លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមបានចាត់ទុកការសម្រេចឱ្យឈប់ដាក់រង្វាន់តាមក្រវិលកំប៉ុង និងគម្របដបស្រាបៀរ និងភេសជ្ជមានជាតិស្ករ ពិសេសភេសជ្ជប៉ូវកម្លាំងនេះ គឺជាវិធានការមួយជួយលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយការទាក់ទាញឱ្យសាកល្បង ឬសេពគ្រឿងស្រវឹង និងភេសជ្ជទាំងនេះ។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះយល់ថា រដ្ឋាភិបាលគួរតាមដាន ឬចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពនៃកាងអនុវត្តវិធានការនេះ។ សម្រាប់អ្នកជំនាញរូបនេះ បន្ថែមលើការឈប់ឱ្យមានការដាក់រង្វាន់ រាជរដ្ឋាភិបាលត្រូវបង្កើនការអប់រំផ្សព្វផ្សាយបន្ថែមអំពីផលប៉ះពាល់ នៃការទទួលទានគ្រឿងស្រវឹង និងភេសជ្ជផ្អែមឱ្យបានទូលំទូលាយថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម កត់សម្គាល់ឃើញថា ការធ្វើទីផ្សារតាមរយៈការផ្តល់រង្វាន់កន្លងមកបានក្លាយជាបញ្ហាចាក់ស្រេះ ដែលអូសទាញពលរដ្ឋឱ្យចំណាយខ្ជះខ្ជាយ និងប៉ះពាល់សុខភាពធ្ងន់ធ្ងរ ខណៈលោកហាក់បារម្ភពីប្រសិទ្ធភាពនៃការអនុវត្តវិធានឈប់ផ្តល់រង្វាន់ ដែលទើបដាក់ចេញថ្មី។ អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ការសេពគ្រឿងស្រវឹង និងភេសជ្ជផ្អែមកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិ ដូច្នេះរាជរដ្ឋាភិបាលគួរដំឡើងពន្ធលើផលិតផលទាំងនេះឱ្យខ្ពស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ និងបង្កើនចំណូលថវិការជាតិ។
ដោយឡែក ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន យល់ឃើញថា ការប្រកួតប្រជែងលើទីផ្សារគួរផ្តោតលើគុណភាព សុវត្ថិភាព និងសុខុមាលភាពសង្គមជាជាងការប្រជែងគ្នាយកចំណែកទីផ្សារតាមរយៈវិធីសាស្ត្រ ដែលបង្កហានិភ័យដល់អ្នកប្រើប្រាស់ និងសង្គម។ ឯកឧត្តម បានគូសបញ្ជាក់ថា កន្លងមកក្រសួងព័ត៌មាន បានចេញប្រកាសមួយស្តីពីការកំណត់អំពីបែបបទនីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដើម្បីគ្រប់គ្រង និងធានាសណ្តាប់ធ្នាប់ នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ពិសេសគ្រប់គ្រងការផ្សាយផលិតផល និងការអនុវត្តហួសហេតុ ដែលអាចបង្កផលវិបាកប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់បញ្ចូលទាំងអនីតិជន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានហាមឃាត់ការផ្ដល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្ដល់រង្វាន់តាមទម្រង់ផ្សេងៗសម្រាប់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជមានជាតិស្ករ ជាពិសេសភេសជ្ជប៉ូវកម្លាំង ចាប់ពីថ្ងៃទី១ ខែតុលា តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៕