ដំណាំទុរេន

អ្នកជំនាញស្នើក្រសួងស្ថាប័នពាក់ព័ន្ធបង្កើតនិមិត្តសញ្ញាសម្គាល់ទុរេនខ្មែរ ដើម្បីចៀសវាងការក្លែងបន្លំ


​​ស្របពេលរដូវកាលប្រមូលផលទុរេនខ្មែរកំពុងចាប់ផ្ដើម អ្នកជំនាញ និងតំណាងកសិករ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើតកំណត់សម្គាល់ ឬស្លាកសញ្ញាសម្គាល់ឱ្យបានច្បាស់លាស់លើផ្លែទុរេនក្នុងស្រុក។ វិធានការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការយកទុរេននាំចូលពីប្រទេសជិតខាងមកបន្លំជាទុរេនខ្មែរ ដែលកំពុងបង្កផលប៉ះពាល់ដល់ដាំទុរេនក្នុងស្រុក និងទំនុកចិត្តរបស់អ្នកបរិភោគ។
ដំណាំទុរេន
ដោយ

លោក ហេង ឆេងលី ប្រធានសហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ការមិនអាចកំណត់បានចំពោះទុរេននាំចូល កំពុងបង្កការរំខានដល់អ្នកទិញ ដែលគាំទ្រទុរេនក្នុងស្រុក។ បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះគេអាចសម្គាល់លើផ្នែកមួយចំនួន នៃទុរេននាំចូលមកកម្ពុជា ដូចជាផ្នែកទង បន្លា និងសម្បុរជាដើម។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការសម្គាល់ទាំងនេះមិនអាចត្រឹមត្រូវ១០០% នោះទេ ព្រោះអ្វីៗគេអាចធ្វើតម្រូវទីផ្សារបាន។ បើតាមការគូសបញ្ជាក់របស់ប្រធានសហគមន៍រូបនេះ បច្ចុប្បន្នសហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ កំពុងសហការជាមួយមន្រ្តីជំនាញបង្កើតនិមិត្តសញ្ញាសម្គាល់ទុរេននៅក្នុងសហគមន៍ ដើម្បីបង្កើតទំនុកចិត្តដល់អ្នកគាំទ្រទុរេនក្នុងស្រុក។

ស្រដៀងគ្នានេះដែរ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន យល់ឃើញថា ការខ្វះប្រព័ន្ធកំណត់អត្តសញ្ញាណរវាងទុរេននាំចូល និងទុរេនដាំក្នុងស្រុកច្បាស់លាស់ នឹងធ្វើឱ្យកសិករខាតបង់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ តែទោះជាយ៉ាងណាក៏ដោយ លោកលើកទឹកចិត្តឱ្យម្ចាស់ចម្ការនៅតាមបណ្តាខេត្តមានសក្ដានុពលនានា គួររួមគ្នាចងក្រងជាបណ្តាញ និងប្រើប្រាស់ស្លាកសញ្ញាសម្គាល់ប្រចាំតំបន់របស់ខ្លួន ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន។

ដោយឡែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា ការហូរចូលទុរេន និងផលិតមានតម្លៃទាបពីប្រទេសជិតខាងមកកម្ពុជា ក៏ដោយសារតែផលិតផលរបស់ពួកគេមានបញ្ហា និងខុសស្តង់ដា ហើយមិនអាចនាំចេញទៅទីផ្សារបរទេសបាន។ ការណ៍នេះ វានឹងបង្កផលប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ផលិតផលខ្មែរនៅលើទីផ្សារ។ បើតាមអ្នកឧកញ៉ា លឹម ហេង សមត្ថកិច្ចជំនាញគួរមានសញ្ញាសម្គាល់លើផលិតផលនាំចូល ដើម្បីចៀសវាងការក្លែងបន្លំជាផលិតផលខ្មែរ។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះត្រួតពិនិត្យលើទីតាំងមួយចំនួន ដើម្បីរាំងខ្ទប់ការលួចនាំចូលទំនិញហាមឃាត់ ជាពិសេសទុរេនពីប្រទេសជិតខាង ដែលនាំចូលមកបន្លំជាផលិតផលខ្មែរ។ ចំណាត់ការនេះធ្វើឡើងដើម្បីការពារផលប្រយោជន៍កសិករក្នុងស្រុក ខណៈដែលទុរេនខ្មែរកំពុងចាប់ផ្តើមប្រមូលផល និងមានតម្លៃខ្ពស់នៅលើទីផ្សារ។ មកទល់ពេលនេះ ទុរេនរបស់កម្ពុជាត្រូវបាននាំចេញទៅទីផ្សារចិនជាបណ្ដើរៗហើយដោយអនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើយន្តការ UNCLOS អាចជួយពន្លឿន និងមានប្រសិទ្ធភាពកម្រិតណាក្នុងការដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ?

​​ស្ថានភាពព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ កំពុងស្ថិតក្នុងភាពតានតឹងថ្មី បន្ទាប់ពីភាគីថៃ បានប្រកាសលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់…

ចិន ត្រូវបានគេមើលឃើញថា នឹងក្លាយជាអ្នកស្រោចស្រង់សន្តិភាពថ្មីក្នុងសង្គ្រាមអ៊ីរ៉ង់ ក្រោយការសម្របសម្រួលរបស់ប៉ាគីស្ថានទាល់ច្រក

ខណៈដែលកិច្ចប្រឹងប្រែងសម្របសម្រួលសន្តិភាពរបស់ប៉ាគីស្ថាន ក្នុងវិបត្តិសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ហាក់កំពុងជួបស្ថានភាពទាល់ច្រក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ