ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា

ធនាគារជាតិរំពឹងកំណើនសេដ្ឋកិច្ចកម្ពុជា ៧% នៅឆ្នាំ២០២០ ខណៈកំណើនឆ្នាំ២០១៩ មាន ៧,១%


បន្ទាប់ពីឆ្នាំ២០១៩ត្រូវបានបិទបញ្ចប់ទៅថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានរំពឹងទុកសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅឆ្នាំ២០២០នេះថា នឹងនៅតែរឹងមាំ ដែលអាចនឹងសម្រេចបានក្នុងរង្វង់៧% ជាមួយនឹងកម្រិតអតិផរណាប្រមាណ ២,៣% ខណៈដែលកាលពីឆ្នាំ២០១៩កន្លងទៅនេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន៧,១% ជាមួយនឹងអតិផរណាជាមធ្យម ១,៩%។
ចិន អាមេរិក កំពុង​សម្លឹង​មើល​ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា។
ដោយ

របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និងវិស័យ​ធនាគារ​ឆ្នាំ២០១៩ និងទស្សនវិស័យ​ឆ្នាំ២០២០ របស់ធនាគារជាតិ​ ដែលបាន​ចេញផ្សាយ​នៅដើមខែ​មករានេះ បាន​ឲ្យដឹងថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅឆ្នាំនេះ រំពឹងថា នឹង​សម្រេចបាន​ក្នុងរង្វង់​៧%។ ​ការរំពឹងទុកនេះ ធនាគារជាតិ​ផ្អែក​ទៅលើ​ការព្យាករ​ពីការ​ងើបឡើងវិញ​នៃសេដ្ឋកិច្ច​ពិភពលោក ដែលនឹងរួមចំណែក​ផ្ដល់ភាពអំណោយផល​ដល់ការនាំចេញ, វិនិយោគិនបរទេស និងវិស័យទេសចរណ៍​កម្ពុជា។ ជាមួយគ្នានេះ ការនាំចេញ រំពឹងថា នឹង​បន្តមានកំណើន​ក្នុងអត្រា​ខ្ពស់​ ពិសេស​ការនាំចេញទំនិញ​សម្រាប់ធ្វើដំណើរ​ ទំនិញកម្មន្ដសាលផ្សេងៗ ទោះបីជា​កំណើន​ការនាំចេញ​សម្លៀកបំពាក់​អាចថមថយ​ល្បឿន​ក៏ដោយ។
ធនាគារជាតិ​បាន​គូសបញ្ជាក់ទៀតថា បើទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​កំពុងរងការគំរាមកំហែង​ពីហានិភ័យនៃ​ការ​ដកអនុគ្រោះពន្ធ​ EBA ដោយសហភាពអឺរ៉ុបក្ដី ប៉ុន្ដែការនាំចេញ​សម្លៀកបំពាក់​របស់កម្ពុជា​រំពឹងថា នឹងនៅតែបន្ដ​កំណើនវិជ្ជមាន។ 

ធនាគារជាតិ​បានព្យាករថា សម្រាប់ឆ្នាំ២០២០ ការនាំចេញ​របស់កម្ពុជា​នឹងមានកំណើន​១៣% ខណៈដែល​កាលពីឆ្នាំ២០១៩ មានកំណើន ១៥%។ ក្នុងនោះ​ការនាំចេញ​សម្លៀកបំពាក់​ ដែលជា​ផលិតផល​នាំចេញ​ដ៏សំខាន់របស់​កម្ពុជា​រំពឹងថា នឹង​កើនឡើង​ដល់​ជិត​៩ពាន់លាន​ដុល្លារអាមេរិក។

ទីផ្សារ​សំខាន់ៗ​សម្រាប់​ការនាំចេញ​មុខទំនិញ​របស់កម្ពុជា​មានដូចជា​សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អាស៊ាន អង់គ្លេស និងជប៉ុនជាដើម។

ដោយឡែក​សម្រាប់​ការនាំចូលវិញ នៅឆ្នាំ២០២០នេះ ធនាគារជាតិ​បានព្យាករថា កម្ពុជា​នឹង​មានការនាំចូល​រហូតដល់ទៅប្រមាណ ២៥ ពាន់លាន​ដុល្លារអាមេរិក កើនឡើង​១៨% ធៀបនឹងឆ្នាំ២០១៩ ដែលមាន​ការនាំចូលប្រមាណ​២០ពាន់លាន​ដុល្លារអាមេរិក។ ផលិតផល​ដែលកម្ពុជា​មានតម្រូវការ​នាំចូលខ្លាំងនោះ មានដូចជា វត្ថុធាតុដើម​សម្រាប់វិស័យ​កាត់ដេរសម្លៀកបំពាក់ យានយន្ដ ប្រេងឥន្ធនៈ សម្ភារៈ និងបរិក្ខារសំណង់ និងម្ហូបអាហារ និងភេសជ្ជៈ។ 

ចំពោះវិស័យទេសចរណ៍វិញ នៅឆ្នាំ២០២០នេះ ត្រូវបាន​ព្យាករថា ចំនួនភ្ញៀវទេសចរ​មកកម្ពុជា​នឹងថយចុះកំណើន​មកនៅ​៦,១%វិញ ខណៈដែលឆ្នាំ២០១៩​មានកំណើន ៨,៧%។ យ៉ាងណាមិញ នៅឆ្នាំ២០១៩ ភ្ញៀវទេសចរ​មកដល់កម្ពុជា​សរុប​មានចំនួន៦លាន ៧សែននាក់ ក្នុងនោះ ភ្ញៀវជនជាតិចិនចិន មាន២លាន​៦សែននាក់ ដែលមានចំណែក ៣៨,៦% នៃចំនួន​ទេសចរ​សរុប។ 

គួរបញ្ជាក់ដែរថា បើតាម​របាយការណ៍​ធនាគារជាតិ​ កំណើនសេដ្ឋកិច្ច ៧,១% កាលពីឆ្នាំ២០១៩ ត្រូវបានគាំទ្រ​ដោយកំណើន​នៃការនាំចេញ ជាពិសេស​សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់​ធ្វើដំណើរ។ មួយវិញទៀត ក៏មានការចូលរួម​របស់កំណើន​ក្នុងវិស័យសំណង់ និងទេសចរណ៍។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ច​កម្ពុជា​បន្តទាក់ទាញ​វិនិយោគិន​ផ្ទាល់ពីបរទេស ជាពិសេស វិស័យ​ហិរញ្ញវត្ថុ កម្មន្ដសាល សំណង់ និងអចលនទ្រព្យ និងវិស័យពាក់ព័ន្ធ​នឹងការស្នាក់នៅ។ ដោយឡែក​សម្រាប់វិស័យ​កសិកម្មវិញ ដ្បិតថា កំណើន​ក្នុងវិស័យនេះ មានការធ្លាក់ចុះទាបក្ដី ប៉ុន្ដែ​វាក៏បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ឆ្នាំ២០១៩ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាស្រូបទាញបាន៣,៦ ពាន់លានដុល្លារពីលំហូរទុនវិនិយោគផ្ទាល់បរទេសឆ្នាំ២០១៩

ព័ត៌មាន
កម្ពុជាស្រូបទាញបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសប្រមាណ ៣,៦ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៩ ដែលបានកើនឡើង១២% ធៀបនឹងឆ្នាំ ២០១៨កន្លងទៅ ដ…

តម្លៃប្រេងឆៅហក់កើនឡើងដល់ ៧០ ដុល្លារក្នុងមួយបារ៉ែល ខណៈភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កើនឡើង

ព័ត៌មាន
តម្លៃប្រេងបានបន្ដហក់កើនឡើងគិតត្រឹមថ្ងៃចន្ទ ទី៦ មករានេះ ខណៈដែលភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង កំពុងតែបន្តកើនឡើងក្ដៅឡើងៗ ក្រោយពីសហរដ្ឋអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ