បើតាមទិន្នន័យរបស់ទស្សនាវដ្ដី Forbes ចេញផ្សាយថ្មីៗនេះបានបង្ហាញថា នៅក្នុងចំណោម វិស័យសំខាន់ៗទាំង៥ រួមមាន វិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា ផលិតកម្ម ការលក់រាយ និងអាហារនិងផ្លែឈើ គឺវិស័យហិរញ្ញវត្ថុ មានចំនួនមហាសេដ្ឋីច្រើនជាងគេក្នុងចំណោមមហាសេដ្ឋីសរុបទាំងជាង២ពាន់៧រយនាក់នៅក្នុងពិភពលោក។
ក្នុងនោះវិស័យហិរញ្ញវត្ថុបានបណ្តុះមហាសេដ្ឋីសរុបបានចំនួន៤២៧នាក់ ឬស្មើនឹង១៥%នៃចំនួនមហាសេដ្ឋីសរុប ហើយក្នុងចំណោមមហាសេដ្ឋីទាំងនេះ គឺលោកមហាសេដ្ឋី វ៉រ៉េន បាប់ហ្វេត (Warren Buffet) អាយុ៩៣ឆ្នាំ គឺជាអ្នកមានទ្រព្យច្រើនជាងគេបំផុតរហូតដល់ជិត១៣៤ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
ជាមួយគ្នានេះ វិស័យបច្ចេកវិទ្យាមានការកើនឡើងចំនួនមហាសេដ្ឋីចំនួន២៩នាក់ បើធៀបនឹងឆ្នាំមុនដោយឡើងដល់៣៤២នាក់នៅឆ្នាំនេះ ហើយលោកមហាសេដ្ឋី ជេហ្វ បេហ្សូស (Jeff Bezos) អាយុ៦០ឆ្នាំ គឺជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេរហូតដល់ជាង១៩២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៦ ខែមេសា។
ចំណែកវិស័យផលិតកម្មមានការកើនឡើងចំនួនមហាសេដ្ឋីចំនួន៤៩នាក់នៅឆ្នាំនេះ ដោយធ្វើឱ្យចំនួនមហាសេដ្ឋីនៅក្នុងវិស័យនេះឡើងដល់៣២៨នាក់ ហើយមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបានទៅលើលោក រ៉េនហូល វូអ៊ឺស (Reinhold Wuerth)អាយុ៨៩ឆ្នាំ ដោយលោកមានទ្រព្យសុទ្ធជាង៣៤ពាន់លានដុល្លារ។ រីឯវិស័យម៉ូតសម្លៀកបំពាក់ និងលក់រាយបានកើនឡើងចំនួនមហាសេដ្ឋីចំនួន១៩នាក់នៅឆ្នាំនេះ ធ្វើឱ្យចំនួនមហាសេដ្ឋីក្នុងវិស័យនេះឡើងដល់២៨៥នាក់។ លោក ប៊ឺណាត អាណុល (Bernard Arnault)អាយុ៧៥ឆ្នាំ នៅតែបន្តមានទ្រព្យសម្បត្តិច្រើនជាងគេរហូតដល់ជាង២១២ពាន់លានដុល្លារ។
ដោយឡែក វិស័យអាហារ និងភេសជ្ជៈ មានចំនួនមហាសេដ្ឋីសរុប២១០នាក់ នៅឆ្នាំនេះ ដោយបានកើនឡើង៨% បើធៀបនឹងឆ្នាំមុន ក្នុងនោះលោក ថូដ ក្រេវ (Todd Graves) ស្ថាបនិកក្រុមហ៊ុន Raising Cane គឺជាអ្នកមានទ្រព្យនាំមុខគេនៅក្នុងវិស័យមួយនេះជាមួយនឹងទ្រព្យសម្បត្តិសុទ្ធជាង៩ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៦ ខែមេសា៕
អត្ថបទ៖ សុខ មង្គល