ការកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ី

តើអឺរ៉ុប នឹងអាចដើរតាមអាមេរិកកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីដែរ ឬយ៉ាងណា?


ចំណាត់ការរបស់ប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃដិនកាលពីថ្ងៃអង្គារបានប្រកាសថា នឹងកាត់ផ្ដាច់សៃឈាមសំខាន់មួយនៃសេដ្ឋកិច្ចរុស្ស៊ី ដោយបានហាមប្រាមការនាំចូលប្រេង និងឧស្ម័នគ្រប់បែបយ៉ាងពីរុស្សីមកក្នុងសហរដ្ឋអាមេរិក។ អាមេរិកក៏កំពុងអូសទាញឲ្យប្រទេសអឺរ៉ុបដើរតាមខ្លួន ក្នុងការដាក់ទណ្ឌកម្មហាមាត់នាំចូលប្រេងពីរុស្ស៊ីនេះដែរ ប៉ុន្តែគេមិនដឹងច្បាស់ទេថា តើបណ្តាប្រទេសអឺរ៉ុបដែលពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ីអាចធ្វើតាមសហរដ្ឋអាមេរិកដែរឬយ៉ាងណានោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅពិភពលោកកើនឡើងខ្ពស់ ដល់១៣០ដុល្លារក្នុងមួយធុងបារ៉ែល

ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច ជុំវិញ​ការ​ឈ្លានពាន​របស់​ទីក្រុង​មូ​ស្គូ​លើ​អ៊ុយ​ក្រែ​ន​កាលពី​ដំបូង បាន​ព្យាយាម​ធ្វើ​យ៉ាងណា​ជៀសវាង​ពី​ការ​ផ្តោត​គោលដៅ​លើ​វិស័យ​ប្រេង និង​ឧស្ម័ន​នេះ ដើម្បី​ការពារ​កុំឱ្យ​មានការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​។ ហើយ​នេះ​ក៏​ជា​ក្តី​បារម្ភ​សំខាន់​មួយ​សម្រាប់​លោក ចូ ប៉ៃ​ដិ​ន នៅ​ពេល​ដែល​អា​មេ​រិ​ក​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​អតិផរណា ដែល​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៤ ទសវត្សរ៍​ចុង​ក្រោយ​នេះ​ផង​ដែរ​។

បើ​ទោះជា​បែប​នេះ​ក្ដី លោក ចូ ប៉ៃ​ដិ​ន បាន​និយាយ​ក្នុង​សុន្ទរកថា​ថា រដ្ឋាភិបាល​អា​មេ​រិ​កបាន​និង​កំពុង​កំណត់​គោលដៅ ក្នុង​ការ​កាត់​ផ្ដាច់ដង្ហើម​សេដ្ឋកិច្ច​សំខាន់​របស់​រុ​ស្ស៊ី តាម​រយៈ​ការ​ហាមឃាត់​ផ្សេង​ៗ​គ្រប​ដែល​ដណ្តប់​លើ​ឧស្ម័ន​ធម្មជាតិ​រាវ និង​ធ្យូងថ្ម រួម​ជាមួយនឹង​ប្រេង ក៏​ដូច​ជា​ការ​វិនិយោគ​របស់​អា​មេ​រិ​ក ឬ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុមហ៊ុន​ផលិត​ថាមពល​រុ​ស្ស៊ី​ជាដើម​។ 

ការ​ប្រកាស​របស់​អា​មេ​រិ​ក​បែប​នេះ គួប​ផ្សំ​នឹង​ការ​អូស​បន្លា​យូរ​នៃ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ពិភពលោក​មានការ​កើនឡើង​កាន់តែ​ខ្ពស់​។ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែមីនា ទីផ្សារ​ប្រេង​ឆៅ​អង់គ្លេស​បាន​កើន​ដល់​ជាង ១៣០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ​ប្រេង​ឆៅ​នៅ​អា​មេ​រិ​ក​មាន​តម្លៃ ជិត​១២៦​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​។

មន្ត្រីជាន់ខ្ពស់​ទីក្រុង​ម៉ូ​ស្គូ បាន​ចេញ​មុខ​អះអាង​ថ្មី​ៗ​នេះ ប្រសិនបើ​ប្រទេស​លោក​ខាងលិច ពិសេស​អឺរ៉ុប​ហ៊ាន​តែ​ដាក់​ទណ្ឌកម្ម​មក​លើ​រុ​ស្ស៊ី តាម​រយៈ​ការ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង និង​ឧស្ម័ន ពី​រុ​ស្ស៊ី​មែន​នោះ តម្លៃ​ប្រេង​ឆៅ​ពិភពលោក​អាច​នឹង​កើន​ដល់ ៣០០​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​ជាក់​ជា​មិន​ខាន​ឡើយ​។

គួរ​ជម្រាប​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​អាច​បោះ​ជំហាន​ទៅ​កាត់​ផ្ដាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​នេះ ក៏​ដោយសារ​តែ​ប្រទេស​រុ​ស្ស៊ី​មាន​ចំណែក​តូច​មួយ​ប៉ុណ្ណោះ នៃ​តម្រូវការ​ថាមពល​របស់​អា​មេ​រិ​ក​។ ជាក់ស្ដែង​ទិន្នន័យ​ពី​រដ្ឋបាល​ព័ត៌មាន​ថាមពល​បង្ហាញ​ថា សហរដ្ឋអាមេរិក​ទទួល​បាន​ប្រភព​ត្រឹមតែ​ប្រហែល ៧% នៃ​ការ​នាំ​ចូល​ប្រេង​ឆៅ និង​ផលិតផល​ប្រេង​ពី​ប្រទេស​រុ​ស្ស៊ី​កាលពី​ឆ្នាំ​មុន​។ ដោយឡែក ចក្រភព​អង់គ្លេស ដែល​មិនសូវ​ពឹងផ្អែក​លើ​ប្រេង​ឆៅ​របស់​រុ​ស្ស៊ី​ដែរ​នោះ ក៏​នឹង​បញ្ឈប់​ការ​នាំ​ចូល​ប្រេង និង​ផលិតផល​ប្រេង​ពី​ប្រទេស​រុ​ស្ស៊ី​នៅ​ចុងឆ្នាំ​នេះ​ផង​ដែរ​។ តែ​ផ្ទុយ​ទៅ​វិញ ចំពោះ​ប្រទេស​អា​ល្លឺ​ម៉​ង់ បើ​ទោះបីជា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មានការ​នាំ​ចូល​ប្រេង​ពី​ភព​ផ្សេង​ៗ​បន្ថែម​ទៀត​ក្រៅពី​រុ​ស្ស៊ី​ក៏​ដោយ ប៉ុន្ដែ អធិការបតី​អា​ល្លឺ​ម៉​ង់​លោក Olaf Scholz បានឱ្យ​ដឹង​ថា​ការ​នាំ​ចូល​ថាមពល​ពី​ប្រទេស​រុ​ស្ស៊ី​នៅ​តែ​ចាំបាច់​។

យ៉ាងណាមិញ ជុំវិញ​បញ្ហា​នេះ រដ្ឋបាល លោក ចូ ប៉ៃ​ដិ​ន  មាន​គោលបំណង​នាំ​យក​ប្រេង​ពី​ប្រទេស​ផ្សេង​ៗ ដើម្បី​កាត់​បន្ថយ​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​។ ក្នុង​នោះ សហរដ្ឋអាមេរិក​បាន​សម្លឹង​មើលទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​បានឱ្យ​ប្រទេស​នេះ​បង្កើន​ទិន្នផល​ប្រេង​របស់​ខ្លួន ហើយ​ទំនងជា​អា​មេ​រិ​ក​នឹង​នាំ​ចូល​ប្រេង​ពី​ប្រទេស​នេះ​ជំនួស​រុ​ស្ស៊ី​វិញ ទោះបីជា​ទំនាក់ទំនង​រវាង​ភាគី​ទាំង​ពីរ​មិនសូវ​ជា​ចុះសម្រុង​នឹង​គ្នា​ក៏​ដោយ​៕ 

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិនៅអ៊ុយក្រែននឹងមិនប៉ះពាល់មហិច្ឆតាចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅឆ្នាំ ២០៣០ឡើយ

ព័ត៌មាន
ទីប្រឹក្សាជាន់ខ្ពស់របស់ទីក្រុងប៉េកាំង បានឱ្យដឹងថា សង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែននឹងមិនបញ្ឈប់ការជំរុញរបស់ចិន ដើម្បីនាំមុខសសហរដ្ឋអាមេរិក …

អូស្ត្រាលី និងឥណ្ឌាកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

ព័ត៌មាន
ប្រទេសអូស្ត្រាលី និងឥណ្ឌាត្រូវបានគេរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបណ្តោះអាសន្ននៅក្នុងខែមីនានេះ ខណៈដែលប្រទេសទាំងពីរស្វែងរកការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ