សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតី ជំរុញឱ្យអាស៊ានផ្តោតលើការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការគំរាមកំហែងកាន់តែខ្លាំងឡើងពីការប្រែប្រួលអាកាសធាតុ បានជំរុញឱ្យគ្រោះមហន្តរាយបានកើតមានឡើង កាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងពិបាកប៉ាន់ប្រមាណនៅក្នុងតំបន់។ ជាមួយគ្នានេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា បន្ថែមលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជន អាស៊ាន ត្រូវបន្តផ្តោតលើការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់រយៈពេលវែងទាំងក្នុងទីប្រជុំជន និងជនបទ។
សម្តេចធិបតី ហ៊ុន ម៉ាណែត
ដោយ

នាពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គ្រោះមហន្តរាយគ្រប់ទម្រង់បង្កើតឱ្យមានបញ្ហាប្រឈមឥតឈប់ឈរដល់ប្រជាជាតិទាំងអស់ ព្រោះថា ទោះតូចក្តី ធំក្តី គ្រោះមហន្តរាយតែងបន្សល់ទុកនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងសង្គម។ យ៉ាងណាមិញ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង នៃការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយបាន និងកំពុងកើតមានឡើងកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងពិបាកប៉ាន់ប្រមាណ ជាក់ស្តែងគ្រោះមហន្តរាយដែលកើតមានឡើងនាពេលថ្មីៗនេះ ដូចជាការរញ្ជួយដី ទឹកជំនន់ និងព្យុះស៊ីក្លូនត្រូពិក បានបណ្តាលឱ្យមានចំនួនអ្នកស្លាប់កើនឡើង និងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

សម្ដេចធិបតី បានបន្ថែមថា តាមទស្សនវិស័យរបស់កម្ពុជា គឺចាំបាច់ត្រូវបែងចែកឱ្យដាច់រវាងសកម្មភាពជួយសង្គ្រោះពីគ្រោះមហន្តរាយនៅតំបន់ទីប្រជុំជន និងតំបន់ជនបទ ជាពិសេសពាក់ព័ន្ធនឹងទឹកជំនន់។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ សកម្មភាពរួមរបស់អាស៊ាន គឺមិនត្រឹមតែត្រូវផ្តោតលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការកសាង ឬការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែងទាំងក្នុងទីប្រជុំជន និងជនបទ។ បើតាមសម្តេចធិបតី បន្ថែមលើបញ្ហាប្រឈមទាក់ទងនឹងធនធានហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អាស៊ានក៏ត្រូវតែទទួលស្គាល់ថា សមត្ថភាព ចំណេះដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅមានភាពមិនស្មើគ្នានៅក្នុងតំបន់នីមួយៗ។

ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ពីអាទិភាពគន្លឹះចំនួន៥ សម្រាប់ការយកចិត្តទុកដាក់រួមគ្នាក្នុងការគ្រប់គ្រងគ្រោះមហន្តរាយផងដែរ ក្នុងនោះរួមមានការបង្កើនការត្រៀមខ្លួន តាមរយៈប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន និងសមត្ថភាពព្យាករណ៍ ដែលរឹងមាំជាងមុន ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងជាបន្តបន្ទាប់, ការលើកកម្ពស់ភាពជាដៃគូពហុភាគី ដោយមានការចូលរួមពីវិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ដើម្បីជំរុញនវានុវត្តន៍ និងកៀរគរធនធាន, ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត ឧបករណ៍ភូមិសាស្ត្រ និងការវិភាគទិន្នន័យ ដើម្បីបង្កើនភាពជាក់លាក់ និងប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, ការពង្រឹងទំនាក់ទំនងជាសកល តាមរយៈការកសាងភាពជាដៃគូរបស់អាស៊ាន ជាមួយស្ថាប័នអន្តរជាតិ ដូចជា ការិយាល័យសហប្រជាជាតិ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ដើម្បីរៀបចំបង្កើតយុទ្ធសាស្ត្រឱ្យស្របនឹងក្របខណ្ឌសេនដាយ (Sendai Framework) និងការចែករំលែកចំណេះដឹងឧត្តមានុវត្តន៍ និងមេរៀនរបស់អាស៊ានជាមួយតំបន់ផ្សេងទៀត ជាពិសេសក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន៕

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ជះលុយ៩ពាន់លានដុល្លារទិញយន្ដហោះចម្បាំង J-10C របស់ចិន ចំនួន៤២គ្រឿង

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី១៥ ខែតុលា ថា ទីក្រុងហ្សាការតា បានចាយលុយដល់ទៅ៩ពាន់លានដុល្លារអាម៉េរិក បញ្ជា…

អាជ្ញាធរវៀតណាម បង្ក្រាបបានសាច់ក្របី ដែលចាក់បញ្ចូលសារធាតុគីមីដ៏គ្រោះថ្នាក់

ក្រុមហ៊ុនមួយនៅក្នុងរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ត្រូវបានប៉ូលិសរកឃើញថា បានចាក់បញ្ចូលសារធាតុគីមីដ៏គ្រោះថ្នាក់ក្នុងសាច់ក្របី ដើម្បីលក់បន្លំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ