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណូល និងការលក់របស់ខ្លួនផងដែរ បន្ទាប់ពីតម្លៃសាច់ជ្រូក និងប្រេងឥន្ធនៈមានការកើនឡើងនៅមួយរយៈចុងក្រោយ។ បើតាមការគូសបញ្ជាក់របស់អាជីវកររូបនេះ សាច់ជ្រូកបច្ចុប្បន្នបានហក់ឡើងដល់ ១៧,០០០រៀលក្នុង១គីឡូក្រាម ខណៈកាលប្រេងឥន្ធនៈមិនទាន់ឡើងថ្លៃ មានតម្លៃចន្លោះពី ១៣,០០០រៀលទៅ១៤,០០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។

ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ទោះបីតម្លៃប្រេងឥន្ធនៈមានការកើនឡើងក៏ដោយ តែតម្លៃសាច់ជ្រូកនៅលើទីផ្សារនៅតែមានស្ថិរភាពល្អប្រសើរ។ ទោះជាយ៉ាងណាក៏ដោយ លោកហាក់បង្ហាញការព្រួយបារម្ភចំពោះការកើនឡើងតម្លៃប្រេងឥន្ធនៈក្នុងការធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ និងផលិតកម្មផ្សេង ៗ ។  

ជាមួយគ្នានេះ លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ នៃសមាគមវារីវប្បករនៅកម្ពុជា បានអះអាងថា តម្លៃត្រីនៅលើទីផ្សារពុំទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់នៅឡើយទេ ខណៈសកម្មភាពទិញ-លក់នៅតែបន្តដំណើរការល្អ។ លោកកត់សម្គាល់ថា ដោយសាររដូវកាលនេះ កសិករប្រមូលផលត្រីបានយ៉ាងច្រើនលើសលប់ ទើបធ្វើឱ្យតម្លៃត្រីពិបាកនឹងហក់ឡើងថ្លៃ បើទោះបីជាតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងក៏ដោយ។ ទោះជាយ៉ាងណា លោក ថា ស្ថានភាពនេះអាចនឹងមានការប្រែប្រួលទៅថ្ងៃខាងមុខ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១១-១៣ ខែមីនា តម្លៃសាំងធម្មតានៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសត្រូវលក់ចេញ៥,២០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៦,០៥០រៀលក្នុងមួយលីត្រ។ ក្រសួងរ៉ែ និងថាមពលបានព្រមានថា ស្ថានីយប្រេងឥន្ធនៈអាចប្រឈមនឹងការដកអាជ្ញាបណ្ណប្រសិនបើធ្វើអាជីកម្មមិនត្រឹមត្រូវ ឬ ខុសច្បាប់៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


Metfone ដាក់ឱ្យដំណើរការដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ដែលលើកកម្ពស់កំណើនបៃតង និងប្រកបដោយចីរភាព

នៅថ្ងៃទី១២ ខែមីនា ក្រុមហ៊ុន Metfone បានដាក់ចេញជាផ្លូវការនូវប្រព័ន្ធថាមពលព្រះអាទិត្យឆ្លាតវៃរបស់ខ្លួនសម្រាប់គ្រួសារ និងអាជីវកម្មនានានៅក្នុង…

ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងដឹកជញ្ជូនស្នើឱ្យរដ្ឋាភិបាលដាក់ចេញយន្តការពិសេស ដើម្បីទប់ទល់នឹងការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ

ក្រុមអ្នកជំនាញមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យដឹកជញ្ជូនបានអំពាវនាវដល់រដ្ឋាភិបាលឱ្យពិនិត្យលទ្ធភាពដាក់ចេញនូវយន្តការអន្តរាគមន៍ពិសេស ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ