បើតាម ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គោលបំណងនៃសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ដែលរាជរដ្ឋាភិបាលទើបសម្រេចអនុម័តទាំងស្រុងនេះ គឺដើម្បីកំណត់អំពីគោលការណ៍ និងវិធានស្ដីពីដើមកំណើតនៃទំនិញនាំចេញ-នាំចូល, ជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គូសបញ្ជាក់ថា នៅពេលដែលកម្ពុជាមានច្បាប់ស្ដីពីវិធានដើមកំណើតទំនិញនេះ គឺជារឿងដែលល្អមែនទែន ដើម្បីអាចរក្សាប្រភពដើមទំនិញបានច្បាស់លាស់ ពោលគឺដូចជាផលិតផលកសិកម្ម ដែលកម្ពុជាបានខិតខំដើម្បីអាចចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញជាដើម។ ខណៈកន្លងមកមានការចោទប្រកាន់ថា មានការនាំទំនិញពីប្រទេសផ្សេង ដោយចម្លងតាមកម្ពុជា ដើម្បីនាំទៅកាន់បណ្តាប្រទេសដែលបានផ្តល់ការអនុគ្រោះពន្ធឱ្យកម្ពុជា។ ដូច្នេះដើម្បីជៀសវាងការចោទប្រកាន់នេះ កម្ពុជាត្រូវមានច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ ដើម្បីការពារផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ក៏ដូចការអនុគ្រោះពន្ធផ្សេងៗ ពីការធ្វើពាណិជ្ជកម្មនេះឱ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីរក្សាគុណតម្លៃទំនិញដែលផលិតនៅកម្ពុជា ក៏ដូចជាផលិតផលដែលមានវត្ថុធាតុដើមនៅកម្ពុជាផងដែរ។
បើតាមការបញ្ជាក់ពី ឯកឧត្តម ផៃ ស៊ីផាន អត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ គឺកំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្នកម្ពុជាពុំទាន់មានច្បាប់ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឡើយទេ ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។ ទន្ទឹមនេះ នឹងផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាសេនាធិការទទួលបន្ទុកលើការទទួលសំអាងដើមកំណើតទំនិញ ក្នុងការអនុវត្តការងារទាក់ទងនឹងវិធានដើមកំណើតទំនិញនេះ។ ព្រមទាំងជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកផងដែរ៕