របាយការណ៍UN អំពីស្រទាប់អូហ្សូន

របាយការណ៍UN៖ ស្រទាប់អូហ្សូនការពារផែនដីដែលធ្លុះធ្លាយកំពុងប្រសើរឡើងបណ្ដើរៗ និងអាចសះស្បើយ១០០%មកវិញនៅឆ្នាំ២០៦៦


របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ស្រទាប់អូហ្សូនការពារផែនដីដែលបានខូចខាតធ្លុះធ្លាយកំពុងតែជាសះស្បើយវិញសន្សឹមៗគួរឱ្យកត់សម្គាល់។ ភាពប្រសើរឡើងនៃស្រទាប់អូហ្សូនបណ្តើរៗនេះ នឹងឈានទៅបិទភ្ជិតកន្លែងដែលធ្លុះធ្លាយ ពិសេសនៅចំពីលើតំបន់ផ្ទាំងទឹកកកនៃទ្វីបអង់តាក់ទិកក្នុងរយៈពេលប្រហែល៤៣ឆ្នាំទៀត ពោលគឺនៅត្រឹមឆ្នាំ២០៦៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
ស្រទាប់អូហ្សូនការពារផែនដីដែលធ្លុះធ្លាយកំពុងប្រសើរឡើងបណ្ដើរៗ

ការវាយតម្លៃតាមបែបវិទ្យាសាស្ត្រនៅរៀងរាល់៤ឆ្នាំម្តងបានរកឃើញថា ស្រទាប់អូហ្សូនកំពុងព្យាបាលខ្លួនឯងឡើងវិញត្រង់កន្លែងដែលរងការខូចខាតដោយសារឧស្ម័នផ្ទះកញ្ចក់ នៅក្នុងរយៈពេលជាង ៣៥ឆ្នាំបន្ទាប់ពី ប្រទេសនានាលើពិភពលោកបានយល់ព្រមបញ្ឈប់ការផលិតសារធាតុគីមី ដែលប៉ះពាល់ស្រទាប់អូហ្សូនក្នុងបរិយាកាសផែនដី។ ស្រទាប់អូហ្សូនដែលជាខែលការពារភពផែនដីពី សារធាតុវិទ្យុសកម្មពីព្រះអាទិត្យ ដែលអាចបង្កគ្រោះថ្នាក់នាំឱ្យមានជំងឺមហារីកស្បែក ជំងឺភ្នែកឡើងបាយ និងការខូចខាតផលដំណាំផងដែរ។

លោក ផល ញូមែន (Paul Newman) សហប្រធាននៃការវាយតម្លៃផ្នែកវិទ្យាសាស្ត្រ បាននិយាយថា ពួកយើងបានឃើញពីភាពកាន់តែប្រសើរឡើងជាងមុនជាបណ្ដើរៗហើយ នៅ ស្រទាប់ខាងលើនៃបរិយាកាសផែនដី និងប្រហោងធ្លុះធ្លាយនៃស្រទាប់អូហ្សូន។

ទោះយ៉ាងណា របាយការណ៍ពីអង្គការសហប្រជាជាតិដដែលបានគូសបញ្ជាក់ថា ដំណើរការព្យាបាលស្រទាប់អូហ្សូននេះមានល្បឿនយឺតណាស់។ ជាក់ស្តែង បរិមាណអូហ្សូនជាមធ្យមដែលស្ថិតនៅកម្ពស់ ៣០គីឡូម៉ែត្រពីបរិយាកាសផែនដីអាចវិលត្រលប់ទៅរកកម្រិតធម្មតាវិញប្រហែលជានៅក្នុងឆ្នាំ២០៤០ឯណោះ ហើយវាអាចនឹងវិលទៅរកភាពធម្មតាវិញសម្រាប់តំបន់អាក់ទិក នៅត្រឹមឆ្នាំ២០៤៥។

គួរជម្រាបថា តំបន់អង់តាក់ទិកជាកន្លែងដែលមានស្រទាប់អូហ្សូនស្ដើងបំផុត និងតែងមានការធ្លុះធ្លាយប្រហោងធំៗនៅរៀងរាល់ឆ្នាំនៅក្នុងស្រទាប់របស់វា។ ដូចនេះជាមួយនឹងល្បឿងព្យាបាលខាងលើ តំបន់អង់តាទិក អាចជួសជុលអូហ្សូនបិទជិតពេញលេញវិញបានត្រូវចំណាយពេលដល់ឆ្នាំ២០៦៦។

ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកតស៊ូមតិផ្នែកបរិស្ថាននៅជុំវិញពិភពលោកបានសាទរជាយូរយារមកហើយចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាបាលស្រទាប់អូហ្សូននេះថាជាជ័យជម្នះដ៏ធំបំផុតមួយសម្រាប់មនុស្សជាតិដោយសារតែពិភពលោករួមគ្នាបង្កើតបានកិច្ចព្រមព្រៀងឆ្នាំ១៩៨៧ ដើម្បីហាមឃាត់សារធាតុគីមីមួយប្រភេទដែលត្រូវបានប្រើជារឿយៗក្នុងធុងហ្គាស់សម្រាប់ធ្វើឱ្យសីតុណ្ហភាពដូចជា ទូទឹកកក និងម៉ាស៊ីនត្រជាក់ជាដើម។

អគ្គលេខាធិការអង្គការឧតុនិយមពិភពលោកគឺលោកសាស្រ្តាចារ្យ ផេតធឺរី តាឡាស់(Petteri Taalas) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការព្យាបាលស្រទាប់អូហ្សូនកំពុងក្លាយជាគំរូល្អ សម្រាប់បេសសកម្ម ការពារការប្រែប្រួលអាកាសធាតុនានា។ ភាពជោគជ័យរបស់ពិភពលោកក្នុងការបញ្ឈប់សារធាតុគីមី ដែលទៅទម្លុះស្រទាប់អូហ្សូននេះបង្ហាញថា ពិភពលោកអាចធ្វើបាន និងត្រូវតែធ្វើបន្តទៀត ជាពិសេសបញ្ហាដែលត្រូវធ្វើជាបន្ទាន់ក្នុងពេលបច្ចុប្បន្នមួយចំនួន ដូចជាការផ្លាស់ប្តូរពីការប្រើឥន្ធនៈហ្វូស៊ីល កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងកំណត់ការកើនឡើងសីតុណ្ហភាពផែនដីជាដើម៕




អត្ថបទបន្ទាប់


ស្ថានការណ៍កោះតៃវ៉ាន់តានតឹងខ្លាំងជាថ្មីទៀត ខណៈចិនបើកធ្វើសមយុទ្ធទ្រង់ទ្រាយធំបែបវាយប្រហារក្បែរកោះនេះ

ព័ត៌មាន
ក្រសួងការពារជាតិចិនដីគោក និងកោះតៃវ៉ាន់បានឱ្យដឹងព្រមៗគ្នាថា យោធាចិនពិតជាបានធ្វើសមយុទ្ធបែបវាយប្រហារទ្រង់ទ្រាយធំមួយពិតមែននៅក្បែរនឹងដែនកោះ…

ទីបំផុត ប៉ាគីស្ថានទទួលបានជំនួយ ៩ ពាន់លានដុល្លារសម្រាប់ការស្ដារប្រទេសឡើងវិញ

ព័ត៌មាន
កាលពីថ្ងៃចន្ទទី០៩មករា បណ្ដាប្រទេស និងស្ថាប័នអន្តរជាតិជាច្រើនបានចូលរួមសន្និសិទ នៅការិយាល័យអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ហើយបានយល់ព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ