ចិន-កោះតៃវ៉ាន់

ស្ថានការណ៍កោះតៃវ៉ាន់តានតឹងខ្លាំងជាថ្មីទៀត ខណៈចិនបើកធ្វើសមយុទ្ធទ្រង់ទ្រាយធំបែបវាយប្រហារក្បែរកោះនេះ


ក្រសួងការពារជាតិចិនដីគោក និងកោះតៃវ៉ាន់បានឱ្យដឹងព្រមៗគ្នាថា យោធាចិនពិតជាបានធ្វើសមយុទ្ធបែបវាយប្រហារទ្រង់ទ្រាយធំមួយពិតមែននៅក្បែរនឹងដែនកោះតៃវ៉ាន់។ សមយុទ្ធដែលចាប់ផ្តើមតាំងតែពីថ្ងៃអាទិត្យទី៨ខែមករា រួមបញ្ចូលដោយវត្តមានយន្តហោះចម្បាំង និងនាវាចម្បាំងទៀតផង។ សមយុទ្ធនេះធ្វើឡើងស្របពេលដែលគណៈប្រតិភូមកពីប្រទេសអាល្លឺម៉ង់កំពុងតែបំពេញទស្សនកិច្ច នៅកោះប្រជាធិបតេយ្យមួយនេះ។
ប៉េកាំងធ្វើសមយុទ្ធវាយប្រហារសាជាថ្មីក្បែរកោះតៃវ៉ាន់

ភាគីទាំងពីរបានរិះគន់គ្នាទៅវិញទៅមក ដោយតៃវ៉ាន់បានរិះគន់ចិនចំពោះសមយុទ្ធដែលមានលក្ខណវាយប្រហារនៅក្បែរដែនកោះខ្លួន ខណៈភាគីចិនវិះគន់ក្រុងតៃប៉ិ ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូបរទេស មកលើដែនកោះដែលខ្លួនអះអាងថាស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ចំពោះសមយុទ្ធយោធារបស់ប្រទេសចិន ត្រូវបានក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា បានចាប់ធ្វើឡើងតាំងពីពីថ្ងៃអាទិត្យសប្តាហ៍មុនម្ល៉េះ។ អាជ្ញាធរក្រុងតៃប៉ិ កំពុងឃ្លាំមើលយ៉ាងដិតដល់ ពិសេសតាមដានពីសកម្មភាពប្រព័ន្ធមីស៊ីលយន្តហោះចម្បាំង និងនាវាចម្បាំងរបស់កងទ័ពជើងទឹក ចិនដែលកំពុងហាត់សមនៅក្បែរកោះ។

ភាគីតៃវ៉ាន់បានរិះគន់រដ្ឋអំណាចប៉េកាំងខ្លាំងៗចំពោះសកម្មភាពខាងលើ ដោយបាននិយាយថា សកម្មភាពរបស់ទីក្រុងប៉េកាំងបានរំខានយ៉ាងខ្លាំងដល់សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងដែនទឹកដែលនៅជុំវិញ។ យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះសមយុទ្ធនេះ ព្រោះសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ក៏ដូចជាតំបន់ទាំងមូល គឺជាការទទួលខុសត្រូវរួមគ្នារបស់តៃវ៉ាន់និងចិនដីគោ

គួរជម្រាបថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ កងទ័ពរំដោះប្រជាជនចិនបានបញ្ចូនយន្តហោះចម្បាំងចំនួន ៥៧គ្រឿង និងនាវាចម្បាំង ៤គ្រឿងមកកៀកនឹងកោះតៃវ៉ាន់ ហើយក្នុងនោះយន្តហោះចំនួន២៨គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់ខណ្ឌចែកពាក់កណ្តាលរវាងចិនដីគោក និងកោះតៃវ៉ាន់ នៃច្រកសមុទ្រតៃវ៉ាន់។ ចិនបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ Su-30 និង J-16 ខណៈដែលយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់បែកនុយក្លេអ៊ែរចំនួនពីរគ្រឿងក៏បានចល័តមកកាន់ភាគខាងត្បូងនៃកោះតៃវ៉ាន់ផងដែរ។ នេះបើតាមផែនទីដែលបានបង្ហាញដោយកងការពារជាតិកោះតៃវ៉ាន់។

ដោយឡែក ប្រតិភូមកពីប្រទេសអាល្លឺម៉ង់ លោកស្រី ម៉ារី អេកនេស ស្រ្តាក ហ្សីម័រមេន (Marie-Agnes Strack-Zimmermann) បានដឹកនាំគណៈកម្មាធិការការពារជាតិរបស់សភាអាល្លឺម៉ង់មកដល់កោះតៃវ៉ាន់កាលពីថ្ងៃទី៩ខែមករា។ ក្នុងនោះ សមាជិកសភាអាល្លឺម៉ង់នឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ក៏ដូចជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់តៃវ៉ាន់ និងក្រុមប្រឹក្សាកិច្ចការដីគោក ដែលនឹងជជែកដោះស្រាយបញ្ហាទាក់ទិននឹងប្រទេសចិនផងដែរ។

ចំពោះសវត្តមានមន្ត្រីជាន់ខ្ពស់សភាជាតិអាល្លឺម៉ង់ ទៅកោះតៃវ៉ាន់វិញបានរងការរិះគន់មិនសម្ចៃមាត់ពីអ្នកនាំពាក្យរដ្ឋាភិបាលក្រុងប៉េកាំង។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វីនប៊ីន បានប្រាប់ឱ្យក្រុងប៊ែរឡាំង បែរក្រោយមើលប្រវត្តិសាស្ត្រដូរជូរចត់ដែលខ្លួនបានសាង និងបានរងទុក្ខ កាលពីសម័យសង្គ្រាមលោកទាំងពីរលើក ហើយដោយសារតែ អនុត្តរភាព អាណានិគមនិយម យោធានិយម និងជាតិនិយមជ្រុលនេះហើយ បានធ្វើឱ្យសង្គ្រាមរីករាលដាលនៅទូទាំងពិភពលោក។ ជាចុងក្រោយចិន បានសំណូមពរឱ្យអាល្លឺម៉ង់ទៅពិនិត្យមើលគោលការណ៍ចិនតែមួយឡើងវិញ និងគោរពគោលការណ៍នេះឱ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងស្ថានការក្តៅគកុកនៅច្រកសមុទ្រតៃវ៉ាន់នេះដែរ ក្រុមអ្នកស្រាវជ្រាវនិងតាមដានស្ថានការណ៍ របស់អាមេរិកកាលពីថ្ងៃចន្ទទី៩មករា ទើបតែចេញផ្សាយរបាយការណ៍ថ្មីមួយរបស់ខ្លួនអំពីលទ្ធភាព និងសេណារីយ៉ូនៃការឈ្លានពានរបស់ចិនលើកោះតៃវ៉ាន់។ បើតាមការប៉ាន់ស្មានរបស់ពួកគេ ទីក្រុងប៉េកាំងទំនងជាមិនអាចជោគជ័យក្នុងការដណ្តើមយកកោះតៃវ៉ាន់ដោយការប្រើកម្លាំងយោធាក្នុងឆ្នាំ២០២៦នោះទេ ប៉ុន្តែបើជម្លោះនេះពិតជាកើតឡើងមែន ក្រុមអ្នកស្រាវជ្រាវដដែលលើកឡើងថាភាគីទាំងពីរនឹងធ្វើឱ្យមានការបំផ្លិចបំផ្លាញដ៏មហាសាលនៅច្រកសមុទ្រតៃវ៉ាន់ ជាមួយនឹងចំនួនអ្នកស្លាប់និងរបួសសរុបរាប់ម៉ឺននាក់ ហើយក៏ទំនងនឹងទាញប្រទេសជប៉ុន សហរដ្ឋអាមេរិកឱ្យធ្លាក់ចូលក្នុងជម្លោះប្រដាប់អាវុធនេះជាមួយខ្លួនទៀតផង៕




អត្ថបទបន្ទាប់


វៀតណាម នៅតែនាំមុខគេក្នុងតំបន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសនៅឆ្នាំ២០២២

វៀតណាម នៅតែជាគោលដៅទាក់ទាញដ៏ធំមួយសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០២២កន្លងទៅ ដោយមានកំណើនប្រមាណ១៣%។ ក្នុងនោះ វិស័យផលិត និងកែច្…

របាយការណ៍UN៖ ស្រទាប់អូហ្សូនការពារផែនដីដែលធ្លុះធ្លាយកំពុងប្រសើរឡើងបណ្ដើរៗ និងអាចសះស្បើយ១០០%មកវិញនៅឆ្នាំ២០៦៦

របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ស្រទាប់អូហ្សូនការពារផែនដីដែលបានខូចខាតធ្លុះធ្លាយកំពុងតែជាសះស្បើយវិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ