លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈវត្តមានរបស់រោងចក្រផលិតសំបកកង់រថយន្តចំនួន៣ ដែលបើកប្រតិបត្តិការដំណាក់កាលដំបូងរបស់ខ្លួននៅកម្ពុជាបានជួយស្រូបទាញផលិតផលជ័រកៅស៊ូក្នុងស្រុកបានមួយចំណែកជួយស្រូបទាញជ័រកៅស៊ូរហូតដល់ជាង៣០% នៃទិន្នផលជ័រកៅស៊ូសរុបរបស់កម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា ទិន្នផលជ័រកៅស៊ូរបស់កម្ពុជារហូតដល់៨០% នឹងត្រូវបានប្រើប្រាស់សម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ប្រសិនបើកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្តថ្មីពីពីរទៅបីទៀត ដាក់ឱ្យដំណើរការ។
បើតាមរបាយការណ៍របស់អគ្គនាយកដា្ឋនកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ បានជិត៤០០លានដុល្លារ មានការកើនឡើងជាង២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញជ័រកៅស៊ូ សម្រេចបានទឹកប្រាក់ជាង៣៩៤លានដុល្លារជាមួយបរិមាណនាំចេញជិត២៥ម៉ឺនតោន ខណៈការនាំចេញឈើកៅស៊ូមានទឹកប្រាក់ជាង៣លានដុល្លារ ជាមួយបរិមាណនាំចេញជាង១ម៉ឺន៦ពាន់ម៉ែត្រគូប។
ទន្ទឹមនឹងការនាំចេញជ័រកោស៊ូមានការកើនឡើង លោក ម៉ែន សុភក្តិ បានអះអាងថា តម្លៃជ័រកៅស៊ូនាំចេញនៅប៉ុន្មានខែចុងក្រោយនេះ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺតម្លៃជ័រកៅស៊ូជាមធ្យមនៅក្នុងត្រីមាសទី៣ឆ្នាំនេះអាចលក់បានក្នុងតម្លៃប្រមាណ២ពាន់ដុល្លារក្នុង១តោន កើនឡើងប្រមាណ៣រយដុល្លារក្នុង១តោន បើធៀបនឹងត្រីមាសមុន។ ការកើនឡើងតម្លៃ និងការនាំចេញជ័រកៅស៊ូនេះត្រូវបានអ្នកជំនាញរូបនេះលើកឡើងថា គឺដោយសារការផ្គត់ផ្គង់ផលិតផលជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិ មានតិចជាងតម្រូវការប្រើប្រាស់ ក្រោយប្រទេសផលិតកៅស៊ូធំៗមួយចំនួនបានរងផលប៉ះពាល់ដោយសារបញ្ហាអាកាសធាតុ។
បើតាមអគ្គនាយកដា្ឋនកៅស៊ូ បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣២ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង៨ម៉ឺនហិកតា។ ដោយឡែក សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង១៨ម៉ឺនហិកតា៕